ប្រភព LookingTODAY
ភ្នំពេញ៖ ចាប់ពីចុងឆ្នាំ ២០១៣ ដល់ ដើមឆ្នាំ២០១៤ នេះតម្លៃជ័រកៅស៊ូ របស់កម្ពុជា បានធ្លាក់ចុះគួរឲ្យគត់សម្គាល់ ពោលគឺធ្លាក់ចុះពីជាង ២ពាន់ដុល្លារ ក្នុង១តោន មកនៅត្រឹមតែ ១៩០០ដុល្លារ ក្នុង១តោនប៉ុណ្ណោះ។
ថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤ លោក ម៉ែន សុភ័ត្រ្ត អគ្គនាយករងក្រុមហ៊ុន សុភ័ត្រ្តនីកា បានឲ្យដឹងថា តម្លៃជ័រកៅស៊ូមាន ការធ្លាក់ចុះ គួរឲ្យបារម្ភ ។
លោកថា ការធ្លាក់ចុះតម្លៃនេះ ដោយសារតែតម្លៃ ជ័រនៅលើទីផ្សារអន្តរជាតិ មានការធ្លាក់ចុះខ្លាំង ហើយរោងចក្រមួយចំនួន ដែលទទួលទិញ ជ័រកៅស៊ូស្តុកទុក ក៏ប្រឈមនិងការខាតបង់ដែរ។
លោកបន្តថា«តម្លៃលក់បានខ្ពស់ជាងគេ គឺប្រទេសម៉ាឡេស៊ី ហើយម៉ាឡេស៊ីនេះទៀតសោត នៅតែជាទីផ្សារនាំមុខ សម្រាប់នាំទៅកាន់ ទីផ្សារអន្តរជាតិ ព្រោះម៉ាឡេស៊ី ដែលមានប្រវត្តិល្អ ក្នុងការដាំដុះជ័រកៅស៊ូ ដែលមានផ្ទៃដីដាំដុះធំជាងគេ នៅក្នុងពិភពលោក ដោយគុណភាពជ័រកៅស៊ូ របស់ម៉ាឡេស៊ីម ក៏ត្រូវបានទទួលស្គាល់ ជាលក្ខណៈអន្តរជាតិផងដែរ “។
បើតាមលោក ម៉ែន សុភ័ត្រ្ត បញ្ជាក់ថា មិនមែនតែកម្ពុជានោះទេ ដែលតម្លៃកៅស៊ូធ្លាក់ចុះ ពោលគឺក្នុងប្រទេសក្នុងតំបន់ មានការធ្លាក់ចុះស្ទើរតែ ទាំងអស់។រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញា ក្នុងការនាំចេញកៅស៊ូ របស់កម្ពុជានឹង ឤចមានចំនួន លើស ពី ២០ម៉ឺនតោននៅមុនឆ្នាំ ២០២០ខាងមុខខណៈ ដែលក្នុងឆ្នាំ ២០១៣ ការនាំចេញកៅស៊ូ មានចំនួន ៧ម៉ឺន៤ពាន់តោន ដែលកើនឡើងពី ៥ម៉ឺន៥ពាន់តោន ក្នុងឆ្នាំ២០១២ ។
គួរបញ្ជាក់ថា កម្ពុជាទទួលបាន ចំណូលគិតជា ទឹកប្រាក់ចំនួន ១៧០លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០១៣ កើនឡើង ៦ភាគរយ គិតជាទឹកប្រាក់ចំនួន ១៦០ លានដុល្លារ អាម៉េរិក ធៀបនឹងឆ្នាំ ២០១២។ ជ័រកៅស៊ូស្ងួត របស់កម្ពុជា បានលក់ទៅឲ្យប្រទេសចិន កូរ៉េខាងត្បូង សិង្ហបុរី ម៉ាឡេស៊ី និង ប្រទេស នៅអឺរ៉ុប មួយ ចំនួនទៀត៕
Blogger Comment
Facebook Comment