ក្រុមហ៊ុន អេហ្សិត កំពុងសិក្សា គំរោងធ្វើផ្លូវ ហាយវ៉េគំរូ ទៅខេត្តព្រះសីហនុ

ប្រភព ដើមអម្ពិល
កំពង់ស្ពឺៈ ក្រុមហ៊ុនអេហ្សិត អ៊ិនវេសមិនគ្រុប(AZ Investment Group)កំពុងសិក្សាគំរោងធ្វើផ្លូវ ហាយវ៉េគំរូ ទៅ កាន់ខេត្តព្រះសីហនុ ហើយតាមការគ្រោងទុក ដែលខ្លួនកំពុងសិក្សានោះ គឺនឹងចាប់ផ្តើមនៅឆ្នាំ២០១៤នេះ ដែល មានប្រវែងប្រមាណ២០គីឡូម៉ែត្រ។

គម្រោងសិក្សា សាងសង់ផ្លូវភ្លោះនេះ (ផ្លូវហាយវ៉េ) គឺចាប់ពីចំណុចគីឡូម៉ែត្រ លេខ៥២ (ម្តុំកណ្តុរដុំ) ដល់៧២ (ផ្សារត្រពាំងក្រឡឹង) ហើយនឹងត្រូវចំណាយប្រាក់ ប្រមាណ២០លានដុល្លារអាម៉េរិក តែយ៉ាងណាក្តី គេមិនបាន បញ្ជាក់ពេលវេលាច្បាស់លាស់ថា នឹងត្រូវសាងសង់ពេលណានោះឡើយ។

លោក ជួន វ៉ាន់ឌន នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន បានថ្លែងប្រាប់អ្នកសារព័ត៌មាន នា ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៤នេះថា ក្រុមហ៊ុនមិនទាន់និយាយថា នឹងត្រូវសាងសង់ពេលណានោះទេ តែនា ពេលនេះក្រុមហ៊ុនរបស់លោក កំពុងធ្វើការសិក្សានិងវាយតម្លៃ ចំពោះស្ថាន ភាពនៅឡើយ។

លោកបានមានប្រសាសន៍ បញ្ជាក់ថា ”តាមគំរោងនេះ យើងនឹងធ្វើចំនួន២០គីឡូម៉ែត្រ ហើយបើតាមស្តង់ដារ គឺនឹងត្រូវចំណាយ ២០លានដុល្លារ តែយើងធ្វើការសិក្សាសិន អានេះគឺជាការប៉ាន់ស្មានជាបឋមនៅឡើយទេ។

 ការអនុវត្តជាក់ស្តែង គំរោងនឹងសិក្សាបន្តទៀត… ជាធម្មតាយើងនឹង អភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយខ្ញុំសូមបញ្ជាក់ ថា គំរោងនេះមិនទានមួយរយភាគរយនោះទេ យើងសិក្សាសិន ថាតើក្រុមហ៊ុនអាចមានលទ្ធភាព ធ្វើបានដែរ ឬ យ៉ាងណា? ហើយមានការគាំទ្រ ពីថ្នាក់ដឹកនាំ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ឬទេ ហើយមានការគាំទ្រទាំង សងខាង ទើបគំរោង ហ្នឹងប្រព្រឹត្តទៅបាន ហើយបើគំរោងនេះ មានការគាំទ្រហើយ យើងនឹងធ្វើភ្លាមៗតែម្តង”។

ទាក់ទងនឹងគំរោង សាងសង់ផ្លូវភ្លោះ ឬផ្លូវហាយវ៉េនេះ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីន បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មាន ខណៈដែលលោកចុះត្រួតពិនិត្យ ស្ថានភាព ជុសជុលផ្លូវជាតិលេខ៤ នៅខេត្តកំពង់ស្ពឺថា រារដ្ឋាភិបាលមានសេចក្តីត្រេកអរខ្លាំង ដែលក្រុមហ៊ុន AZ មាន គំរោងផែនការ ជួយពង្រីកផ្លូវទៅជាផ្លូវហាយវ៉េ។ ហើយប្រសិនបើគំរោងនេះ បានសម្រេចមែន វាពិតនឹងធ្វើឲ្យ មានភាពងាយ ស្រួលបន្ថែមទៀត ក្នុងការធ្វើចរាចរណ៍ ចំពោះអ្នកដំណើរជាតិ និងអន្តរជាតិ ដែលបានឆ្លងកាត់ ផ្លូវនេះ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក លឹម ស៊ីដេនីន បានមានប្រសាសន៍ បញ្ជាក់ទៀតថា ”ផែនការនេះមិន ប្រាកដថា នឹងធ្វើនោះទេ ពីព្រោះពួកគាត់ធ្វើ ការសិក្សាជាបឋមសិន ថាតើវាមានលទ្ធភាព វាមានការចំណាយ យ៉ាងម៉េចចំពោះផ្លូវនេះ តែយ៉ាងណាខ្ញុំជឿជាក់ថា ក្រុមហ៊ុននេះនឹងប្តេជ្ញាចិត្តធ្វើវា បើទោះបីជាធ្វើហើយ ពុំមាន ការចំណេញច្រើនយ៉ាងណាក្តី ដើម្បីផ្តល់ភាពងាយស្រួល ដល់ការធ្វើដំណើរ និងដឹកជញ្ជូនពីកំពង់សោមមក ភ្នំពេញ យើងនេះ”។

បើតាមការឲ្យដឹង ទាំងតំណាងក្រុមហ៊ុន និងរាជរដ្ឋាភិបាលបានបញ្ជាក់ថា គម្រោងពង្រីក និងធ្វើផ្លូវហាយវ៉េនេះ មិនមានផលប៉ះពាល់អ្វី ដល់ ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវនោះឡើយ ប៉ុន្តែសំខាន់គឺការចំណាយ និងចំណូល។

 ជាមួយគ្នានោះដែរ បើតាមការឲ្យដឹងរបស់ក្រុមហ៊ុន AZបានបន្តថា នាពេលនេះ ក្រុមហ៊ុននេះ កំពុងបើកការដ្ឋាន ធ្វើប៉ុស្តិ៍ត្រួតពិនិត្យ នៅចំណុចគីឡូម៉ែត្រលេខ៥២ (កណ្តុរដុំ)មួយទៀត ដើម្បីត្រួតពិនិត្យ រថយន្ត ផ្ទុកទំនិញដូចជាគ្រួស ថ្ម ខ្សាច់ផងដែរ ខ្លាចរថយន្តទាំងនោះ ធ្វើការដឹកហួសទម្ងន់កំណត់ តែយ៉ាងណា ក្តីការត្រួតនោះ គឺមិនមានការផាក ពិន័យឡើយ គ្រាន់តែអប់រំប៉ុណ្ណោះ។

សូមរំលឹកថា កន្លងមកក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយ ក្រុមហ៊ុន JEXWAY របស់ប្រទេសជប៉ុន ស្តីពីការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ដើម្បីផល ប្រយោជន៍រួម លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិ (HIGHWAY) តាមគម្រោង “ភាព ជាដៃគូរវាងរដ្ឋ និងឯកជន (Public & Private Partnership)”។

សេចក្តីប្រកាស បានបន្តថា ដោយសារក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន បានទទួលគម្រោង “ភាពជាដៃគូរវាង រដ្ឋនិងឯកជន” ពីរាជរដ្ឋាភិបាល លើផ្លូវ ជាតិលេខ៤ ទើបក្រុមហ៊ុន JEXWAY នាពេលបច្ចុប្បន្ន បានជ្រើសរើស យកផ្លូវជាតិលេខ៤ មកធ្វើជាករណីសិក្សាពង្រីក និងជុសជុលផ្លូវនេះ ជារៀងមក ហើយជាមួយគ្នានោះ ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់ខ្លាំង ចំពោះការជុសជុល និងអ៊ុតកៅស៊ូថ្មី ជារៀងរាល់ឆ្នាំ ដើម្បីឲ្យចរាចរណ៍របស់ ប្រជាពលរដ្ឋ ក៏ដូចជារថយន្តដឹកទំនិញ កាន់តែស្រួលបន្ថែមទៀតផងដែរ៕
Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News
Share on Google Plus
    Blogger Comment
    Facebook Comment