​ក្រសួងសុខាភិបាល ហាម​ជក់បារី នៅ​កន្លែងធ្វើការ និង​ទីសាធារណៈ​

ប្រភព៖ CEN
ភ្នំពេញ: ​ក្រសួងសុខាភិបាល បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​សារាចរ​មួយ កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៤​ដោយ​ហាម​ជក់បារី នៅ​កន្លែងធ្វើការ និង​ទីសាធារណៈ ដើម្បី​ជាការ​កាត់បន្ថយ​នូវ​ហានិភ័យ ចំពោះ​សុខភាព​របស់​ប្រជាពលរដ្ឋ ក្រោម​ការប្រឹងប្រែង​រប​ស់​ក្រ​សួ​សុខាភិបាល អង្គ​សុខភាព​ពិភពលោក និង​អង្គការ​ចលនា​កម្ពុជា​ដើម្បី​សុខភាព (CMH)។​

​នៅក្នុង​សារាចរ ស្តីពី​វិធានការ​ហាមឃាត់​ការជក់ និង​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ និង​កន្លែង​សាធារណៈ បានចែង​ថាៈ “ ការជក់ ឬ​ការ​បង្ហុយផ្សែង ផលិតផល​ថ្នាំជក់ នៅតាម​កន្លែងធ្វើការ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា កន្លែង​សាធារណៈ កន្លែង​អគារ​សាធារណៈ​ចំហ កន្លែង​អគារ​សាធារណៈ​បិទ​ជិត មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ និង​នៅក្នុង​បរិវេណ​គ្រឹះស្ថាន​សុខាភិបាល គ្រឹះស្ថានសិក្សា ទារកដ្ឋាន សួន​កុមារ គ្រឹះស្ថាន​សាសនា សារមន្ទីរ រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ ស្ថានីយ៍​ប្រេងឥន្ធនៈ និង​កន្លែង​ងាយ​ឆាបឆេះ ត្រូវ​ហាមឃាត់​”​។​
​របាយការណ៍​ថ្មី​បំផុត របស់​អង្គការ​អង្កេត​ស្រាវជ្រាវ ស្តីពី​ថ្នាំជក់ ទៅលើ​មនុស្សពេញវ័យ នៅក្នុង​ប្រទេស​កម្ពុជា (NATS) បានឱ្យដឹងថា ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ​ជា ៨៤​ភាគរយ បាន​រង​នូវ​ការ​ស្រូប​ផ្សែង​បារី​ពី​គេ នៅតាម​ភោជនីយដ្ឋាន​នានា នៅ​ទីក្រុង ហើយ ៩០ ភាគរយ នៅតាម​ភោជនីយដ្ឋាន​នានា នៅ​ទីជនបទ​។ នេះ​ជា​អត្រា​ភាគរយ​ខ្ពស់បំផុត ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន​។​
​របាយការណ៍​ដែលជា​លទ្ធផល​ស្រាវជ្រាវ របស់​ក្រសួងផែនការ ឆ្នាំ​២០១១ បានឱ្យដឹងថា ប្រជាពលរដ្ឋ​កម្ពុជា ជិត ៩០ ភាគរយ កំពុង​ស្រូប​ផ្សែង​បារី​ពី​គេ នៅតាម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​, ៦០ ភាគរយ នៅតាម​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ និង​ជិត ៥០ ភាគរយ នៅ​កន្លែងធ្វើការ​។​
​នៅ​ប្រទេស​កម្ពុជា ជា​រៀង​ឆ្នាំ មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ ទាក់ទង​នឹង​ការប្រើប្រាស់​ថ្នាំជក់ ចំនួន​មួយ​ម៉ឺន​នាក់ ឬ ប្រមាណ​ជា ៣០ នាក់ ក្នុង​មួយថ្ងៃ​។​
​លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​លើក​ឡើ​ថា “ ទឹកប្រាក់​ជិត ១០០ លាន​ដុល្លារ​អាមេរិក ត្រូវបាន​ចំណាយ ទៅលើ​ការទិញ​ថ្នាំជក់ ក្នុង​មួយឆ្នាំៗ​។

 ថ្នាំជក់ គឺជា​មូលហេតុ​ចម្បង ដែលនាំឱ្យ​កើត​ជំងឺមហារីក ហើយ​តាម​លទ្ធផល​នៃ​ការវិភាគ​បឋម របស់​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត​(​ពេទ្យរុស្ស៊ី​) បាន​បង្ហាញថា ការចំណាយ​ទៅលើ​ការព្យាបាល ជំងឺមហារីក​មួយ​ករ​ណី ត្រូវ​ចំណាយ​ថវិកា​ជា​មធ្យម មួយ​ម៉ឺន​ដុល្លារ​អាមេរិក​។ នេះ​បានសេចក្តីថា ការចំណាយ​ទៅលើ​ក​ការព្យាបាល​ជំងឺ ដែល​បង្កឡើង​ដោយ​ថ្នាំជក់ មាន​ទំហំធំធេង ជាង​ចំនួន​ទឹកប្រាក់ (១០០ លាន​ដុល្លារ​) ដែល​ប្រើ​សម្រាប់​ទិញ​ថ្នាំជក់​” ។​

​លោក​វេជ្ជបណ្ឌិត ភី​ធឺ ជី​អឹម វ៉ាន់​ម៉ា​រ៉ែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជា បាន​លើកឡើងថា ជា​រៀងរាល់ឆ្នាំ ថ្នាំជក់​បានសម្លាប់​មនុ​ស្ស ៦ លាន​នាក់ ទូទាំង​ពិភពលោក ដែល​ក្នុងនោះ មាន​មនុស្ស ៦ សែន​នាក់ ស្លាប់​ដោយសារ​រង​នូវ​ការ​ស្រូប​ផ្សែង​បារី​ពី​គេ​។ ប្រសិនបើ​គ្មាន​វិធានការ ដ៏​មាន​ប្រសិទ្ធភាព ក្នុងការ​ត្រួតពិនិត្យ​ថ្នាំជក់​ទេ ចំនួន​នៃ​ការស្លាប់ ដែល​បណ្តាលមកពី​ការប្រើប្រាស់​ថ្នាំជក់​នេះ នឹង​កើន​ឡើងដល់ ៨ លាន​នាក់ គិត​ត្រឹម​ឆ្នាំ​២០២៣​។​

​ប្រទេស​កម្ពុជា មាន​រួចមកហើយ​នូវ​អនុក្រឹត្យ ស្តីពី​វិធានការ​ចំពោះ ការហាមឃាត់​ការផ្សាយពាណិជ្ជកម្ម ផលិតផល​ថ្នាំជក់ និង​អនុក្រឹត្យ ស្តីពី​ការបោះពុម្ព​សារ ព្រមាន​សុខភាព លើ​កញ្ចប់​បារី ។ ដូច្នេះ បូក​បន្ថែម​ដោយ​សារាចរ ស្តីពី​វិធានការ​ហាមឃាត់​ការជក់ និង​ការ​បង្ហុយផ្សែង ផលិតផល​ថ្នាំជក់ នៅ​កន្លែងធ្វើការ និង​កន្លែង​សាធារណៈ នេះ​មួយទៀត កម្ពុជា មាន​វិធានការ​ចំនួន​បី​ហើយ​។

​នៅ​ប្រទេស​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហ​បូរី ថៃ និង​ប្រទេស​វៀតណាម មាន​គោលនយោបាយ និង​បទបញ្ញត្តិ​ហាមឃាត់​ការជក់បារី​ប្រកបដោយ​ប្រសិទ្ធភាព​។​
​នៅក្នុង​សារាចរ ដែលមាន ៧ ចំណុច​នេះ បាន​តម្រូវឱ្យ​អ្នកគ្រប់គ្រង ឬ​ម្ចាស់​កន្លែងធ្វើការ កន្លែង​សាធារណៈ ឱ្យ​ដាក់​បម្រាម​ជក់បារី ហើយ​អ្នកគ្រប់គ្រង ឬ​ម្ចាស់​ទាំងនោះ ត្រូវ​អប់រំ​ណែនាំ​មិនឱ្យ​ជក់ ចំពោះ​ជន​ណា មិន​អនុវត្តតាម បម្រាម​នៃ​ការហាម​ជក់ ឬ​ការ​បង្ហុយ​ផលិតផល​ផ្សែង​បារី​។

 ករណី​មិន​អនុវត្តតាម អ្នកគ្រប់គ្រង ឬ​ម្ចាស់​កន្លែងធ្វើការ កន្លែង​សាធារណៈ ត្រូវ​អញ្ជើញ​អ្នក​ជក់​ឱ្យចេញ​ក្រៅ​។ ក្នុងករណី​ជន​នោះ មិន​អនុវត្តតាម (​មិន​ចេញ​ក្រៅ​) អ្នកគ្រប់គ្រង ឬ​ម្ចាស់​កន្លែងធ្វើការ កន្លែង​សាធារណៈ ត្រូវ​ស្នើសុំ​ទៅ​សមត្ថកិច្ច ដើម្បី​អប់រំ​ណែនាំ ឬ​អញ្ជើញ​អ្នក​ជក់​ចេញ​ក្រៅ​៕V
Share on Google Plus
    Blogger Comment
    Facebook Comment