​កញ្ញា ធី សុវណ្ណ​ថា ប្រកាស​ពី​ជម្លោះ​ជាមួយ​កូនស្រី​លោក​កឹម​សុខា​

ប្រភព៖ CEN
ភ្នំពេញ: តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​កញ្ញា ធី សុវណ្ណ​ថា បានបង្ហាញ​ពី​ជម្លោះ​រវាង​យុវតី​អាយុ ១៩ ឆ្នាំ និង​កូនស្រី​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កញ្ញា កឹម មនោ​វិទ្យា ដែល​នាំ​ដល់​ការប្រកាស​មិន​ទទួលស្គាល់​យុវតី ធី សុវណ្ណ​ថា​។

 ប៉ុន្តែ​ក្នុង​សេចក្តីប្រកាស កាលពី​ព្រលប់​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៤ កញ្ញា ធី សុវណ្ណ​ថា អះអាងថា ជម្លោះ​ផ្ទាល់ខ្លួន​រវាង​នាង និង​កូនស្រី លោក កឹម សុខា ត្រូវបាន​ដោះស្រាយ​រួចរាល់​ហើយ​។​

​កញ្ញា ធី សុវណ្ណ​ថា បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា “​សេចក្តី​បកស្រាយ នាង​ខ្ញុំ​ធី​សុវណ្ណ​ថា ដោយមាន​ជម្លោះ​ផ្ទាល់ខ្លួន ជាមួយ​កញ្ញា កឹម មនោ​វិទ្យា កូនលោក​អនុប្រធាន កឹម សុខា និង​ជា​អ្នកគ្រប់គ្រង​ថ្មី Page : I Love Cambodia Hot News II​។ ពេលនេះ យើង​បាន​ដោះស្រាយ​បញ្ចប់​ជម្លោះ​រួចរាល់​ហើយ យើង​រួមគ្នា​ធ្វើដំណើរ​បន្ត សង្គ្រោះ​ជាតិ​យើង​”​។​

​កាលពី​សប្តាហ៍​មុន គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍ បដិសេធ​ចំៗ​ឈ្មោះ កញ្ញា ធី សុវណ្ណ​ថា ថា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។

 ប៉ុន្តែ​ភ្លាមៗ សេចក្តីថ្លែងការណ៍​មួយ​ផ្សេងទៀត ក៏ត្រូវ​បានធ្វើ​ឡើង ដោយ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សម្រាល​ស្ថានការណ៍​បែកបាក់​ផ្ទៃក្នុង រវាង​យុវតី ធី សុវណ្ណ​ថា និង​ក្រុម​កូនស្រី លោក​កឹម​សុខា​។​

​ហេតុការណ៍​នោះ បានកើត​ឡើង ក្រោយពី​កញ្ញា ធី សុវណ្ណ​ថា នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៤ បាន Share អត្ថបទ​ព័ត៌មាន​មួយ ដោយ​សរសេរ​បន្ថែមថា លោក​សមរង្ស៊ី បានដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ហើយ កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៤​។ ប៉ុន្តែ​ភ្លាមៗ គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងការណ៍​បដិសេធ​។​

​សេចក្តីថ្លែងការណ៍​មួយ ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​កូនស្រី​លោក​កឹម​សុខា ដោយ​ដាក់ឈ្មោះ​ចំៗ មិន​ទទួលស្គាល់ កញ្ញា ធី សុវណ្ណ​ថា ជា​សកម្មជន​យុវជន​របស់​គណបក្ស​ប្រឆាំង​ឡើយ​។​

​ប៉ុន្តែ​សេចក្តីថ្លែងការណ៍​មួយ​ផ្សេងទៀត របស់​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រាល​ស្ថានការណ៍ ដោយ​ចេញ​ចំឈ្មោះ​កញ្ញា ធី សុវណ្ណ​ថា នោះឡើយ​។​

​យុវតី​អាយុ ១៩ ឆ្នាំ ធី សុ​វណ្ណា​ថា មាន​ស្រុកកំណើត​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ជា​កូនអ្នកមាន ជា​ថៅកែ​ចំការកៅស៊ូ បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ចាប់តាំងពី​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត កាលពី​ខែមិថុនា ឆ្នាំ​២០១៣​។ យុវតី រៀន​ថ្នាក់​ទី​១១ នៅ​សាលា​ឯកជន ក្នុង​រាជធានី​ភ្នំពេញ ដែល​ប្រើប្រាស់​ឡាន​ទំនើប បានធ្វើ​សកម្មជន មនុស្សធម៌ រ៉ៃអង្គាសប្រាក់ ជួយ​ដល់​ជនក្រីក្រ​ជាច្រើន​ផងដែរ​៕M​/c
​កញ្ញា ធី សុវណ្ណ​ថា
Share on Google Plus
    Blogger Comment
    Facebook Comment