លេស​ដ៏​ពេញ​និយម​របស់​យុវវ័យ​ដែល​ចង់​ទៅ​ជួប​គូ​ស្នេហ៍​នៅ​ទិវា​នៃ​ក្ដី​ស្រឡាញ់

នៅ តែ ២ថ្ងៃ ទៀត​ប៉ុណ្ណោះ ទិវា​នៃ​ក្ដី​ស្រឡាញ់ ឬ​យុវវ័យ​ហៅ​ថា ថ្ងៃ​បុណ្យ​សង្សារ​បាន​ចូល​មក​ដល់។ រៀងរាល់​ឆ្នាំ យុវវ័យ​ភាគ​ច្រើន​តែងតែ​ចេញ​ពី​ផ្ទះ​ទៅ​ណាត់​ជួប​សង្សារ ឬ​មិត្ដភក្ដិ​ដើម្បី​ដើរ​លេង​កម្សាន្ដ ឬ​ជូន​កាដូ​គ្នា​ទៅ​វិញ​ទៅ​មក ឬ​ក៏​រហូត​ដល់​ឡើង​សណ្ឋាគារ ឬ​ផ្ទះ​សំណាក់​ទៀត​ផង។

មាតា​បិតា​ជាច្រើន មិន​សូវ​ជា​ចូល​ចិត្ត​ប៉ុន្មាន​ទេ​ចំពោះ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ដោយ​ មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ជ្រុល​ជ្រួស​របស់​កូនៗ​ពួក​គេ​ក្នុង​រឿង​ ស្នេហា ម្យ៉ាង​ទៀត​បុណ្យ​នេះ​មិន​មាន​ទាក់​ទង​អ្វី​ជាមួយ​នឹង​វប្បធម៌​ខ្មែរ​ផង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​យុវវ័យ​មួយ​ចំនួន​តែង​តែ​នៅ​មិន​សុខ តែង​យក​លេស​នេះ​លេស​នោះ​ដើម្បី​បាន​ទៅ​ដើរ​លេង​ជាមួយ​មិត្ត​ប្រុស មិត្ត​ស្រី របស់​ពួក​គេ​ក្នុង​ទិវា​នៃ​ក្ដី​ស្រឡាញ់​បែប​បស្ចិម​ប្រទេស​មួយ​នេះ។

ប៉ុន្តែ​សម្រាប់​ទិវា​នៃ​ក្ដី​ស្រឡាញ់​ឆ្នាំ​នេះ​ប្រហែល​ជា​ពិបាក​បន្តិច ​សម្រាប់​យុវវ័យ​មួយ​ចំនួន​ដែល​ធ្លាប់​ប្រើ​ស្នៀត (លេស) ថា ទៅ​រៀន ដើម្បី​បាន​ចេញ​ទៅ​ដើរ​លេង​ជាមួយ​នឹង​មិត្តភក្ដិ ឬ​ក៏​សង្សារ​របស់​គេ ព្រោះ​ឆ្នាំ​នេះ​ថ្ងៃ ១៤ ខែ កុម្ភៈ ប៉ះ​ចំ​ថ្ងៃ​បុណ្យ​ជាតិ (មាឃបូជា) ដោយ​សិស្ស​និស្សិត​ទាំង​អស់​ត្រូវ​ឈប់​សម្រាក​ពី​ការ​សិក្សា និង​សាលា​ត្រូវ​បិទ​ទ្វារ គ្មាន​ថ្នាក់​រៀន​ទេ។

កញ្ញា លក្ខកេទី វ័យ ១៧ឆ្នាំ បាន​បង្ហើប​ប្រាប់​ពី​គម្រោង​របស់​ខ្លួន​ថា៖ «ថ្ងៃ​បុណ្យ​សង្សារ​ខាង​មុខ​នេះ ខ្ញុំ​នឹង​ប្រាប់​ប៉ា​ម៉ាក់​ថា ខ្ញុំ​សុំ​ទៅ​ដើរ​លេង ពីព្រោះ​រៀន​ច្រើន​ពេក ខ្ញុំ​ចង់​មាន​ពេល​សម្រាក​ខួរ​ក្បាល​ខ្លះ​ដើម្បី​កាត់​ស្ដ្រេស»។ ស្រប​គ្នា​នេះ​ដែរ យុវជន វិបូរ អាយុ ១៨ឆ្នាំ បាន​បន្ដ​ថា៖ «ខ្ញុំ​ចេញ​ទៅ​ដើរ​លេង​ធម្មតា ញ៉ាំ​អី និង​ទៅ​ក្លិប​កម្សាន្ដ»។

ចំណែក ឯ​យុវតី ជា សុជាតិ ជា​សិស្ស​ថ្នាក់ ទី១១ បាន​ប្រាប់​ពី​លេស​របស់​ខ្លួន​ថា៖ «ខ្ញុំ​នឹង​សុំ​ពួក​គាត់​ចេញ​ទៅ​ក្រៅ ដោយ​ប្រាប់​ថា ទៅ​ញ៉ាំ​អី​បន្ដិច​បន្ដួច។ ប៉ុន្ដែ​បើ​ពួក​គាត់​មិន​ព្រម ខ្ញុំ​នឹង​នៅ​តែ​ចេញ​ដដែល​ហ្នឹង»។

មិន​ខុស​ពី​យុវវ័យ​ខាង​លើ កញ្ញា តារា រស្មី វ័យ ១៨ឆ្នាំ បាន​ឲ្យ​ដឹង​ថា ម្ដាយ​របស់​កញ្ញា​តឹង​តែង​ណាស់ ហើយ​គាត់​ក៏​មិន​ចូល​ចិត្ដ​ថ្ងៃ​បុណ្យ​សង្សារ​នោះ​ទេ។ កញ្ញា រស្មី បាន​បន្ដ​ថា៖ «យ៉ាង​ណា​មិញ ខ្ញុំ​មាន​គម្រោង​រួច​ហើយ។ ខ្ញុំ​នឹង​ប្រាប់​ប៉ា​ម៉ាក់​ថា ខ្ញុំ​មាន​កិច្ចការ​សាលា​ត្រូវ​ធ្វើ​ជា​ក្រុម។ អ៊ីចឹង ខ្ញុំ​ត្រូវ​ចេញ​ទៅ​ប្រជុំ​ការងារ​ជា​ក្រុម​នៅ​ក្រៅ​ផ្ទះ»។

យើង​សង្កេត​ឃើញ​ថា រៀងរាល់​ថ្ងៃ ១៤ កុម្ភៈ ម្តងៗ នៅ​តាម​សណ្ឋាគារ ជា​ពិសេស ផ្ទះ​សំណាក់ សុទ្ធ​តែ​ទទួល​បាន​ភ្ញៀវ​ចូល​ពេញៗ​ដែល​ជា​សញ្ញា​បញ្ជាក់​ពី​ទង្វើ​ប្រាស​ចាក ​សីលធម៌​របស់​យុវវ័យ​ខ្មែរ​មួយ​ចំនួន។

 មាន​មតិ​មួយ​ចំនួន​បាន​យល់​ថា ទិវា​នៃ​ក្ដី​ស្រឡាញ់​បាន​ក្លាយ​ជា​ថ្ងៃ​បុណ្យ​ដែល​យុវវ័យ​មួយ​ចំនួន​យក​ ធ្វើ​ជា​ឱកាស​ក្នុង​ការ​ប្រគល់​ខ្លួន​ប្រាណ​ឲ្យ​គ្នា​ជា​ការ​ឆ្លុះ​បញ្ចាំង​ ពី ភាព​ស្រឡាញ់​របស់​គេ​ទៅ​វិញ។

កញ្ញា ឡេង លក្ខិណា ជា​និស្សិត​សាកល​វិទ្យាល័យ មេគង្គ​កម្ពុជា បាន​បញ្ជាក់​ថា៖ «ក្មេងៗ​ខ្លះ អាយុ​ពី ១៥ ទៅ ២៣ ឆ្នាំ ពួក​គេ​នឹង​រួមភេទ​ជា​ពិសេស​ក្នុង​ថ្ងៃ​បុណ្យ​សង្សារ​ហ្នឹង ដើម្បី​បញ្ជាក់​ក្តី​ស្រឡាញ់​របស់​ពួក​គេ។ អ្នក​ខ្លះ​អាច​ជ្រុល​ជ្រួស​រហូត​ដល់​មាន​ផ្ទៃពោះ​ទាំង​វ័យ​ក្មេង និង​ប្រឈម​នឹង​បញ្ហា​សុខភាព​ទៀត​ផង​ក៏​មាន»។

លោក​វេជ្ជបណ្ឌិត ណុប ធា បម្រើ​ការ​នៅ​អង្គការ រ៉ាក់ ខេត្ត កំពត បាន​ឲ្យ​ដឹង​ថា យុវវ័យ​មិន​គួរ​ឆ្លៀត​ពេល​យក​ឱកាស​នេះ​ដើម្បី​ធ្វើ​រឿង​ផ្តេស​ផ្តាស ប្រាស​ចាក​ពី​សីលធម៌ វប្បធម៌ និង ប្រពៃណី​នោះ​ទេ។

លោក​បាន​បន្ត​ថា៖ «ក្នុង​ថ្ងៃ​បុណ្យ​សង្សារ បើ​ក្មេង​ស្រីៗ​ប្រថុយ​ក្នុង​ការ​រួម​ភេទ​ដោយ​មិន​បាន​គិត ឬ​តាម​ការ​លួង​លោម​របស់​ដៃ​គូ​របស់​គាត់ គាត់​អាច​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កាមរោគ ដូចជា​ជំងឺ​អេដស៍ ជំងឺ ស្វាយ ប្រមេះ និង​ថ្លើម ព្រម​ទាំង​ការ​មាន​កូន​ដោយ​មិន​ចង់​បាន​ផង​ដែរ»៕
20140212_07

យុវវ័យ​សាសង​គ្នា​នៅទិវា​នៃ​ក្ដី​ស្រឡាញ់​កន្លង​មក​​។ រូប​ថត ផា លីណា​
Share on Google Plus
    Blogger Comment
    Facebook Comment