ភ្នំពេញ ៖ មកដល់ពេលនេះនៅតែមានសំនួរជាច្រើនត្រូវបានលើកឡើងទៅកាន់គណបក្សសង្គ្រោះជាតិអំពីកញ្ញា ធី សុវណ្ណថា ដែលជាមនុស្សម្នាក់ធ្វើសកម្មភាពនយោបាយបំរើអោយគណបក្សសង្គ្រោះជាតិជាប្រចាំនៅអំឡុងពេលធ្វើបាតុកម្មកន្លងមក ហើយថ្មីៗនេះកញ្ញា ធី សុវណ្ណថា បានធ្វើអោយមានកំហុសទៅលើប្រព័ន្ធហ្វេសបុករបស់ខ្លួនទាក់ទងទៅនឹងសកម្មភាពរបស់លោក សម រង្ស៊ី នៅក្រៅប្រទេស ដោយសារតែកំហុសព័ត៌មាននេះគណបក្សសង្គ្រោះជាតិបានចេញសេចក្ដីថ្លែងការណ៍មួយច្រានចោលព័ត៌មាននោះ ហើយបានបញ្ជាក់ថាកញ្ញា ធី សុវណ្ណថា មិនមានការពាក់ព័ន្ធជាមួយនឹងគណបក្សសង្គ្រោះជាតិនោះទេ។
កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤ លោក ហ៊ីង សុខសាន្ដ ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិបានចេញផ្សាយនៅលិខិតចំហមួយទាក់ទងទៅនឹងកញ្ញា ធី សុវណ្ណថា នេះដោយសំអាងថាមានព័ត៌មានជាច្រើនត្រូវបានសួរតាមរយៈទូរស័ព្ទ និងទៅកាន់អ៊ីមែលរបស់លោក ហ៊ីង សុខសាន្ដ អំពីកញ្ញា ធី សុវណ្ណថា នេះដោយលើកជាសំនួរថា «តើកញ្ញា ធី សុវណ្ណថា ជានរណា ហើយថវិកាដែលរកបានយកទៅធ្វើអ្វីខ្លះ?»។ ទោះជាយ៉ាងណាលោក ហ៊ីង សុខសាន្ដ បានសរសេរនៅក្នុងលិខិតចំហនោះថា លោកសុំមិនឆ្លើយចំពោះសំនួរទាំងនេះទេ ហើយបង្វែរសំនួរទៅកាន់កញ្ញា ធី សុវណ្ណថា ឬក្រុមគ្រួសាររបស់កញ្ញា ធី សុវណ្ណថា វិញប្រសើរជាង។
លោក ហ៊ីង សុខសាន្ដ បានបញ្ជាក់ថា រយៈពេលបួនប្រាំថ្ងៃចុងក្រោយនេះមានយុវជនមួយចំនួនហាក់ដូចជាបានភ្លេចអំពីបញ្ហាជាតិសំខាន់ៗដែលកំពុងប្រឈម នឹងត្រូវចូលរួមដោះស្រាយជាបន្ទាន់ ប៉ុន្ដែបែរជាត្រូវលើកយកបញ្ហាបុគ្គលកញ្ញា ធី សុវណ្ណថា ដែលត្រូវបានគណបក្សសង្គ្រោះជាតិចេញលិខិតបដិសេធថាគ្មានពាក់ព័ន្ធអ្វីទៅនឹងគណបក្សសង្គ្រោះជាតិមកចុះផ្សាយខ្លឹមសារព័ត៌មាន និងធ្វើការពិភាក្សាតាមបណ្ដាញសង្គមហ្វេសបុកទៅវិញ។ ការផ្សព្វផ្សាយទាំងនោះអាចនឹងធ្វើអោយមានការអត្ថាធិប្បាយខុសពីការពិត ដូច្នេះក្នុងនាមចលនាយុវជនគណបក្សសង្គ្រោះជាតិលោកបានបញ្ជាក់ថា គ្មានការបែកបាក់ណាមួយនោះទេ ហើយចលនាយុវជនគណបក្សសង្គ្រោះជាតិក៏មិនដែលបដិសេធទង្វើនិងសកម្មភាពរបស់កញ្ញា ធី សុវណ្ណថា ម្ដងណាឡើយ បើទោះបីជាទង្វើនិងសកម្មភាពទាំងក្នុងគោលបំណងអ្វីឬដើម្បីផលប្រយោជន៍នរណាម្នាក់ក៏ដោយ។
លោក ហ៊ីង សុខសាន្ដ បានបញ្ជាក់ដែរថា ចលនាយុវជនគណបក្សមិនដែលរើសអើងអំពីចំណេះដឹង ឬសមត្ថភាព ឬចោទប្រកាន់កញ្ញា ធី សុវណ្ណថា ជាចារនារីធ្វើចារកិច្ចអោយបក្សនយោបាយ ឬក្រុមនយោបាយណាមួយឡើយ។ ជាមួយគ្នានោះក្នុងនាមចលនាគណបក្សសង្គ្រោះជាតិលោក ហ៊ីង សុខសាន្ដបានបញ្ជាក់ថា រហូតមកដល់ពេលនេះគណបក្សសង្គ្រោះជាតិមិនទាន់ដាក់ពាក្យបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅឡើយ ហើយលោកបានអំពាវនាវអោយធ្វើការស្ងប់ស្ងាត់អំពីបញ្ហានេះដើម្បីលទ្ធភាពអោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបន្ដបេសកកម្មរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាជាត់សំខាន់ៗដែលកំពុងកើតមាន។
ចំពោះបញ្ហានេះមន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល លោក ទិត សុធា បានបញ្ជាក់ថា ការផុសសារនយោបាយផ្សេងៗនៅលើបណ្ដាញសង្គមហ្វេសបុករបស់កញ្ញា ធី សុវណ្ណថា នោះជាទូទៅបានបំរើអោយនិន្នាការនយោបាយរបស់គណបក្សប្រឆាំង ហើយបញ្ជាក់ថាជាការចូលជ្រៅទៅក្នុងគណបក្សនយោបាយនោះទៀតផង ហើយសារនយោបាយរបស់ ធី សុវណ្ណថា ក៏បានលុបបំបាត់ចោលនៅគុណសម្បត្តិទាំងឡាយរបស់រាជរដ្ឋាភិបាលដែលបានខិតខំដើម្បីភាពសុខសាន្ដ និងស្ថិរភាពនយោបាយ ព្រមទាំងការអភិវឌ្ឍន៍ផ្សេងៗដើម្បីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ពីព្រោះយើងដឹងហើយថាដំណើរការរបស់រាជរដ្ឋាភិបាលបានកើតឡើងពីបាតដៃទទេ ប៉ុន្ដែកញ្ញាម្នាក់នេះហាក់ដូចជាបំភ្លេចចោលនៅសមិទ្ធផលទាំងនោះ ហើយធ្វើសកម្មភាពយ៉ាងពេញមុខពេលមាត់អោយគណបក្សប្រឆាំង។
លោក ទិត សុធា បានបញ្ជាក់ថា សកម្មភាពរបស់កញ្ញា ធី សុវណ្ណថា ដែលនៅវ័យខ្ចីម្នាក់នេះបានមើលតែទិដ្ឋភាពម្ខាងនៃក្រុមប្រឆាំង ហើយសាររិះគន់ទាំងឡាយរបស់មហាជនទៅលើសកម្មភាពរបស់កញ្ញា ធី សុវណ្ណថា ក៏ត្រូវតែដឹងខ្លួនឯងថាអ្វីដែលខ្លួនគួរធ្វើត្រឹមត្រូវ ឬមិនត្រឹមត្រូវ ហើយបើគិតថាខ្លួនដើរតួជាប្រជាពលរដ្ឋសាមញ្ញគួរតែធ្វើសកម្មភាពនៅក្នុងលក្ខណៈកណ្ដាលវាប្រសើរជាងការប្រើពាក្យវាយប្រហារតែម្ខាង ហើយក៏អាចធ្វើអោយបាត់បង់ពេលវេលារបស់ខ្លួនផងដែរ។
ជាមួយនឹងការលើកឡើងខាងលើនេះលោក ទិត សុធា បានអះអាងថា គណបក្សប្រឆាំងគួរតែធ្វើការងារជាមួយកញ្ញាម្នាក់នេះដោយស្ងាត់ស្ងៀមជាជាងយកពេលវេលាដែលស្រុកទេសត្រូវការយកទៅបំរើបញ្ហាបុគ្គលបង្កអោយមានភាពវឹកវរ។ លោកបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា មិនមែនជាឥស្សរជនល្បីល្បាញនោះទេ ហើយអ្វីដែលជាសកម្មភាពឆ្លើយឆ្លងតាមប្រព័ន្ធទំនាក់ទំនងសង្គមនោះគួរតែជៀសវាងអោយផុតនៅចរិតញុះញង់បង្កអោយមានបញ្ហាវាប្រសើរជាង ពីព្រោះវាអាចមានបញ្ហាដោយសារនយោបាយរបស់ខ្លួនដែលបានលើកឡើងនោះ ហើយបញ្ហានោះក៏ជាសាររបស់មហាជនទូទៅចង់បានផងដែរ៕
កោះកែវ


Blogger Comment
Facebook Comment