ប្រភព៖ កម្ពុជាថ្មី
ប៉ោយប៉ែត ៖ ប៉េអឹមក្រុងប៉ោយប៉ែតបានបង្ក្រាបទីតាំងលក់គ្រឿងស៊ីសាក្នុងហាងកាហ្វេមួយកន្លែងជាប់ព្រំដែនកម្ពុជាថៃ ដោយដកហូតបានដបស៊ីសាចំនួនបួនដប ឯម្ចាស់មិនត្រូវបានឃាត់ខ្លួននោះទេ គឺគ្រានតែអប់រំធ្វើកិច្ចសន្យាតែប៉ុណ្ណោះ។
ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសារជាតិស៊ីសានេះគឺជាគ្រឿងបំពុលដល់មនុស្សប្រុសស្រីក្មេងចាស់គ្រប់វ័យ ដែលបានញៀនជាតិស៊ីសានេះ ហើយសម្ដេចបានចាត់ទុកថា រសជាតិស៊ីសានេះ វាមានថាមពលប្រហាក់ប្រហែលនឹងសារជាតិគ្រឿងញៀនផងដែរ ទើបសម្ដេចបានឲ្យសមត្ថកិច្ច អាជ្ញាធររួមគ្នាចាត់ការបោះសំអាតរាល់ទីតាំងដែលមានលក់ស៊ីសានេះតែម្តង នៅទូទាំងប្រទេសកម្ពុជា។
ដោយឡែកនៅតំបន់ដែលសំបូរទៅដោយកាស៊ីណូ រាំងកាសាល ឌីស្កូរ ខារ៉ាអូខេធំៗនៅប៉ោយប៉ែតសព្វថ្ងៃនេះ ក៏មានការលួចលក់ស៊ីសា នេះផងដែរ តែភាគច្រើនគឺជាជនបរទេស ដែលជាឈ្មួញបើកហាងធំៗនៅឯប៉ោយប៉ែតនេះ ដោយពួកគេបានបើកធ្វើអាជីវកម្មលក់ស៊ីសាដុះស្លែមកហើយៗទីបំផុតត្រូវបានសមត្ថកិច្ចប៉េអឹមបង្ក្រាបតែម្តង។
លោកហម ម៉ុត មេបញ្ជាការប៉េអឹមក្រុងប៉ោយប៉ែតបានបញ្ជាក់ថា លោកឧបបូរិន្ធ មេបញ្ជាការប៉េអឹមខេត្តបានដាក់បញ្ជាឲ្យកម្លាំងចុះបោសសំអាតទីតាំងដែលមានលក់ស៊ីសា ហើយនៅវេលាម៉ោងប្រមាណជាង១០និង៥០នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៤នេះ កម្លាំងក៏បានរកឃើញទីតាំងលក់ស៊ីសាមួយកន្លែងដោយដកហូតស៊ីសាចំនួន៤ដប ដែលជាកម្មសិទ្ធិរបស់ឈ្មោះPEDY(ភីអ៊ីឌី) ជនជាតិឥណ្ឌូណេស៊ី ភេទប្រុសអាយុ៤០ឆ្នាំ កាន់ប៉ាសស្ព័រលេខ A5264493 ដែលជ្រកក្រោមស្លាកហាងកាហ្វេជាប់កាស៊ីណូផ្កាយប្រាំ មានទីតាំងស្ថិតនៅភូមិ ក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកហម ម៉ុតបន្តទៀតថា កម្លាំងមិនបានឃាត់ខ្លួនម្ចាស់ស៊ីសានោះទេ គ្រាន់តែហៅគាត់មកអប់រំធ្វើកិច្ចសន្យាប៉ុណ្ណោះ ឯដប់ស៊ីសាត្រូវបានដកហូតទុក និងបន្តឈានទៅបង្ក្រាបទីតាំងផ្សេងៗទៀតនាពេលខាងមុខនេះ៕
ពៅរី

Blogger Comment
Facebook Comment