នគរបាល ខណ្ឌទួលគោក ចាប់ខ្លួន ជនសង្ស័យភេទទី៣ បានម្នាក់ បន្ទាប់ពី ទទួលពាក្យបណ្តឹងពីជនរង គ្រោះថា លួចលុយអស់ជាង ២ ពាន់ដុល្លារ

ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ កងកម្លំាងនគរបាល នៃអធិការដ្ឋាន ខណ្ឌទួលគោក នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ បានចាប់ឃាត់ខ្លួន ជនសង្ស័យជាភេទទីបី បានម្នាក់ នៅផ្ទះជួលមួយកន្លែងលេខ ០៧ ផ្លូវរលំ សង្កាត់ទឹកថ្លា ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានពាក្យបណ្តឹង របស់ជនរងគ្រោះថា បានលួចលុយអស់ ជាង ២.០០០ដុល្លារ ខណៈស្រវឹង ដេកលង់លក់ក្នុងរថយន្ត ។

បើតាមនគរបាលខណ្ឌ បានឲ្យដឹងថា បន្ទាប់ពីទទួលបាន ពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ តារា ភេទ ប្រុស អាយុ ៣៤ឆ្នាំ ថា មានករណីលួចយកកាបូបលុយនោះ កងកម្លំាងនគរបាលខណ្ឌ បានចុះអន្តរាគមន៍ តាមស្រាវជ្រាវ រកមុខសញ្ញា រហូតឈានទៅដល់ការចាប់ខ្លួនជនសង្ស័យបានម្នាក់ រួមនឹងវត្ថុតាង មានទឹក ប្រាក់មួយចំនួន ឧបករណ៍ជក់គ្រឿងញៀនមួយ សក់ក្លែងក្លាយចំនួន៤ និងសម្ភារៈមួយចំនួនទៀត។

មន្រ្តីនគរបាលបានបន្តថា ជនសង្ស័យជាភេទទីបីនេះ មានឈ្មោះថា សោម វណ្ណា ភេទប្រុស អាយុ ២៥ឆ្នាំ មុនរបរ មិនពិតប្រាកដ និងបក្ខពួកចំនួនពីរនាក់ទៀត ជិះម៉ូតូមួយគ្រឿង កាលពីយប់រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ បានធ្វើសកម្មភាពលួចយកលុយ ពីជនរងគ្រោះជាង ២.០០០ដុល្លារ ខណៈជនរងគ្រោះស្រវឹង ហើយដេកលក់មួយភំាង ក្នុងរថយន្តនៅស្ថានីយប្រេង កាល់តិច ខាងមុខមជ្ឈ មណ្ឌលម៉ុងឌីយ៉ាល់។

សូមបញ្ជាក់ផងដែរថា ជនសង្ស័យជាភេទទីបី ឈ្មោះ សោម វណ្ណា នេះ ក៏ជាមុខសញ្ញាចាស់ ធ្លាប់លួច លុយតាមរថយន្តពេលយប់ ហើយក៏ធ្លាប់ជាប់ពន្ធនាគារផងដែរ កាលពីឆ្នាំ២០១០ ។

បច្ចុប្បន្នកងកម្លំាង មានសមត្ថកិច្ច កំពុងស្វែងរកចាប់ខ្លួនមុខសញ្ញាបន្ត ហើយជនសង្ស័យកំពុង ឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋានទួលគោក ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការតាមនីតិវិធីច្បាប់ ៕
Share on Google Plus
    Blogger Comment
    Facebook Comment