ក្រសួង​អប់រំ ប្រកាស​រឹបអូស​យក​សៀវភៅ​សិក្សា​គោល ដែល​មាន​សរសេ​រលើ​ក្រប​ថា “​ហាម​លក់​” និង “​កម្មសិទ្ធិ​របស់​រដ្ឋ​”

ប្រភព៖ CEN

ភ្នំពេញ: ​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជូនដំណឹង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច នឹង​ចុះ​តាម​ទីផ្សារ បណ្ណាគា​រ និង​តូប​លក់​សៀវភៅ​នានា ដើម្បី​រឹបអូស យក​សៀវភៅ​សិក្សា​គោល ឬសៀវភៅពុម្ព ដែល​មាន​សរសេរ​នៅលើ​ក្រប​ថា “​ហាម​លក់​” និង “​កម្មសិទ្ធិ​របស់​រដ្ឋ​” ដោយ​ពុំ​មាន​ទូទាត់​ប្រាក់​សំណង​អ្វី​ឡើយ ហើយ​ជនល្មើស​ទាំង​អស់ ត្រូវ​ប្រឈម​នឹង​ការដាក់ទោស​តាមច្បាប់​ជា​ធរមាន​។ វិធានការ​រឹបអូស​នោះ ត្រូវអនុវត្ត ចាប់ពី​ថ្ងៃ​ទី​៣១​មករា​តទៅ​។​

​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៤ ចុះហត្ថលេខា​ដោយ​លោក ហង់ ជួន ណារ៉ុន លើកឡើងថា ទោះបីជា​កន្លងមក ក្រសួង បាន​ចេញ​សេចក្តីណែនាំ សេចក្តីជូន​ដំណឹង និង​បោះពុម្ពផ្សាយ​ផ្ទាំង​រូបភាព​ផ្សេងៗ ដែលមាន​ខ្លឹមសារ​ទប់ស្កាត់​ការលក់​-​ទិញ​សៀវភៅ​សិក្សា​គោល ដែល​មាន​សរសេរ​នៅ​ក្រប​ថា “​ហាម​លក់​” និង “​កម្មសិទ្ធិ​របស់​រដ្ឋ​” យ៉ាងណាក៏ដោយ ក៏​បច្ចុប្បន្ន ក្រសួង​សង្កេតឃើញថា សៀវភៅ​សិក្សា​គោល​ប្រភេទ​នេះ នៅ​មាន​ដាក់​លក់​តាម​ទីផ្សារ បណ្ណាគា​រ និង​តូប​លក់​សៀវភៅ​នានា ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ផង​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ឡើងវិញ​ថា ការលក់​-​ទិញ សៀវភៅ​សិក្សា​គោល ដែល​មាន​សរសេរ​នៅលើ​ក្រប​ថា “​ហាម​លក់​” និង “​កម្មសិទ្ធិ​របស់​រដ្ឋ​” គឺជា​អំពើ​ខុសច្បាប់ បង្ក​ឲ្យមាន​ផល​អវិជ្ជមាន ដល់​ការងារ​អប់រំ​យ៉ាងខ្លាំង​។ អាស្រ័យហេតុនេះ សូម​អាជីវករ និង​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប និង​ឈប់​លក់​-​ទិញ សៀវភៅ​សិក្សា​គោល ដែល​មាន​សរសេរ​នៅលើ​ក្រប​ថា “​ហាម​លក់​” និង “​កម្មសិទ្ធិ​របស់​រដ្ឋ​” ជាបន្ទាន់​។​

​ក្នុង​សេចក្តីជូនដំណឹង​ដដែល ក៏​បាន​គូសបញ្ជាក់​ជា​ចុងក្រោយ​ថា អាជីវករ និង​សាធារណជន​ទាំងអស់ អាច​រក​ទិញ​ដុំ និង​រាយ ដោយ​ស្របច្បាប់​នូវ​សៀវភៅ​សិក្សា​គោល ដែល​មាន​សរសេ​រលើ​ក្រប​មុខ​ថា “​សម្រាប់​លក់​” នៅ​បណ្ណាគារ គ​.​ប​.​ច​. នៃ​គ្រឹះស្ថាន​បោះពុម្ព និង​ចែក​ផ្សាយ ដែល​មាន​អាសយដ្ឋាន អគារ​លេខ ១៤៨ មហាវិថី​ព្រះ​នរោត្តម រាជធានី​ភ្នំពេញ ( ទូរស័ព្ទ​លេខ 023 63 63 033 ) រៀង​រាល់​ពេល​ម៉ោង​ធ្វើការ ព្រម​ទាំង​នៅ​តាម​ទីផ្សារ បណ្ណាគា​រ និង​តូប​លក់​សៀវភៅ​នានា ក្នុង​ទូទាំង​ប្រទេស​។​

​ជា​ការកត់សម្គាល់ វិធានការ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ខាងលើនេះ បាន​ធ្វើឡើង បន្ទាប់​ពី​វិទ្យាស្ថាន​ខ្មែរ សម្រាប់​អភិវឌ្ឍន៍​ជាតិ និង​សម្ព័ន្ធ​គណនេយ្យភាព​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក បានចេញ​សេចក្តីថ្លែងការណ៍​រួម ស្តីពី កង្វះខាត​ក្នុង​អភិបាលកិច្ច នាំឲ្យ​បាត់បង់​សៀវភៅ​សិក្សា​គោល​។ សេចក្តីថ្លែងការណ៍​រួម​ចុះ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៣ បានបង្ហាញ​ថា សៀវភៅ​សិក្សា​គោល ដែល​សរសេរ​នៅ​ក្រប​ថា “​ហាម​លក់​” និង “​កម្មសិទ្ធិ​របស់​រដ្ឋ​” នៅតែ​បន្ត​លក់​តាម​ផ្សារ បណ្ណាគា​រ និង​តូប​លក់​សៀវភៅ​។​

​ការបន្ត​លក់ដូរ​សៀវភៅ​សិក្សា​គោល​របស់​រដ្ឋ​នោះ ត្រូវបាន​អង្គការក្រៅរដ្ឋាភិបាល​ទាំង​ពីរ​ សិក្សា​ស្រាវជ្រាវ នៅ​រវាង​ខែមករា និង​ខែកុម្ភៈ ឆ្នាំ​២០១៣ លើក​គម្រោង​របស់​ធនា​គារ​អភិវឌ្ឍន៍អាស៊ី EEQP/ADB ក្នុង​ទឹកប្រាក់​ចំនួន ១.៣៤៦.០០០ ដុល្លារ​អាមេរិក ដែល​បាន​ផ្តល់​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ការបោះពុម្ព និង​ចែកចាយ សៀវភៅ​សិក្សា​គោល ដល់​សិស្សានុសិស្ស កម្រិតសិក្សា​ទុតិយភូមិ នៅ​ឆ្នាំ​២០១២-២០១៣៕​

Share on Google Plus
    Blogger Comment
    Facebook Comment