ភ្នំពេញ៖ ក្រសួងសុខាភិបាល និងអង្គការ មូលនិធិ ថែទាំសុខភាព អ្នកជំងឺអេដស៍ ហៅកាត់ថា AHF សហការគ្នា នឹងចែកស្រោមអនាម័យ ១សែនស្រោម នៅទិវា ស្រោមអនាម័យ អន្តរជាតិនិងទិវា នៃក្តីស្រឡាញ់ ថ្ងៃ ១៤ កុម្ភៈឆ្នាំ ២០១៤ ខាងមុខនេះ ដើម្បីលើក កម្ពស់ការយល់ដឹង ការពារបង្ការ HIV/AIDS។
ក្នុងទិវា នៃក្តីស្រឡាញ់ នៅថ្ងៃទី១៤កុម្ភៈ ដែលគេវាយតំលៃថា ជាទំនៀមទំលាប់ សម្រាប់ជនមួយ ចំនួនតូច ដែលនឹងប្រព្រឹត្តិ ការរួមភេទនោះ ស្រោមចំនួន១សែនស្រោម នឹងត្រូវចែកជូន ក្នុងយុទ្ធនាការ មួយដែល មានការសហការគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ មូលនិធិថែទាំ សុខភាព អ្នកជំងឺអេដស៍ហៅកាត់ថា AHF នៅទីតាំង ក្នុងរាជធានីភ្នំពេញ។
លោក ឈឹម សារ៉ាត់ ប្រធានការិយាល័ ប្រចាំតំបន់អាស៊ី នៃអង្គការ មូលនិធិថែទាំ សុខ ភាពអ្នកជំងឺអេដស៍( AHF) មានប្រសាសន៍ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំទិវា ស្រោមអនាម័យអន្តរជាតិ២០១៤ ថ្ងៃទី១០ ខែ កុម្ភៈថា ទីតាំងសំខាន់ៗ ចំនួន១០ ក្នុងរាជ ធានីភ្នំពេញ ត្រូវបានជ្រើសរើស ក្នុងការធ្វើយុទ្ធនាការនោះ ក្នុងនោះ មានដូចជា ទីវាលកោះពេជ្រ ស៊ីធីម៉ល ពហុកីឡដ្ឋានជាតិ ផ្សារសំាហាន់ ទីកន្លែងកំសាន្ត ចំការព្រីង ផ្សារទំនើបនានា ទីប្រជុំជន កន្លែងកំសាន្តសប្បាយ និងទីប្រជុំផ្សេងទៀត។
សភាពការណ៍ នេះត្រូវគេចាត់ទុកថា គ្រោះថ្នាក់ អាចនឹង មានមនុស្ស ឆ្លងជំងឺអេដស៍ ឬវីរុសហ៊ីវថ្មី។ លោក បន្តថា សម្រាប់យុទ្ធនាការឆ្នាំនេះ នឹងមាន បន្ថែមការ ធ្វើតេស្តឈាម រកមេរោគអេដស៍ ផងដែរ។
លោក ឡុង ឡាវី អនុប្រធានមន្ទីរ សុខាភិបាលរាជធានី ភ្នំពេញ មានប្រសាសន៍ថានេះ ជាយុទ្ធនាការមួយ ក្នុងការ ទប់ស្កាត់ មេរោគអេដស៍ ដែលមាន ប្រសិទ្ធភាព ចំណាយថវិកាតិច ទទួលបានប្រយោជន៍ច្រើន។លោកបន្តថា មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ក្នុងរាជធានីភ្នំពេញ នឹងចុះទៅតាមគោលដៅ នីមួយៗក្នុងយុទ្ធនាការនេះ។
លោកបន្តថា សង្គ្រាមក្នុងការប្រយុទ្ធ នឹងមេរោគអេដស៍ មិនទាន់ចប់នៅឡើយទេ លុះត្រាតែ ពិភពលោកទទួលបាន ជោគជ័យរឺលុបបំបាត់ បានទាំងស្រុងមេរោគអេដស៍ ដែលបញ្ហានេះ ទាមទារឲ្យ មានកិច្ចសហការ គ្រប់ជ្រុងជ្រោយ៕

Blogger Comment
Facebook Comment