កំពង់ឆ្នាំង ៖ កម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខទិសលេខ ៥០០ និងកម្លាំងកងរាជអាវុធហត្ថ លើ ផ្ទៃប្រទេស ដឹកនាំដោយលោក រស់ វុទ្ធា ជានាយស្នាក់ការសន្តិសុខលេខ៥០០ នៅវេលាម៉ោង១ និង៤៥ នាទី រំលងអាធ្រាត្រ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ បានធ្វើការស្ទាក់ចាប់រថយន្ត ចំណុះ២តោនកន្លះ ដឹកឈើ ប្រណីតពេញ ប្រភេទនាងនួន ដោយដាក់បាវតំឡូងមីពីលើ ដើម្បីបន្លំភ្នែកសមត្ថកិច្ច ។
លោក លឹម ហាក់ នាយការិយាល័យ ទទួលបន្ទុកព្រហ្មទណ្ឌ នៃទីបញ្ជាការ អ.ហ ខេត្តកំពង់ឆ្នាំង បានឲ្យ ដឹងថា រថយន្តខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្ទាក់បាននៅចំណុចភូមិពោធិរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រថយន្តនោះពណ៌ខៀវ ផលិតនៅប្រទេសកូរ៉េ ចំណុះ២,៥តោន ពាក់ ស្លាកលេខ កំពង់ចាម 3A-1447 បានបន្លំដឹកឈើប្រណីត ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ប៉ុន្តែត្រូវបាន កម្លាំង អ.ហ ស្នាក់ការលេខ៥០០ និង អ.ហ ផ្ទៃប្រទេស ស្ទាក់ចាប់បាន បន្ទាប់ពីទទួលបានសេចក្តីរាយ ការណ៍ពីគោលដៅ ។
អ្នកបើកបររថយន្តខាងលើ បានរត់គេចខ្លួនភ្លាមៗ ខណៈសមត្ថកិច្ចស្ទាក់ចាប់ ។វត្ថុ តាងរថយន្ត និងឈើ ត្រូវបាននាំយកមកធ្វើការវាស់វែង នៅទីបញ្ជាការ អ.ហខេត្ត នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ នេះ ប៉ុន្តែការវាស់វែងមិនទាន់បានចប់នៅឡើយទេ ខណៈកម្លាំងរដ្ឋបាលព្រៃឈើ និងកម្លាំង អ.ហ កំពុង នាំគ្នារុះរើឈើពីលើរថយន្ត ដើម្បីធ្វើការវាស់វែងនោះ ៕


Blogger Comment
Facebook Comment