ប្រភព កម្ពុជាថ្មី
ភ្នំពេញ ៖ បន្ទាប់ពីកម្ពុជាបានបង្កើតខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗកន្លងមកនោះ ប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានសម្រេចយកដីចំការម៉ៃសាក់ចំនួន៣២២ ហិកតា របស់រដ្ឋស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ បង្កើតហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលខេត្តថ្មីមួយនេះហើយ នេះបើយោងតាមលិខិតមួយច្បាប់របស់លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលផ្ញើជូនទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤។
តាមលិខិតនោះបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចយល់ ព្រមកំណត់យកទីតាំងតំបន់រដ្ឋបាល អចិន្ត្រៃយ៍របស់ខេត្តស្ថិតនៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដែលរួមមាន សាលាខេត្ត មន្ទីរ អង្គភាពនានា ជុំវិញខេត្ត ហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ សាលារៀន ពហុកីឡដ្ឋាន សាលមហោស្រប សួនច្បារសាធារណៈ។
លិខិតលោកឧបនាយករដ្ឋមន្ត្រី ស ខេងបញ្ជាក់ថា ផ្អែកតាមស្មារតីនៃព្រះរាជក្រឹត្យចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ខេត្តត្បូងឃ្មុំត្រូវបានបង្កើតឡើងដោយ បំបែកចេញពីខេត្តកំពង់ចាម។
ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលបានសម្រេចកំណត់យកទីតាំងរដ្ឋបាល អចិន្ត្រៃយ៍របស់ខេត្តត្បូងឃ្មុំស្ថិតនៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ម្តុំផ្លូវបំបែកពីផ្លូវជាតិលេខ៧ ទៅស្រុកតំបែរ ឬដីចំការម៉ៃសាក់រដ្ឋស្ថិតនៅក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។
ផ្អែកតាមការសម្រេចនេះ ក្រសួងមហាផ្ទៃបានធ្វើការសិក្សាបន្ថែមលើជម្រើសទីតាំងទាំង២ នេះ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ និងច្បាស់លាស់លើកសំណើសុំគោលការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រី។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានលើកឡើងទៀតថា ផ្អែកតាមការសិក្សាអំពីស្ថានភាព ភូមិសាស្ត្រ ការតាំងទីលំនៅរបស់ប្រជាពលរដ្ឋតម្រូវការនៃការរៀបចំទីតាំងរដ្ឋបាល និងពិនិត្យទៅលើ ផលប៉ះពាល់ផ្សេងៗដែលអាចកើតមាន ក្រសួងមហាផ្ទៃសូមគោរពស្នើសុំគោលការសម្រេចដ៏ខ្ពង់ខ្ពស់ ពីសម្តេចនាយករដ្ឋមន្ត្រី ដើម្បីយកដីចំការម៉ៃសាក់របស់រដ្ឋដែលស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដើម្បីធ្វើជាទីតាំងតំបន់រដ្ឋបាលរបស់ខេត្តត្បូងឃ្មុំ រួមទាំងសាលាខេត្ត មន្ទីរ អង្គភាពនានា ជុំវិញខេត្ត ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន ពហុកីឡាដ្ឋាន សាលមហោស្រព និងសួន សាធារណៈជាដើម។
ដីចំការម៉ៃសាក់នេះមានទំហំប្រមាណ៣២២ហិកតា ដែលបានបោះបង្គោលព្រំដីរួចរាល់ហើយ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានទីតាំងស្ថិតនៅជាប់ នឹងផ្លូវជាតិលេខ៧៣ និងមានចំងាយប្រមាណ៤ គីឡូម៉ែត្រពីផ្លូវជាតិលេខ៧ ( គិតពីផ្លូវបំបែកប្រធាតុ)។
នាពេលថ្មីៗនេះក្រសួងមហាផ្ទៃបានពិនិត្យឃើញថា មានជនខិលខូចមួយចំនួនបានលួចដុត ភ្លើង និងបានចូលកាប់ដើមម៉ៃសាក់ដើម្បីទន្ទ្រានកាន់កាប់ដីចំការម៉ៃសាក់ដោយខុសច្បាប់ ដោយសារ តំលៃដីនៅតំបន់នោះមានការកើនឡើងខ្ពស់ បន្ទាប់ពីមានព័ត៌មានថា រដ្ឋនឹងយកដីចំការម៉ៃសាក់ធ្វើជា ទីតាំងរដ្ឋបាលរបស់ខេត្តត្បូងឃ្មុំ។
ពាក់ព័ន្ធនឹងបញ្ហានេះក្រសួងមហាផ្ទៃសូមគោរពស្នើសុំគោលការ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រីប្រើប្រាស់ដៃចំការម៉ៃសាក់ ដែលមានទំហំ៣២២ហិកតា ហើយបច្ចុប្បន្ននេះស្ថិតនៅក្រោមការគ្រប់គ្រង់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីអោយគណៈកម្មការអន្តរក្រសួងរៀបចំរដ្ឋបាលខេត្តត្បូងឃ្មុំដែលនឹងបង្កើតឡើងក្នុងពេលដ៏ឆាប់ ខាងមុខនេះធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលខេត្តត្បូងឃ្មុំ ហើយផ្ទេរសិទ្ធិគ្រប់គ្រងផ្ទៃដីនេះមក ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បន្ទាប់ពីរដ្ឋបាលខេត្តត្រូវបានរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងស្របតាមច្បាប់រៀបចំអង្គកា។
ក្នុងអំឡុងពេលអន្តរកាលពុំទាន់មានរដ្ឋបាលខេត្ត ត្បូងឃ្មុំ រដ្ឋបាលខេត្តកំពង់ចាមត្រូវគ្រប់គ្រង់ដីចំការម៉ៃសាក់នេះជាបណ្តោះអាសន្ន និងត្រូវយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់កុំអោយមានការទន្ទ្រានចូលកាន់កាប់ដីនៅចំការម៉ៃសាក់ដោយខុសច្បាប់។
យោងទៅតាមសំណើរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីយកដីខាងលើមកធ្វើជាតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំថ្មីនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានចំណារយល់ព្រមរួចហើយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចត្រាស់បង្គាប់បង្កើតខេត្តមួយថ្មីទៀតឈ្មោះ «ខេត្តត្បូងឃ្មុំ» ជាផ្លូវការ ដោយកាត់ចេញពីខេត្តកំពង់ចាម ហើយកាត់យកស្រុកចំនួន៦ និងក្រុងចំនួន១ ពីខេត្តកំពង់ចាម។
តាមព្រះរាជក្រឹត្យដដែលបានបញ្ជាក់ថា ខេត្តត្បូងឃ្មុំថ្មីនេះមានក្រុង១ និងស្រុកចំនួន៦គឺ ក្រុងសួង ស្រុកត្បូងឃុំ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់ ហើយព្រំប្រទល់រដ្ឋបាលខេត្តត្បូងឃុំនេះត្រូវបានកំណត់ក្នុងផែនទី ជាឧបសម្ពន្ធក្នុងរាជក្រឹត្យនេះ។
ចំណែកទីតាំងសាលាខេត្តត្បូងឃុំត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើ របស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ហើយការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់ខេត្តត្បូងឃ្មុំត្រូវអនុលោមទៅ តាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
រាជធានីខេត្តនៅទូទាំងប្រទេសកម្ពុជាមានចំនួន២៤ ហើយបូកនឹងខេត្តមួយថ្មីនេះទៀត គឺមានចំនួន២៥ រាជធានី ខេត្ត ដែលក្នុងនោះរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន និងខេត្តថ្មី គឺខេត្តត្បូងឃ្មុំ៕
Blogger Comment
Facebook Comment