ចំណូល​​​ពី​ទេសចរណ៍​បន្ត​កើន

ប្រភព៖ Postkhmer
ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ពី​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ចំណូល​ពី​វិស័យ​ទេសចរណ៍​សរុប​ក្នុង​ឆ្នាំ​២០១៣ បាន​កើន​ដល់ ២ ៥៤៧ លាន​ដុល្លារ ប៉ុន្តែ​អ្នក​ឃ្លាំមើល​អំពី​ចំណូល​ក្នុង​វិស័យ​នេះ​បាន​លើកឡើង​ថា ចំណូល​ចូល​រដ្ឋ​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា តួលេខ​នៃ​ចំណូល​សរុប​នេះ​បាន​កើន​១៥​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១២។

លោក​បញ្ជាក់​ថា តួលេខ​នេះ​ជា​ចំណូល​ជាតិ​សរុប មិនមែន​ជា​ចំណូល​ថវិកា​រដ្ឋ​នោះ​ទេ​។ លោក​ថ្លែង​ថា​៖ «​មាន​ន័យ​ថា​គេ​[ភ្ញៀវទេសចរ] យក​មក​ចាយ​លើ​អ្វី​ក៏ដោយ ឲ្យ​តែ​ចាយ​ក្នុង​ស្រុក​យើង ចាយ​លើ​ភោជនីយដ្ឋាន ម្ហូបអាហារ ការ​ស្នាក់នៅ ហូបចុក ដឹកជញ្ជូន ទិញ​វត្ថុ​អនុស្សាវរីយ៍ ចាយ​លើ​អ្វី​ទាំងអស់​ឲ្យ​តែ​គេ​យក​លុយ​មក​ទម្លាក់​នៅ​ស្រុក​យើង ហៅ​ថា​ចំណូល​ជាតិ​»​។

ទោះ​យ៉ាង​ណា លោក​មិន​បាន​បង្ហាញ​ពី​ចំណូល​ថវិការដ្ឋ បាន​ពី​វិស័យ​នេះ​នោះ​ទេ​ដោយ​បង្វែរ​សំណួរ​នេះ​ទៅ​កាន់​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ជា​អ្នក​គ្រប់គ្រង​លើ​ការ​ប្រមូល​ពន្ធ​។
មន្ត្រី​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ចំនួន និង​ការ​ប្រើប្រាស់​ចំណូល​ពន្ធ​ដែល​ទទួល​បាន​ពី​ក្នុង​វិស័យ​ទេសចរណ៍​នេះ​ទេ កាលពី​ម្សិលមិញ។

លោក សុន ឆ័យ មន្ត្រី​ជាន់ខ្ពស់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ថា ខណៈ​ចំណូល​ជាតិ​សរុប​ពី​វិស័យ​ទេសចរណ៍​នេះ​បន្ត​កើនឡើង ថវិការដ្ឋ​ដែល​ប្រមូល​ពី​វិស័យ​នេះ​នៅ​តែ​តិច​ជាង​ការ​រំពឹង​ទុក។ លោក​ថ្លែង​ថា​៖ «យើង​ឃើញ​ថា ចំណូល​នេះ​បាន​ចូល​ទៅ​ថវិកា​ជាតិ​តិច​មែនទែន​។

 យ៉ាង​ហោច​ណាស់​ក៏​យើង​អាច​រក​បាន​ប្រមាណ ៥០០​លាន​[ដុល្លារ]​ដែរ​សម្រាប់​ថវិកា​ជាតិ​។ ជាទូទៅ​តាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចំណូល​ជូន​រដ្ឋ​មិន​បាន​៤០​លាន​ដុល្លារ​ផង​។ នេះ​ជា​បញ្ហា​»​។
លោក​បន្ត​ថា៖ «វិស័យ​នេះ​ជា​វិស័យ​សំខាន់ ខ្ញុំ​ជឿ​ថា មិន​តិច​ជាង​១០០​លាន​ដុល្លារ​ទេ​នៅក្នុង​មួយ​ឆ្នាំៗ​ដើម្បី​ការ​ចំណាយ​។ នៅ​មាន​ចំណូល​ក្រៅ​ផ្លូវការ​ច្រើន​ទៀត​»។

លោក អាង គឹមអៀង ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍ Great Angkor Tour បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ទេសចរណ៍​ទាំងអស់​សុទ្ធតែ​តម្រូវ​ឲ្យ​បង់​ពន្ធ​អាស្រ័យ លើ​ប្រភេទ​អាជ្ញាប័ណ្ណ​ដែល​ក្រុមហ៊ុន​នីមួយៗ​បាន​ចុះ​បញ្ជី​។

ជាក់ស្តែង​ក្រុមហ៊ុន​របស់​លោក​ដែល​មាន​តួនាទី​ជា​អ្នក​លក់​សេវា ទេសចរណ៍ ក៏​តម្រូវ​ឲ្យ​បង់​ពន្ធ​ជូន​រដ្ឋ​ដែរ។
លោក​បាន​បន្ត​ថា​៖ «​ពន្ធ​ដែល​ត្រូវ​បង់​មាន ពន្ធ​កាត់​ទុក​១​ភាគរយ និង​ពន្ធអាករ​លើ​តម្លៃ​បន្ថែម ១០​ភាគរយ ដែល​ត្រូវ​បង់​ជា​រៀងរាល់​ខែ និង​មាន​ពន្ធ​លើ​ប្រាក់​ចំណេញ​បន្ថែម​ទៀត​ដែល​ត្រូវ​បង់​ប្រចាំ​ឆ្នាំ​»។

លោក សុខ ច័ន្ទមុន្នី តំណាង​សមាគម​សេវាកម្ម​ដឹកជញ្ជូន​កម្ពុជា​លើក​ឡើង​ថា បច្ចុប្បន្ន​១០​ភាគរយ​នៃ​តម្លៃ​សំបុត្រ​ធ្វើ​ដំណើរ​ត្រូវ​បាន​បង់​ជា ពន្ធ​ជូន​រដ្ឋ ហើយ​នៅ​មាន​ពន្ធ​ជា​កាតព្វកិច្ច​ផ្សេង​ទៀត​ដែល​ក្រុមហ៊ុន​បម្រើ​សេវា ដឹកជញ្ជូន​ត្រូវ​បង់។

 លោក​បន្ថែម​ថា​៖ «​ខ្ញុំ​មិន​ដឹង​ថា រដ្ឋ​យក​ទៅ​ប្រើប្រាស់​យ៉ាង​ណា​ទេ? ខ្ញុំ​ជឿ​ថា ថវិកា​នោះ​នឹង​ចូល​រដ្ឋ​»​។

ភ្ញៀវទេសចរ​មក​ទស្សនា​នៅ​កម្ពុជា​សរុប​នៅ​ឆ្នាំ​២០១៣ មាន​៣ ៥៨០ ០០០ នាក់ កើន​១៧,៨ ភាគរយ​ធៀប​ឆ្នាំ​២០១២៕
140212_11
ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ទៅ​ទស្សនាប្រាសាទអង្គរវត្តនា​ពេល​កន្លងមក​​។ រូបថត ហេង ជីវ័ន
Share on Google Plus
    Blogger Comment
    Facebook Comment