ម៉ូតូកង់បី និងម៉ូតូរ៉ឺម៉ក ត្រូវបានគេមើលឃើញ អត់សណ្តាប់ធ្នាប់

ប្រភព៖ CEN
ភ្នំពេញ: ​ម៉ូតូ​កង់​បី និង​ម៉ូតូ​រ៉ឺម៉ក កំពុង​ធ្វើចរាចរ នៅលើ​ផ្លូវ​សាធារណៈ ក្នុង​ទីក្រុង​ភ្នំពេញ សព្វថ្ងៃ មាន​ចំនួន​ដល់​ប្រមាណ​ជាមួយ​ម៉ឺន​គ្រឿង​ហើយ និង​បន្ត​កើនឡើងរាល់ថ្ងៃ ចេញពី​សិប្បកម្ម​កែច្នៃ ជាង​៤០​កន្លែង និង​មួយចំនួន នាំចូល​មកពី​ក្រៅប្រទេស​។

​លោក​ព្រៀប ចាន់​វិបុល ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ បាន​និយាយ​ឲ្យ​ដឹង នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៤​ថា ម៉ូតូ​កង់​បី និង​ម៉ូតូ​រ៉ឺម៉ក នៅ​រាជធានី​ភ្នំពេញ សព្វថ្ងៃនេះ មាន​ចំនួន​ច្រើន និង​កើនឡើង រាល់ថ្ងៃ ធ្វើ​ឲ្យ​ចរាចរ ជួប​បញ្ហា​កាន់តែ​លំបាក ដោយសារ​អ្នកបើកបរ យានយន្ត​ទាំងពីរ​ប្រភេទ​នេះ គ្មាន​សណ្តាប់ធ្នាប់ និង​មិន​យល់​ពី​ច្បាប់​ចរាចរណ៍​។

​ប្រភព​ខាងលើ បាន​ឲ្យ​ដឹង​ទៀតថា ចរាចរណ៍ នៅក្នុង​ទីក្រុង ដែល​កាន់តែ​អាក្រក់​ទៅ សព្វថ្ងៃនេះ គឺ​ដោយសារតែ​ម៉ូតូ​កង់​បី និង​ម៉ូតូ​រ៉ឺម៉ក​។ ម៉ូតូ​កង់​បី និង​ម៉ូតូ​រ៉ឺម៉ក មាន​ចុះបញ្ជី តែ​នៅ​ភ្នំពេញ និង​ខេត្តសៀមរាប ហើយ​ថ្មីៗ​នេះ បានអនុញ្ញាត​ឲ្យ​នៅ​ខេត្ត​ព្រះសីហនុ​មួយទៀត​។

 ម៉ូតូ​កង់​បី និង​ម៉ូតូ​រ៉ឺម៉ក មាន​ចំនួន​កើនឡើង រាល់ថ្ងៃនេះ គួរ​ដល់ពេល​ត្រូវធ្វើ​ការទប់ស្កាត់ ការផលិត ​ការនាំ​ចូល​ហើយ​។​

​លោក​ជា ប៊ុនធឿន ប្រធាន​អង្គភាព​ចុះបញ្ជី​ទោចក្រយានយន្ត នៃ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៤​ថា ម៉ូតូ​កង់​បី ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវមាន​ចំនួន ២.៨៩០ គ្រឿង និង​ម៉ូតូ​រ៉ឺម៉ក មាន​ចំនួន ៥.៣៦៥ គ្រឿង​។

 ពេលនេះ ក្នុង​មួយថ្ងៃមាន​ម៉ូតូ​កង់​បី និង​ម៉ូតូ​រ៉ឺម៉ក ប្រមាណ​ជា ១០ គ្រឿង បានមក​ចុះបញ្ជី ។ តាម​ការប៉ាន់ស្មាន ​យានយន្ត​ទាំងពីរ​ប្រភេទ​នេះ​មាន​មិនតិចជាង​មួយ​ម៉ឺន​គ្រឿង​ទេ​។
​ម៉ូតូ​កង់​បី និង​ម៉ូតូ​រ៉ឺម៉ក ដែល​កំពុង​ធ្វើចរាចរ នៅលើ​ផ្លូវ​ក្នុង​ទីក្រុង សព្វថ្ងៃនេះ ត្រូវបាន​ប្រភព​ខាងលើ បញ្ជាក់ថា មាន​ចំនួន​ច្រើន​លើសលប់ ហើយ​និង​បង្កបញ្ហា​ស្មុគស្មាញ​ខ្លាំងណាស់នៅលើ​ផ្លូវ​សាធារណៈ​។

 ម៉ូតូ​កង់​បី​មួយចំនួន នាំចូល និង​មួយចំនួន ផលិត​នៅក្នុង​ស្រុក ជាមួយនឹង​ម៉ូតូ​រ៉ឺម៉ក នៅតាម​សិប្បកម្ម ជាង​៤០​កន្លែង នៅ​រាជធានី​ភ្នំពេញ។ ម៉ូតូ​កង់​បី និង​ម៉ូតូ​រ៉ឺម៉ក ដែល​គេ​បាន​ផលិត​រួចហើយ ត្រូវតែ​ផ្តល់​ស្លាក​លេខ​ឲ្យ​គេ ដើម្បី​គ្រប់គ្រង តែ​គួរ​ដល់ពេល​ត្រូវ​ទប់ស្កាត់ នៅ​កន្លែង​ផលិត​ហើយ​។ អង្គភាព បានស្នើ​ទៅ​សាលា​រាជធានី ម្តង​រួចមកហើយ ឲ្យ​ធ្វើការ​ទប់ស្កាត់​ការផលិត តែ​មិន ទាន់មាន​ចម្លើយ​ត្រឡប់មកវិញ​ទេ​។​

​លោក​ហេង ចាន់​ធា​រី ស្នងការរង​នគរបាល រាជធានី​ភ្នំពេញ ទទួល​ផែន​ចរាចរ បាន​និយាយ​ដោយ​ទទួលស្គាល់​នៅថ្ងៃនេះ​ដែរ​ថា ចំពោះ​ម៉ូតូ​កង់​បី និង​ម៉ូតូ​រ៉ឺម៉ក ដែល​ធ្វើ ចរាចរ មិន​គោរព​ច្បាប់​ច្រើនជាងគេ សព្វថ្ងៃនេះ មិនដឹងថា ត្រូវ​គ្រប់គ្រង​បែបណា​ទេ ។

 បញ្ហា​កកស្ទះ​សព្វថ្ងៃ កើតឡើង​ច្រើន គឺ​ដោយសារ​យាន​ទាំងពីរ​ប្រភេទ​នេះ​។ ម៉ូតូ​កង់​បី គេ​មាន​សមាគម ពេលដែល​គេ​ខុស ហើយ​សមត្ថកិច្ច​ឃាត់ទុក គេ​តែង​លើកគ្នា​មក​តវ៉ា ។
​ការអនុវត្ត​ច្បាប់​(​ចរាចរ​)​ដែល​ម្តង​ធូរ ម្តង​តឹង ទៅតាម​សភាពការណ៍​នយោបាយ ធ្វើ​ឲ្យ​មនុស្ស​មិន​គោរព​ច្បាប់​។ អ្នក​មិន​គោរព​ច្បាប់ គឺ​មិនដែល​គាំទ្រដល់​រាជរដ្ឋាភិបាល​ទេ​។ នៅពេល​ការគោរព​ច្បាប់ មិនសូវមាន​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរ កើតមានឡើង​ច្រើន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​សេដ្ឋកិច្ចសង្គម ក៏​ច្រើន​ដែរ​៕V/s
​ម៉ូតូ​កង់​បី​និង​រ៉ឺម៉ក​ម៉ូតូ ​ភាគច្រើន​ត្រូវបាន​គេ​មើលឃើញ​ធ្វើចរាចរ​បំពាន​ច្បាប់​
Share on Google Plus
    Blogger Comment
    Facebook Comment