ចេញពីហូបការបងប្អូន ជិះម៉ូតូជ្រុលបុកគូទ រថយន្តលុច្ស ស៊ីស៤៧០ ស្លាប់ម្នាក់ របួសធ្ងន់ ២នាក់

ប្រភព៖ ដើមអម្ពិល
ភ្នំពេញ៖ យុវជនម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោច អាធ័មនៅនឹងកន្លែងកើតហេតុ ហើយនារី ២នាក់ទៀត ត្រូវរងរបួសធ្ងន់ធ្ងរ ដោយសារពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញហូបការ បងប្អូននៅខេត្តកណ្តាល ឆ្ពោះទៅផ្ទះ នៅខេត្តកំពង់ស្ពឺ ជ្រុលទៅបុកគូទរថយន្តលុច្សស៊ីស៤៧០ កំពុងបើកបរឆ្លងកាត់ផ្លូវជាតិ៣ យ៉ាងពេញទំហឹងកាល ពីម៉ោង ១០ នឹង៣០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ តាមបណ្តោយផ្លូវជាតិលេខ៣ កែងផ្លូវលេខ ៣០ម៉ែត្រ ក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

យុវជនរងគ្រោះថ្នាក់រហូតបាត់បង់ជីវិតខាងលើមានឈ្មោះ ហ៊ុយ សំអូន អាយុ ២៨ ឆ្នាំ។ រីឯនារី ២នាក់ ដែលរង របួសមាន ឈ្មោះ សោម ស្រីកា អាយុ ២៥ឆ្នាំ និងម្នាក់ទៀត ត្រូវជាបងស្រីឈ្មោះ សោម ស្រីនី អាយុ ៣០ឆ្នាំ អ្នកទាំង ៣នាក់មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង ៣នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកសេ ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BW-7714 ឌុបគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង ចេញពីហូបការបងប្អូននៅខេត្តកណ្តាល បំណងទៅផ្ទះរបស់ខ្លួនវិញនៅខេត្តកំពង់ស្ពឺ។

ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលទៅបុកចំគូទរថយន្តលុច្សស៊ីស៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-0728 បើកបរដោយបុរសម្នាក់ឆ្លងកាត់ផ្លូវជាតិលេខ៣ ចូលផ្លូវលេខ៣០ម៉ែត្រ ទាំងកម្រោលតែម្តង។
គ្រោះថ្នាក់នេះ បណ្តាលឲ្យយុវជនជាអ្នកឌុបដួលបោកក្បាលទៅនឹងថ្នល់ស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុ។ រីឯនារី ២នាក់ ដែលជិះពីក្រោយត្រូវរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្រ្គោះមកដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា។

ចំណែក ម៉ូតូរបស់ជនរងគ្រោះត្រូវរងការខូចខាតទាំងស្រុងខ្ទាតជាង ២០ម៉ែត្រពីរថយន្ត ហើយរថយន្តលុច្សស៊ីសខូចខាតផ្នែកខាងក្រោយផងដែរ។
ក្រោយកើតហេតុសពត្រូវប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ រថយន្តលុច្សស៊ីស៤៧០ និងម៉ូតូសេ១១០ ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលជំនាញចុះវាស់វែង ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ។

គ្រោះថ្នាក់នេះសមត្ថកិច្ចសន្និដ្ឋានបង្កឡើងដោយសារជនរងគ្រោះស្រវឹងស្រា ហើយជិះម៉ូតូឌុបគ្នាលឿនពេក ចាប់ហ្វ្រាំងមិនទាន់ពេលរថយន្តបត់ទើបជ្រុលបុកទាំងកម្រោលតែម្តងទៅ៕

Share on Google Plus
    Blogger Comment
    Facebook Comment