ប្រភព LookingTODAY
ភ្នំពេញៈ ដើម្បីអបអរសាទរកម្មវិធី អង្គរសង្រ្កាន្ដឆ្នាំ២០១៤ ដែលត្រូវរៀបចំក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងមុខនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងសហភាពសហសម្ព័ន្ធយុវជនកម្ពុជាបានសហការគ្នា រៀបចំការប្រកួតកីឡាអុកចត្រង្គ វគ្គផ្ដាច់ព្រ័ត្ររយៈពេល៣ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ នេះនៅលើទីលានមុខប្រាសាទអង្គរវត្ត ខេត្ដសៀមរាប ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ការប្រកួតកីឡាអុកចត្រង្គដែលរៀប ចំឡើងដើម្បីអបអរសាទរ អង្គរសង្ក្រាន្ដឆ្នាំនេះ ត្រូវបែងចែកការប្រកួតជា២ដំណាក់កាល ក្នុងដំណាក់កាលទី១ គឺការ ប្រកួតជម្រុះស្វែងរក ជើងខ្លាំង៨នាក់ក្នុងចំណោមកីឡាករ-កីឡាការិនីចូលរួមសរុបចំនួន៦៤នាក់ ដែលនឹងចាប់ផ្ដើម ពីថ្ងៃទី០៨-០៩ ខែមេសាខាងមុខនេះនៅក្នុងទីស្នាក់ការ NOCC ។ ដំណាក់កាលទី២: កីឡាករ-កីឡាការិនីជើងខ្លាំង ទាំង៨នាក់ ដែលឆ្លងផុតវគ្គជម្រុះដំណាក់កាលទី១ ត្រូវឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅទីលានមុខប្រាសាទអង្គរវត្ត នាថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសាតែម្ដង ។
ប្រភពព័ត៌មានដដែលបានបន្ដទៀតថា នៅក្នុងឱកាសនៃការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិខាងលើនេះ គណៈកម្មការរៀប ចំការប្រកួតទទួលពាក្យអ្នកចូលរួមត្រឹមតែ៦៤នាក់ប៉ុណ្ណោះ ។ ដូច្នេះជើងខ្លាំងអុកចត្រង្គខ្មែរ ដែលមានបំណងចង់ចូល រួមអាចដាក់ពាក្យបានចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៥ ខែមេសា ទើបបញ្ចប់ការទទួលពាក្យនៅក្នុងទីស្នាក់ ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
គួរបញ្ជាក់ថា កីឡាអុក ឬចត្រង្គ គឺជាល្បែងកីឡាល្បងប្រាជ្ញាមួយប្រភេទ ដែលត្រូវប្រើប្រាស់យុទ្ធសាស្រ្ដ, វិធីសាស្ដ្រ និងបទពិសោធន៍ខ្ពស់ក្នុងការរៀបចំក្បួន បញ្ជា ទប់ទល់ វាយប្រហារ ជាពិសេសគឺចេះពីរបៀបគ្រប់គ្រងដឹកនាំ វាយលុក ឬដកថយតាមក្បួនយុទ្ធសាស្ដ្រ ។ ប៉ុន្ដែយុទ្ធសាស្ដ្រ និងវិធីសាស្ដ្រ ដើម្បីលេងកីឡាអុកចត្រង្គ គឺអាស្រ័យលើស្ថានភាព ជាក់ស្ដែង និងកាលៈទេសៈពិតប្រាកដក្នុងសមរភូមិប្រយុទ្ធ ដោយមិនប្រើក្បួន ឬយុទ្ធសាស្ដ្របម្រុងទុកបានឡើយ ៕
Blogger Comment
Facebook Comment