ប្រភព៖ CEN
ភ្នំពេញ: តាមកម្មវិធី ដែលបានគ្រោងទុក នំអន្សមយក្ស ទម្ងន់ពីរតោន នឹងត្រូវរៀបចំពិធីកាត់ នៅម៉ោង ១១ និង ៣០ នាទី ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤ ត្រូវនឹងបុណ្យចូលឆ្នាំទី១។ ចំណែកពិធីប្រកួតរកជើងឯកញ៉ាំអន្សមយក្ស នឹងធ្វើឡើង នៅម៉ោង ៤ រសៀល ថ្ងៃទី១៤មេសា។ ពិធីកាត់នំអន្សមយក្ស និងប្រកួតរកជើងឯកញ៉ាំអន្សមយក្ស នឹងធ្វើឡើង នៅកន្លែងតាំងនំអន្សមយក្ស មុខប្រាសាទអង្គរវត្ត។
នំអន្សមយក្ស ដែលធ្វើពីអង្ករដំណើប សណ្ដែកបាយ និងសាច់ជ្រូក ទម្ងន់ពីរតោន ប្រវែង៥ ម៉ែត្រ មុខកាត់ជិតមួយម៉ែត្រ ចំណាយជាង ៧.៥០០ ដុល្លារ ត្រូវបានដាក់តាំងបង្ហាញ កាលពីថ្ងៃអាទិត្យ ទី១៣មេសា នៅខាងមុខប្រាសាទអង្គរវត្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ សមាគមចុងភៅកម្ពុជា ជាអ្នករៀបចំ ធ្វើនំអន្សមជ្រូកនោះ។
ក្នុងពេល កាត់នំអន្សមយក្ស សមាគមចុងភៅកម្ពុជា ក៏នឹងកាត់លក់ជូនភ្ញៀវទេសចរ ភ្លក់រសជាតិ អន្សមយក្ស នៅថ្ងៃចន្ទនេះ ដោយលក់ក្នុងមួយចាន ៥.០០០ រៀល។
វត្តមានរបស់នំអន្សមយក្ស នៅមុខប្រាសាទអង្គរវត្ត ក្នុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ពេលនេះ ជាការចូលរួមក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្ត។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ នៅលើទឹកដីអង្គរខេត្តសៀមរាប។
រយៈពេល ៤ ថ្ងៃ លើទឹកដីប្រាង្គប្រាសាទអង្គរ មានកម្មវិធីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចំនួន ១២ សំខាន់ៗ រួមមាន៖ ភូមិខ្ញុំ បច្ចេកសិលាឋាន ល្បែងប្រជាប្រិយ គុនល្បុក្កតោ របាំប្រពៃណី ពិព័រណ៍ពាណិជ្ជកម្ម “អង្គរសង្ក្រាន្ត” ពិព័រណ៍សិល្បះសិប្បកម្មខ្មែរ ម្ហូបអាហារខ្មែរ គោមបណ្តែតទឹក អុកយក្ស ប្រគំតន្ត្រី សួស្តីឆ្នាំថ្មី ( ប្រាសាទអង្គរវត្ត ) កម្មវិធីអមព្រឹត្តិការណ៍ផ្សេងៗ ( ពិព័រណ៍ និងប្រកួតប្រជែងរូបភាព ស្នាមញញឹមអង្គរសង្ក្រាន្ត ពិព័រណ៍ដងស្ទឹងសៀមរាប តន្ត្រីកម្សាន្តឆ្នាំថ្មី ពិព័រណ៍ពាណិជ្ជកម្ម និងតន្ត្រីបេះដូងខ្មែរ៕
Blogger Comment
Facebook Comment