សមត្ថកិច្ច បិទ​សុំ​ណុំ​រឿង​បឋម ទាក់ទង​នឹង​ចោរលួច ព្រះ​បរម​ព្រះ​សិរី​រិ​ក​ធាតុ បន្ទាប់ពី​ចាប់បាន​ជនល្មើស និង​អ្នកទទួលផល​ចោរកម្ម​

ប្រភព៖ CEN
ភ្នំពេញ: ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៤​នេះ នៅឯ​នាយកដ្ឋាន​កណ្តាល នគរបាល​យុត្តិធម៌ នៃ​ក្រសួងមហាផ្ទៃ លោក ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិធម៌ បានធ្វើ​សន្និសីទកាសែត​មួយ ស្តីពី​ការបិទ​សំណុំរឿង​ព្រហ្មទណ្ឌ ជាបឋម ទាក់ទង​នឹង​ករណី​លួច​ព្រះ​បរម​សារីរិកធាតុ​។

 ការប្រកាស​បិទ​សំណុំ​រឿងនេះ គឺ​បាន​ធ្វើឡើង បន្ទាប់ពី​សមត្ថកិច្ច​ចាប់បាន​ជនល្មើស ឈ្មោះ​កែវ រស្មី អាយុ​២៤​ឆ្នាំ ភេទ​ប្រុស ជនដៃដល់ ក្នុងការ​លួច​ព្រះ​បរម​សិរី​រិ​ក​ធាតុ ពី​សក្យមុនី​ចេ​តី​យ និង​ចាប់ បាន​អ្នកទទួលផល​ចោរកម្ម ត្រូវបាន​បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៤​។​

​លោក ម៉ក់ ជី​តូ បាន​មានប្រសាសន៍ថា​៖​រយៈពេល​ដែល​បាត់​ព្រះ​បរម​សារីរិកធាតុ គឺ​ខ្វះ​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ គ្រប់​២​ខែ គឺ​១​ខែ ២៦​ថ្ងៃ​។ នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ មានការ​ការចូលរួម ពី​តំណាង​អយ្យការ អម​សាលាដំបូង​ខេត្តកណ្តាល និង​ខេត្តតាកែវ និង​កិច្ចសហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្តកណ្តាល និង​ខេត្តតាកែវ​។​

​លោក ម៉ក់ ជី​តូ បាន​បញ្ជាក់ថា​៖ ពាក់ព័ន្ធ​នឹង​ការ​លួច​ព្រះ​បរម​សិរី​រិ​ក​ធាតុ តាម​ចម្លើយ​បឋម ពី​ជនល្មើស កែវ រស្មី បាន​សារភាពថា មាក​ការប៉ង​លួច​តាំងពី​ព្រះមហាវរក្សត្រ សម្តេច​តា​ទួត ហែ​ព្រះ​សារីរិកធាតុ​ពី​ភ្នំពេញ ទៅ​តម្កល់​លើ​កំពូលភ្នំ​ព្រះរាជ​ទ្រព្យ ហើយ​បន្ត​មក ជនសង្ស័យ បាន​ឡើង​ទៅលើ​ភ្នំ មើលផ្លូវ មើល​ភូមិសាស្ត្រ ដើម្បី​តៀម​លក្ខណៈ​លួច ព្រះ​បរម​សារីរិកធាតុ ទើប​នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៣ ម៉ោង​២​រសៀល ជនសង្ស័យ​ខ្ចី​ម៉ូតូ​គេ​ជិះ​ទៅ​ភ្នំ​ព្រះរាជ​ទ្រព្យ ដល់​ម៉ោង​ជិត ៧ យប់ ហើយ​យក​ម៉ូតូ ទៅ​លាក់​ក្នុងព្រៃ នៅ​ម៉ោង ៩ យប់ ទើប​ជនល្មើស ឡើងលើ​ភ្នំ​ធ្វើ​សកម្មភាព​លួច ព្រះ​បរម​សារីរិកធាតុ ខណៈដែល​ឆ្មាំ កំពុង​ហូបបាយ និង​មើល​ទូរទស្សន៍​។

 បន្ទាប់ពី​គាស់​សោរ​ដាច់ ជនល្មើស បាន​លួច យក​សារីរិកធាតុ និង​ព្រះ​ស្រោបមាស នៅ​ជុំវិញ​ទាំងអស់​ដាក់​ស្បោង វិល​មកវិញ​ភ្លាមៗ ហើយ​មកដល់​តាកែវ ម៉ោង​៥​ភ្លឺ (១០ ធ្នូ ២០១៣)​។ ទាក់ទង​នឹង​បញ្ហា​នេះ សមត្ថកិច្ច​បាន​បិទ​សំណុំរឿង​ស៊ើបអង្កេត​បឋម​។

​លោក​បានបញ្ជាក់​បន្តថា ៖ បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន ជនល្មើស ឈ្មោះ កែវ រស្មី បាន​សារភាពថា នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០០៨ បាន​លួច​គោ​ចំនួន ២ ក្បាល ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ដាក់ពន្ធនាគារ​រយៈពេល ៦ ខែ​។ នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០០៩ ជនល្មើស កែវ រស្មី ជិះ​មូ​តូ​បុក​មនុស្ស​ស្លាប់​ម្នាក់ ជាប់ពន្ធនាគារ ១៤ ខែ​។​

​លោក ម៉ក់ ជី​តូ បាន​បន្តថា ៖ ក្រោយមក​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១០ ជនល្មើស កែវ រស្មី លួច​គោ​ចំនួន ២ ក្បាល​ទៀត​។ ពាក់ព័ន្ធ​នឹង​ការ​លួច​វត្ថុ​បុរាណ លួច​ព្រះពុទ្ធ​បដិមាករ គឺ​ជនល្មើស កែវ រស្មី បានធ្វើ​សកម្មភាព​ចំនួន ៣ លើក​។

 សកម្មភាព​លើក​ទី​១ ៖​លួច​ព្រះ​ពុទ្ធរូប ចំនួន ២ ព្រះអង្គ នៅ​វត្ត​ស្តី​សិ​ដ្ឋ​។ សកម្មភាព​ទី​២ ៖ លួច​ហិប​ដាក់​លុយ​ពុទ្ធបូជា នៅ​វត្ត​ព្រៃ​រុន និង​សកម្មភាព​ទី​៣ ៖ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ លួច​ព្រះ​ពុទ្ធរូប នាង​ខ្មៅ យកទៅ​កាត់​ព្រះ​កេស យក​តួខ្លួន ទៅ​ទំលាក់​ត្រពាំងទឹក​។​

​លោក​លឹម សុគ​ន្ថា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្តាល បានបញ្ជាក់​ឲ្យ​ដឹងថា​៖​នៅពេលដែល​ចៅក្រម ស៊ើបសួរ​បើក​ការស៊ើបអង្កេត រកឃើញ​ភស្តុតាង ដាក់បន្ទុក​គ្រប់គ្រាន់​នោះ ជនសង្ស័យ កែវ រស្មី អាច​ប្រឈម​នឹង​ការផ្តន្ទាទោស តាម​មាត្រា ៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​អាច​ជាប់ពន្ធនាគារ រយៈពេល​ពី ៣ ឆ្នាំ ទៅ ១០ ឆ្នាំ ប៉ុន្តែ​អាស្រ័យ​លើ​ការសម្រេច​របស់​ចៅក្រម​ជំនុំជម្រះ​។​

​លោក​ចៅក្រម បាន​ពន្យល់​បន្តថា តាមច្បាប់ នីតិវីធី​នៃ​ការ​ស៊ើបសួរ របស់​ចៅក្រម​ស៊ើបសួរ ក្នុងករណី នេះ​គឺមាន​រយៈពេល​នៃ​ការឃុំខ្លួន ជនជាប់ចោទ​បណ្តោះអាសន្ន ក្នុង​ពន្ធនាគារ រយៈពេល​ដល់​ទៅ ១៨ ខែ សម្រាប់​ចៅក្រម​ធ្វើការ​ស៊ើបអង្កេត ប្រមូល​ភស្តុតាង ទើប​បញ្ជូន​រឿង ទៅ​ឲ្យ​ចៅក្រម​ជំនុំជម្រះ ពិនិត្យ​ឯកសារ និង​ភស្តុតាង ហើយ​កំណត់​ថ្ងៃ​បើកសវនាការ ជំនុំជម្រះ​ទោស​ជនសង្ស័យ ទៅតាម​បទល្មើស ដែល​បានចែង​ក្នុង មាត្រា ៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ​។

 ចំពោះ​ឆ្មាំ​សក្យមុនី​ចេ​តី​យ នៅលើ​កំពូលភ្នំ​ព្រះរាជ​ទ្រព្យ ចំនួន​៥​នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខេត្តកណ្តាល ចាប់ខ្លួន​កាលពី​ខែធ្នូ ឆ្នាំ​២០១៣ ពីបទ​សង្ស័យ​លួច​ព្រះ​បរម សារីរិកធាតុ​នោះ ក៏ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ នៃ​សាលា​ដំ​បូ​ខេត្តកណ្តាល ចោទប្រកាន់​ពីបទ​លួច​មាន ស្ថាន​ទម្ងន់ទោស យោងតាម​តាម​មាត្រា ៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ​ផងដែរ ដែល​សមត្ថកិច្ច​សង្ស័យ ថា មានការ​ពាក់ព័ន្ធ​នឹង​ជនសង្ស័យ កែវ រស្មី នោះដែរ​។​

​ដោយឡែក ស្ត្រី ឈ្មោះ​សៀក សារ៉េត អាយុ​៣៩​ឆ្នាំ មុខរបរ លក់​មាស​នៅ​ផ្សារ​ព្រៃ​សណ្តែក ស្រុក​ទ្រាំង ខេត្តតាកែវ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដែរនោះ ត្រូវ​ជាប់ចោទ​ពីបទ ទ​ទូល​ផល​ចោរកម្ម​៕V/L
​ព្រះ​បរម​សារីរិកធាតុ ត្រូវបាន​ប្រគល់ជូន​ស​ម្តេច​ចៅ​ហ្វា​វាំង គង់ សំអុល ដង្ហែ​យកទៅ​ដ​ង្ក​ល់​ទុក នៅក្នុង​ព្រះបរមរាជវាំង
នៅវេលា​ម៉ោង ៩ ព្រឹក ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៤ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ ប្រធាន​នាយក​រដ្ឋា​ន​កណ្តាល​នគរបាល​យុត្តិធម៌ នៅ​ក្រសួងមហាផ្ទៃ បានធ្វើ​សន្និសីទកាសែត នៃ​ការបិទ​សំណុំរឿង​បឋម ទាក់ទង​ទៅនឹង​ជនសង្ស័យ ឈ្មោះ កែវ រស្មី អាយុ ២៤​ឆ្នាំ ដែលជា​អ្នកលួចយក ព្រះ​បរម​សារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ព្រះ​សក្យមុនីចេតិយ ភ្នំ​ឧដុង្គ
ជនសង្ស័យ លួច​យក ព្រះ​បរម​សារីរិកធាតុ ឈ្មោះ កែវ រស្មី និង​រថយន្ត​ថ្មី ដែល​ទើបនឹង​ទិញ
ស្ត្រី​អ្នកលក់​មាស នៅ​ផ្សារ​ព្រែក​សណ្តែក ឈ្មោះ សៀក សារ៉េត អាយុ​៣៩​ឆ្នាំ​
Share on Google Plus
    Blogger Comment
    Facebook Comment