ប្រភព CEN
ភ្នំពេញ: ឆ្នាំនេះទេពធីតារបស់កបិលមហាព្រហ្ម ដែលជាទេពធីតាប្រចាំឆ្នាំមមី មានព្រះនាមថា “ គោរាគៈទេវី ” គ្រឿងទ្រង់នឹងផ្កា អម្ពរពណ៌លឿង , សៀតផ្កាអង្គារបុស្ស , អាភរណៈ កែវមុក្តា , ភក្សាហារទ្រង់សោយ តេលំ ប្រេង , ព្រះហស្តស្តាំរបស់ទ្រង់ព្រះខ័ន ឯព្រះហស្តឆ្វេងឈើច្រត់ ។ ទ្រង់គង់លើខ្នងព្យាគ្ឃៈ ( សត្វខ្លា)ជាពាហនៈ។ ទ្រង់នឹងយាងចូលមកដល់នៅម៉ោង៨:០៧ព្រឹក ម៉ោងនៅកម្ពុជានាថ្ងៃទី១៤ខែមេសាឆ្នាំ២០១៤។ នេះបើតាមតម្រាដែលមានចែងក្នុងមហាសង្ក្រាន្តផ្លូវការ។
ការត្រៀមខ្លួនទទួលទេវតាឆ្នាំថ្មីគឺស្ថិតនៅក្នុងរបៀបវារៈសំខាន់ៗដទៃទៀតរបស់ប្រជាជនជនកម្ពុជា។យោងតាមមហាសង្ក្រាន្តសំរាប់ឆ្នាំនេះបានបញ្ជាក់អំពីរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី។
.រណ្តាប់ទទួលទេវតាឆ្នាំមមីៈ
រណ្តាប់ទទួលទេវតាតាមទំនៀមបុរាណពីដើមរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ត្រូវរៀបក្រាលសំពត់សហើយត្រូវរៀបចំគ្រឿងសក្ការបូជាទេវតាមានជាអាទិបាយសី៩ថ្នាក់មួយគូ, បាយសី៧ថ្នាក់មួយគូ,បាយសី៦ថ្នាក់មួយគូ,បាយសី៣ថ្នាក់មួយគូ,បាយសីប៉ាឆាមមួយគូ,ស្លាធ៌មមួយគូ,ទឹកអប់មួយគូ(ទៀន៥ធូប៥),លាច៥, ផ្កា៥ដាក់លើជើងពាន១គូ, ចេកនួន, ចេកណាំវ៉ា, ជើងពានមួយគូ ,ផ្លែឈើ១១មុខ រៀបដាក់លើជើងពាន១១គូ, ដូងទ្បៅមួយគូ ទឹកស្អាតពីរកែវ។
ឆ្នាំនេះគួររកប្រេងដាក់ទទួលទេវតាផង ព្រោះជាភក្សាហាររបស់ទេពធីតា ។ស្រេចហើយនៅវេលាម៉ោងទេវតាចុះមក ត្រូវជូបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យសមាទានសីលហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ឋជ្រះស្រទ្បះនូវមន្ទិល
ទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ឋ ព្រះធ៌ម ព្រះសង្ឃជាទីពឹងទីរលឹក លុះចប់ពិធីទទួលទេវតា។
ចំពោះបាយសី៩ថ្នាក់ ៧ថ្នាក់ តំណាងឲ្យព្រះរាជាព្រះបរមរាជវាំងចំពោះប្រជារាស្ត្រគួរធ្វើត្រឹម៥ថ្នាក់ចុះមកឬរៀប ត្រឹមគ្រឿងសក្ការៈបូជាដែលមានទៀន៥ធូប៥ស្លាធ៌មកូនចេកមួយគូក៏ល្អដែរ។ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀបឲ្យបានបីឬប្រាំ
មុខជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។គឺគ្រប់ដង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយនៅលើជើងពាន និងបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។
.ព្យាករណ៍ទឹកភ្លៀងប្រចាំឆ្នាំៈ
ពិរុណសាស្ត្រ គឺការព្យាករណ៍ទឹកភ្លៀង សម្រាប់ឆ្នាំមមី នេះគឺ ភពសៅរ៍ ជាអធិបតី
ដឹកនាំផ្លូវទៅសុំទឹកភ្លៀងពីស្តេចនាគ ហើយបាននាគ ៥ បង្អុរទឹកភ្លៀង៤០០មេ ក្នុងនោះចែកទៅចក្រវាឡ១៦០មេ , ព្រៃហេមពាន ១២០ មេ , មហាសមុទ្ទ៨០ មេ និង ជម្ពូទ្វីប ដែលជាតំបន់មនុស្សលោករស់នៅចំនួន ៤០ មេ បណ្តាលឱ្យ ដើមឆ្នាំ និង កណ្តាលឆ្នាំ មានភ្លៀងល្អ ប៉ុន្តែនៅចុងឆ្នាំភ្លៀងតិច ។ ទំនាយទាយថា ទឹកទន្លេមានច្រើន ឬ ទឹកធំលើសឆ្នាំទាំងពួង ។
.ជំនឿសំរាប់អ្នកឆ្នាំមមីៈ
លោកអ្នកកើតឆ្នាំ មមី ពង្សទេវតា នាមជាសត្វសេះ ធាតុភ្លើង ទន្សាកំណើតនៅថ្ងៃសៅរ៍ សិរីធ្លាក់មកពីដៃស្តាំរបស់ព្រហ្ម មូលគឺប្រភពព្រលឹងនៅនឹងដើមចេក។បុរាណាចារ្យលោកប្រដៅថាកាលណាជនកើតឆ្នាំមមីទៅរស់នៅកន្លែងណាត្រូវរកដើមចេកមកដាំខាងជើងនិងខាងលិចលំនៅឋានរបស់ខ្លួនហើយយករំសេវឬដីខ្សាច់ទៅដាក់ពូនគល់ចេកទើបនឹងមានសេរីមង្គលរស់នៅត្រជាក់ត្រជុំជាសុខ ។
មនុស្សកើតឆ្នាមមី រមែងមានប្ញកពាក្រអឺតក្រទម ។ ពាក្យសំដីច្រើនតែគ្រោតគ្រាត ពុំសូវទន់ភ្លន់ដែលច្រើនបង្កើតបាន ជាសត្រូវដោយសារសំដីរសបស់ខ្លួន ប៉ុន្តែគេមានសន្តានចិត្តល្អប្រពៃ ជាទីពឹងពំនាក់អាស្រ័យ នៃ ញាតិ និង មិត្តបាន ។គេជាមនុស្ស មានវាសនាខ្ពស់មិនងាយមានអ្នកណាអាចប៉ុនប៉ងបៀតបៀនគេបានឡើយ។កាលនៅក្មេងគេលំបាកវេទនាច្រើនប៉ុន្តែចូលដល់វ័យចំណាស់ គេក៏នឹងក្លាយជាអ្នកមានស្តុកស្តម្ភពីព្រោះគេជាមនុស្សមានសតិបញ្ញាឈ្លាសវៃប៉ិនប្រសព្វក្នុងការប្រកបមុខរបរការងារយល់ជម្រៅល្បិចកលរបស់មនុស្ស ។ គេចូលចិត្តតន្ត្រី និង ល្បែង ហើយបើគេផ្លាស់ទៅនៅទីផ្សេងពីទីកំណើតប្រសើរជាង ។
មុខរបរដែលស័ក្តសមនឹងមនុស្សកើតឆ្នាំមមី គឺពេទ្យ គ្រូហ្ម អ្នកវិទ្យាសាស្ត្រ មេធាវី និង អ្នកជំនួញ ។ បើជាអ្នកធ្វើការងារដែលប្រើកម្លាំងកាយ នឹងបានផលត្រឹមតែមធម្យមប៉ុណ្ណោះ ។
ឆ្នាំមមី នេះ បុរសអាយុ ៩, ១៤ , ២១ , ២៦, ៣៣, ៣៨ , ៤៥ , ៥០ , ៥៧ , ៦២ , ៦៩ , ៧៤ , ៨១ ឆ្នាំ និង ស្ត្រីអាយុ ១៤, ១៩ , ២៦ , ៣១ , ៣៨ , ៤៣ , ៥០ , ៥៥ , ៦២ , ៦៧ , ៧៤ , ៧៩ ឆ្នាំ ទំនាយទាយថា ជាឆ្នាំនាំមកនូវជោគលាភសក្ការៈ គិតប្រកបការងារអ្វីៗតែងតែបានសម្រេចដូចសេចក្តីប្រាថ្នាគ្រប់ប្រការ ដែលអាចចែកចេញបានដូចតទៅ ។
ថ្ងៃដែលជាសេរីមង្គលដើម្បីជ្រើសរើសម្រាប់ប្រើក្នុងពិធីសំខាន់ៗដូចជារៀបអាពាហ៍ពិពាហ៍ លើករាសី បុណ្យទានធំៗ និង ពិធីជាមង្គលផ្សេងៗដែលទាក់ទងនឹងសុវត្ថិភាពសេចក្តីចម្រុងចម្រើនក្នុងជីវិត ត្រូវចាប់ផ្តើមដំបូងឡើងនៅថ្ងៃសៅរ៍, ថ្ងៃអាទិត្យ , ថ្ងៃអង្គារ និង ថ្ងៃពុធ ។
បុរសកើតឆ្នាំមមី គួរគប្បីជ្រើសរើស ធ្វើជាគូគ្រងនូវមនុស្សដែលកើតឆ្នាំវក និង ឆ្នាំ ចប៉ុន្តែមិនគួរជ្រើសរើសធ្វើជាគូគ្រង ចំពោះមនុស្សកើតឆ្នាំជូត និង ឆ្នាំថោះ ។
ស្ត្រីកើតឆ្នាំមមី គួរជ្រើសរើសធ្វើជាគូគ្រងនូវមនុស្សដែលកើតឆ្នាំថោះ និង ឆ្នាំវកប៉ុន្តែមិនគួរជ្រើសរើសធ្វើជាគូគ្រងនូវ មនុស្សដែលកើតឆ្នាំឆ្លូវ ឆ្នាំខាល និង ឆ្នាំកុរ ។
លោកអ្នកជាមាតា ឬ បិតាដែលកើតឆ្នាំមមី ហើយមានកូនកើតនៅក្នុងឆ្នាំណាមួយទាំង១២ ទំនាយទាយដូចខាងក្រោម៖
កូនកើតឆ្នាំជូតៈ ហាក់ដូចជាពុំមានបរិយាកាសសប្បាយរីករាយទេ ជាពិសេសម្តាយដែលកើតឆ្នាំមមី ពិបាកនឹងស្រុះស្រួលគ្នានឹងកូនណាស់ ។
កូនកើតឆ្នាំឆ្លូវៈ មាតាបិតាប្រៀនប្រដៅតឹងរឹងពេក ។ កូនជាមនុស្សឆ្នាំគោ(ឆ្នាំឆ្លូវ) មិនអាចទទួលយកបានទេ ហេតុនេះអាចមានការប្រេះស្រាំខ្លះៗដែលពិបាកនឹងផ្សះផ្សារបាន ។
កូនកើតឆ្នាំខាលៈ ការប្រាស្រ័យទាក់ទងគ្នាបានល្អប្រសើរ ។ ឆ្នាំសេះ (ឆ្នាំមមីដែលជាមាតា ឬ បិតា) នឹងអាចផ្តល់នូវសេរីភាពយ៉ាងធំទូលាយឱ្យដល់ឆ្នាំខ្លា (ឆ្នាំខាល) ហើយទាំងអស់គ្នាមានភាពសាមញ្ញ និង មិនចេះប្រកែកប្រកាន់គ្នាឡើយ ។
កូនកើតឆ្នាំថោះ : ឆ្នាំសេះជាប់មមាញឹកនឹងការងារ មិនសូវបានយកចិត្តទុកដាក់ចំពោះឆ្នាំទន្សា (ឆ្នាំថោះ) ឡើយ ។ ប៉ុន្តែឆ្នាំទន្សាយ មិនរអ៊ូរទាំអ្វីទេ ព្រោះអាចស្វែងរកការសប្បាយដោយខ្លួនឯង ។
កូនកើតឆ្នាំរោងៈ ការងាររាប់រយជំពូក មានការពិគ្រោះ និង ពិភាក្សាគ្នាដោយមានការតស៊ូមតិយ៉ាងខ្លាំងក្លា ។ នេះពិតជាស្មារតីដ៏ក្លៀវក្លារបស់ឆ្នាំនាគ (ឆ្នាំរោង) និង ឆ្នាំសេះ ។
កូនកើតឆ្នាំម្សាញ់ៈ ឆ្នាំពស់ (ឆ្នាំម្សាញ់)រមែងតែងតែរអ៊ូរទាំដាក់ឆ្នាំសេះ ដែលជាមាតា ឬ បិតា ញ៉ាំងឱ្យឆ្នាំសេះមានក្តីភ័យខ្លាចពុំមានក្តីសុខក្នុងសន្តានចិត្តឡើយ ។
កូនកើតឆ្នាំមមីៈ ការយោគយល់គ្នាទៅវិញទៅមក ដោយងាយនឹងឆ្កឹះឆ្កៀលរកឃើញកំហុសរបស់គូភាគីម្ខាងទៀត ។
កូនកើតឆ្នាំមមីៈ ការរួមរស់នៅជាមួយគ្នាប្រកបដោយក្តីសុខសប្បាយរីករាយ ប៉ុន្តែកូនចៅប្រុស្រីខ្វះខាតសមត្ថភាពឯករាជម្ចាស់ការលើខ្លួនគេ ហើយរឹតតែមិនបាច់ថ្លែងថាអាចបីបាច់រក្សាមាតាបិតាឡើយ ។
កូនកើតឆ្នាំវកៈ ពុំសូវអើពើ តែក៏ពុំសូវមានទុក្ខកង្វល់ដែរ ។
កូនកើតឆ្នាំរកាៈ ឆ្នាំមាន់ (ឆ្នាំរកា) ផ្តោតក្តីសង្ឃឹមឱ្យឆ្នាំសេះស្រលាញ់ ប៉ុន្តែឆ្នាំសេះហាក់ដូចជាពុំសូវអើពើ ។
កូនកើតឆ្នាំចៈ ឆ្នាំសេះហាក់ដូចជាថែរក្សាឆ្នាំឆ្កែ (ឆ្នាំ ច) តិចតួចណាស់ ប៉ុន្តែឆ្នាំឆ្កែអាចម្ចាស់ការលើខ្លួនឯងបាន ។
ឆ្នាំកុរៈ ឆ្នាំជ្រូក (ឆ្នាំកុរ) យល់ឃើញថា ឆ្នាំសេះគិតតែពីរឿងខ្លួនឯងផ្ទាល់ ហេតុនេះពិតជាមានការតូចចិត្តសម្បើមណាស់ ។
ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ មាតាបិតាគប្បីប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំងបួនចំពោះបុត្រធីតាឱ្យបានគ្រប់កាល ៕
Blogger Comment
Facebook Comment