កណ្តាល: តាមរយៈការប្រកាន់ខ្ជាប់នូវសីលទាន មានសច្ចភាព ស្មោះត្រង់ លះបង់លោភៈ ទោសៈ កាមកិលេស អំពើស្មោកគ្រោកសព្វបែបយ៉ាង រហូតដល់លះបង់ទាំងប្រពន្ធ ជាទីស្រឡាញ់ទៅឲ្យអ្នកដទៃ ព្រមទាំងជាអ្នករៀបចំពិធីមង្គលការយ៉ាងអធិកអធម ជូនភរិយាក្នុងអំឡុងឆ្នាំ១៩៩៤ ទៀតនោះ លោកតា គង់ លន់ ត្រូវបានគេប្រសិទ្ធនាមថា ជាព្រះវេស្សន្តរឆ្នាំ៩៤ រហូតមកដល់បច្ចុប្បន្ន ។
លោកតា គង់ លន់ ហៅព្រះវេស្សន្តរឆ្នាំ៩៤
ជាអ្នកសណ្ឋិតរូប និងជាអ្នកទស្សន៍ទាយជោគជតារាសី ដ៏ល្បីល្បាញ លោកតា គង់ លន់ បានទាក់ទាញនូវជំនឿពីប្រជាជនគ្រប់មជ្ឈដ្ឋាន ក្នុងនោះមានទាំងឯកឧត្តម រដ្ឋមន្ត្រី លោកឧកញ៉ា ព្រមទាំងព្រះមហាក្សត្រ ថែមទៀតផង ។លោកតា គង់ លន់ ហៅព្រះវេស្សន្តរឆ្នាំ៩៤
ផ្តល់កិច្ចសម្ភាសន៍ជាមួយគេហទំព័រ CEN លោកតា គង់ លន់ ដែលមាននាមដើម ឃីមប៊ុនឆៃ បានលើកឡើងពាក់ព័ន្ធទៅនឹងបារមីខ្លះ ចេះតែសាបរលាប និងធ្វើឲ្យគេអស់ជំនឿនោះ គឺបណ្តាលមកពីអ្នកកាន់បារមីនោះគ្មានចិត្តទៀងត្រង់លោភលន់ទ្រព្យសម្បត្តិអ្នកដទៃ សេពសុរា ស្រី ស្រា ល្បែង ក្រោយពេលដែលខ្លួនបានប្រកបមុខរបរសណ្ឋិតរូប ឬទស្សន៍ទាយបានកាក់កប ។
ផ្ទុយទៅវិញ សម្រាប់លោក បានលះបង់ទាំងអស់ ដូចជា ស្រា ស្រី ល្បែង ក៏ដូចជាអំពើស្មោកគ្រោកសព្វបែបយ៉ាង និងងាកមកប្រកាន់ខ្ជាប់នូវសីល សច្ចៈក្នុងខ្លួនរហូតមក ទើបបារមីនៅតែតាមថែរក្សា ហើយបងប្អូននៅតែមានជំនឿលើលោក ជាពិសេសសូម្បីតែព្រះមហាក្សត្រ ក៏ព្រះអង្គផ្តល់ជំនឿ និងទំនុកចិត្តផងដែរ ។
លោកតា គង់ លន់ មានប្រសាសន៍ថា រាល់ថ្ងៃ អ្នកដែលមានជំនឿមកលើលោក កាន់តែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនោះសូម្បីតែពេលលោកឈឺ ក៏លោកមិនអាចសម្រាកបានដោយស្រួលដែរ ព្រោះបងប្អូនចេះតែមកសុំអង្វរឲ្យជួយជាបន្តបន្ទាប់ឥតដាច់ ។
យ៉ាងណាក៏ដោយ ជាកតព្វកិច្ចដែលបានតម្កល់ទុកក្នុងខ្លួនថាត្រូវតែជួយចម្លងនិងប្រោសសត្វលោក សន្សំបុណ្យឲ្យរួចផុតពីទុក្ខវេទនា លោកតា គង់ លន់ បានអះអាងថា លោកមិនត្អូញត្អែរឡើយក្នុងការព្យាបាលជំងឺ,ទស្សន៍ទាយជោគជតារាសី ស្រោចទឹករំដោះគ្រោះ និងដំឡើងរាសី ដល់បងប្អូនគ្រប់មជ្ឈដ្ឋាន ។
ពាក់ព័ន្ធទៅនឹងចំណូលថវិកា ដែលបានពីបងប្អូន សប្បុរសជន មានចំនួនច្រើនក្នុងមួយថ្ងៃៗ ត្រូវបានលោកតា គង់ លន់ អះអាងថា មិនបានយកមកឱបក្រសោប ដើម្បីធ្វើមាន ធ្វើបាននោះទេ គឺលោកបានយកថវិកាទាំងនោះទៅកសាងសមិទ្ធផលនានា សម្រាប់សង្គម ដូចជា សាលារៀន ផ្លូវ ព្រះវិហារ កុដិ កសាងព្របដិមានិងចូលរួម ចំណែកជួយដល់ជនក្រីក្រ លំបាក គ្មានទីពឹង ។
ហើយក្រៅពីនោះថវិកាមួយចំនួនធំ គឺយកមកកសាងប្រាសាទវិមានផុសអណ្តែតឥន្ទព្រហ្មបុរីស្រីព្រះវេស្សន្តរនគរស្រីអយុធ្យារបស់លោកនា ស្រុកកំណើតក្នុងភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ខាងមុខនេះ លោកតា គង់ លន់នឹងប្រារព្ធនូវពិធីបុណ្យខួបប្រាសាទ លើកទី១៤ ដែលតែងតែរៀបចំឡើងជារៀងរាល់មួយឆ្នាំម្តង ក្នុងគោលបំណងធ្វើការបួងសួង រំលឹកដល់គុណដួងព្រលឹងបុព្វបុរស បុព្វនារី ខ្មែរដើម និងព្រះមហាក្សត្រ គ្រប់ជំនាន់ មុនសម័យកោះគោកធ្លក រហូតដល់បច្ចុប្បន្ន និងជូនកុសល ដល់ដួងព្រលឹងប្រជារាស្ត្រខ្មែរដែលបានស្លាប់ក្នុងរបប ប៉ុល ពត ដើម្បីឲ្យព្រលឹងអ្នកទាំងនោះ បានទៅកាន់សុគតិភពរៀងៗខ្លួន និងបញ្ចៀសគ្រោះអន្តរាយគ្រប់បែបយ៉ាង កុំឲ្យកើតមានលើព្រះរាជាណាចក្រកម្ពុជាដោយប្រការណាមួយនៅពេលខាងមុខ ៕
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
Blogger Comment
Facebook Comment