SSCA បញ្ជា​ឲ្យ FBC ផ្អាក​ហោះ​ហើរ

ភ្នំពេញៈ រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល (SSCA) នឹង​អនុវត្ត​ច្បាប់​ក្នុង​ស្រុក​ដើម្បី​ផ្អាក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Flying Boat Cambodia (FBC) ដែល​ជា​ប្រតិបត្តិករ​ទេសចរណ៍​យន្តហោះ​ជិះ​កម្សាន្ត​ធុន​តូច​ដែល​គ្មាន​អាជ្ញាប័ណ្ណ បន្ទាប់​ពី​លិខិត​បញ្ឈប់​ដំណើរការ​ចំនួន ៣ ច្បាប់​ត្រូវ​បាន​បញ្ជូន​ទៅ​ហើយ​គ្មាន​ចម្លើយ​តប​មក​វិញ។

SSCA បាន​ចេញ​លិខិត​បញ្ជា​មួយ​ចុះ​ថ្ងៃ ទី១២ ខែ ធ្នូ ឆ្នាំ ២០១៣ ដល់​ក្រុមហ៊ុន FBC ពោល​គឺ​រយៈ​ពេល​ជាង ៧ខែ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បាន​ទទួល​ការ​យល់​ព្រម​ជា​គោលការណ៍​ពី​ការិយាល័យ​របស់​អភិបាល​ខេត្ត ព្រះសីហនុ សម្រាប់​សេវាកម្ម​ទេសចរណ៍​កម្សាន្ត​ដើម្បី​មើល​ទេសភាព​របស់​ខ្លួន។

ដោយ​សារ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​នឹង​របាយ​ការណ៍​ដែល​ថា ក្រុមហ៊ុន FBC នៅ​តែ​ធ្វើ​ការ​ហោះ​ហើរ SSCA បាន​ចេញ​លិខិត​បញ្ជា​ទីពីរ​កាល​ពីថ្ងៃ ទី៣ ខែ មករា ឆ្នាំ ២០១៤ និង​លិខិត​បញ្ជា ទី៣ កាល​ពី​ថ្ងៃ ទី២៣ ខែ មករា។

លិខិត​ចុះ​កាលបរិច្ឆេទ​ថ្ងៃ ទី៣ ខែ មករា បាន​ឲ្យ​ដឹង​ថា៖ «រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​សូម​ផ្អាក​ការ​ហោះ​ហើរ​របស់​ក្រុមហ៊ុន Flying Boat Cambodia ជា​បន្ទាន់​រហូត​ដល់​ក្រុមហ៊ុន​នេះ​បាន​បំពេញ​បែប​បទ​បច្ចេកទេស និង​ធ្វើ​ការ​ចុះ​បញ្ជី​បច្ចេកទេស​អាកាសយាន»។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញាប័ណ្ណ​យន្ត​ហោះ​កម្សាន្ត​ធុន​តូច​តែ​មួយ​ប៉ុណ្ណោះ​នៅ​កម្ពុជា។
លោក ឈុន ស៊ីវន អនុ​ប្រធាន​ប្រតិបត្តិការ​ហោះ​ហើរ​និង​សុវត្ថិភាព​ផ្លូវ​អាកាស​នៃ​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​អះអាង​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​និយតករ​ដើម្បី​ផ្អាក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន FBC ដោយ​សារ​តែ​មាន​ការ​បារម្ភ​ថា ការ​ហោះ​ហើរ​កម្សាន្ត​មើល​ទេសភាព​របស់​ពួកគេ​កំពុង​ប៉ះពាល់​ដល់​ផ្ទៃ​អាកាស​ហាម​ឃាត់​របស់​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង ព្រះ​សីហនុ។

លោក ស៊ីវន បាន​បន្ត​ថា៖ «ពួក​គេ​ចាំ​បាច់​ត្រូវ​ហោះ​ហើរ​ដោយ​មាន​ការ​អនុញ្ញាត​ពី SSCA និង​ព្រលាន​យន្តហោះ​ក្រុង ព្រះ​សីហនុ ដែល​មាន​ជើង​ហោះ​ហើរ​ជាច្រើន។ ពួក​គេ​កំពុង​ហោះ​ហើរ​នៅ​លើ​ផ្លូវ​នោះ»។

លោក​លើក​ឡើង​ថា៖ «ជា​អកុសល វិធានការ​បន្ទាប់​នឹង​ត្រូវ​ពាក់ព័ន្ធ​ជាមួយ​នឹង​អាជ្ញាធរ​ក្នុង​ស្រុក»។
លោក ហ៊ុន ឈឿន ប្រធាន​ព្រលាន​យន្តហោះ​ក្រុង ព្រះ​សីហនុ បាន​ថ្លែង​ថា ក្រុមហ៊ុន FBC កំពុង​ហោះហើរ​ដោយ​សេរី​កាត់​តាម​ផ្ទៃ​អាកាស​ហាម​ឃាត់ ហើយ​លោក​បាន​ជំរុញ​ឲ្យ SSCA ផ្អាក​សកម្មភាព​អាជីវកម្ម​របស់​ពួកគេ​ជា​បន្ទាន់។

លោក​បាន​ថ្លែង​បន្ត​ថា៖ «វា​គឺជា​ហានិភ័យ​មួយ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍។ បើ​ទោះ​ជា​គ្មាន​នរណា​ម្នាក់​ទទួល​រងគ្រោះ​ក៏​ដោយ ប៉ុន្តែ​វា​ពិត​ជា​មាន​ហានិភ័យ​ប្រសិន​បើ​ពួក​គេ​មិន​ធ្វើ​តាម​ការ​អនុញ្ញាត​របស់​ព្រលាន​យន្តហោះ​និង SSCA ហើយ​អ្វីៗ​អាច​កើត​ឡើង​បាន»។

 លោក​លើក​ឡើង​ថា លោក​បាន​ទាក់ទង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ក្នុង​មូលដ្ឋាន​ដើម្បី​បញ្ឈប់ ដំណើរ​ទេសចរណ៍​ហោះ​ហើរ​ដោយ​សេរី ដោយ​ក្នុង​ម្នាក់​មាន​តម្លៃ ៥០ ដុល្លារ​អាមេរិក។

ប៉ុន្តែ​លោក លឹម វណ្ណាដេត ម្ចាស់​ក្រុមហ៊ុន FBC បាន​ច្រាន​ចោល​ការ​អះអាង​ថា អ្នក​បើក​បរ​យន្តហោះ​របស់​លោក​បាន​ហោះ​ហើរ​ចូល​ទៅ​ក្នុង​ផ្ទៃ​អាកាស​ហាម​ឃាត់ ហើយ​បាន​និយាយ​ថា លោក​បាន​ប៉ុន​ប៉ង​ទាក់ទង​ទៅ SSCA តាម​ទូរស័ព្ទ​ជាច្រើន​ដង ប៉ុន្តែ​មិន​អាច​ទទួល​បាន​ជំនួយ​ណា​មួយ​ទេ។

 លោក​បន្ត​ថា៖ «ខ្ញុំ​បាន​ផ្ញើ​ឯកសារ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ហោះ​ហើរ​យន្តហោះ​កម្សាន្ត​ធុន​តូច​នេះ​ជា​ផ្លូវ​ការ​ជាង​មួយ​ខែ​ហើយ»។
លោក​បាន​បញ្ជាក់​ថា លោក​មិន​បាន​បញ្ឈប់​ប្រតិបត្តិការ​ហោះ​ហើរ​ភ្លាមៗ​នៅ​ពេល​ទទួល​បាន​លិខិត​បញ្ជា​របស់ SSCA នោះ​ទេ ដោយ​សារ​តែ​ក្រុមហ៊ុន​របស់​លោក​កំពុង​ហ្វឹក​ហ្វឺន​អ្នក​បើកបរ​យន្តហោះ។

 លោក​បន្ថែម​ថា៖ «រដូវ​ភ្ញៀវ​ទេសចរ​គឺ​មាន​រយៈ​ពេល​ខ្លី​ណាស់ តែ​ពីរ​ឬ​បី​ខែ​ប៉ុណ្ណោះ»។
លោក​បាន​ជំរុញ​ឲ្យ SSCA មាន​ភាព​បត់​បែន​ជាមួយ​ប្រតិបត្តិករ​អាជីវកម្ម​ធុន​តូច​ទាក់​ទង​នឹង ច្បាប់​ផ្ដល់​អាជ្ញាប័ណ្ណ​ហោះ​ហើរ​យន្តហោះ​កម្សាន្ត​ធុន​តូច។

 យន្តហោះ ៤ គ្រឿង​របស់​លោក​មាន​តម្លៃ​ប្រហែល ៣០ ០០០ ដុល្លារ​ក្នុង​មួយ​គ្រឿង គឺជា​សកម្មភាព​របស់​ភ្ញៀវ​ទេសចរ​ដ៏​ពេញ​និយម​ចាប់​តាំង​ពី​ការ​បើក​ដំណើរការ​កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៣ មក៕ PB
140212_15
Share on Google Plus
    Blogger Comment
    Facebook Comment