ភ្នំពេញ៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភលោកបានឲ្យដឹងថា បានរកឃើញករណីថ្មីមួយទៀត ដែលជាករណីទី ៣ក្នុងឆ្នាំ២០១៤នេះនៃជំងឺផ្តាសាយបក្សី H5N1 កើតលើកុមារាអាយុ ៤ឆ្នាំម្នាក់ រស់នៅ ភូមិក្បាលត្រាច ឃុំស្រែថា ស្រុកស្នួល ខេត្តក្រចេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅរសៀលថ្ងៃពុធនេះថា កុមារាម្នាក់នេះ ត្រូវបានបញ្ជាក់ថា បានឆ្លងជម្ងឺផ្តាសាយបក្សី H5N1។ ដោយសារ កុមារមានរោគសញ្ញា មិនសូវធ្ងន់ធ្ងរ បច្ចុប្បន្នមានស្ថានភាពសុខភាពល្អវិញ ក្រោយពីត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកក្រចេះ កាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៤ និងទទួលបានការព្យាបាលដោយឳសថ Tamiflu។
តាមការស៊ើបអង្កេតក្នុងករណីក្មេងប្រុសនេះ បានបង្ហាញថា មាន់ប្រមាណជា ៣៥០ក្បាលបានស្លាប់នៅក្នុងភូមិរបស់ក្មេងប្រុសរស់នៅ កាលពីពាក់កណ្តាលខែមករា និងកុមារាបានប៉ះពាល់ជាមួយបក្សីឈឺនិងងាប់ ក្នុងអំឡុង៦ថ្ងៃ មុនកុមារមានរោគសញ្ញា។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ក្នុងសេចក្តីប្រកាសនោះថា«ជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋកម្ពុជា»។
លោករដ្ឋមន្ត្រីបញ្ជា្កក់ថា « ខ្ញុំសូមរឮកថា ឪពុកម្តាយ និងអ្នកថែទាំកុមារទាំងអស់ ត្រូវដាក់កុមារនៅឲ្យឆ្ងាយពីសត្វបក្សីឈឺឬងាប់ មិនព្យាយាមឲ្យកុមារលេងឲ្យឆ្ងាយពីកន្លែងមានសត្វបក្សី និងលាងដៃឲ្យបានញឹកញាប់»។
លោកបានណែនាំថា «ប្រសិនបើពួកគេមានដង្ហើមញាប់ ឬពិបាកដកដង្ហើម ត្រូវនាំកុមារទៅរកការព្យាបាលនៅជាបន្ទាន់នៅគ្រឹះស្ថានសុខាភិបាល ដែលនៅជិតផ្ទះរបស់លោកអ្នកបំផុត ហើយត្រូវប្រាប់មន្ត្រី សុខាភិបាលអំពីប្រវត្តិប៉ះពាល់ជាមួយសត្វបក្សីងាប់»។
សូមបញ្ជាក់ថា នេះជាករណីទី៣ ក្នុងឆ្នាំនេះ និងជាករណីទី៥០ ដែលឆ្លងវីរុសផ្តាសាយបក្សី H5N1។ ៣៨ ករណី ក្នុងចំណោម ករណីផ្តាសាយបក្សីទាំង៥០ ដែលកើតមានឡើង នៅកម្ពុជា កើតលើកុមារអាយុក្រោម ១៤ឆ្នាំ និង២៧ករណី ក្នុងចំណោមករណីផ្តាសាយបក្សីទាំង៥០ជានារី ប៉ុន្តែមានតែ ១៦ ករណីដែលនៅមានជីវិត ចាប់តាំងពីមានជំងឺផ្តាសាយបក្សីលើកដំបូងនៅកម្ពុជាក្នុងឆ្នាំ២០០៥មក។

Blogger Comment
Facebook Comment