ប្រភព: sabay
អៃយ៉ា! ប្រិយមិត្តមួយចំនួន ប្រហែលជាបានត្រៀមខ្លួន រួចជាស្រេចហើយ ក្នុងការធ្វើដំណើរ
ទៅលេងនៅខេត្ត នាឱកាសចូលឆ្នាំខ្មែរ ខាងមុខនេះ។ ពេលទៅដល់ខេត្ត ប្រិយមិត្តមួយចំនួន ប្រហែលជានឹងមានគម្រោង ធ្វើម្ហូបណាឆ្ងាញ់ៗ ដើម្បីត្រៀមញ៉ាំអីជុំគ្នា ជាមួយគ្រួសារ និងមិត្តភ័ក្តិហើយមើលទៅហ្ន៎។
ចុះចំណែកម្ហូបវិញ មាននរណាដែលរកនឹកមិនទាន់ឃើញថា ថានឹងត្រូវធ្វើម្ហូបអ្វីញ៉ាំអត់? មិនថ្វីទេ នារដូវចូលឆ្នាំខ្មែរខាងមុខនេះ សូមណែនាំពីមុខម្ហូបដ៏សាមញ្ញមួយ ដែលអ្នករាល់គ្នាសុទ្ធតែ ធ្លាប់ស្គាល់ពីមុនមក នោះគឺ “មាន់ដុត”។
ពិតមែនហើយ បើនិយាយពីវិធីដុតមាន់ គេអាចដុតបានច្រើនរបៀបណាស់។ អ្នកខ្លះចូលចិត្តដុតមាន់ដាក់ទឹកដូង ទឹកក្រូចកូកា ប៊ីយេរ ដុតអំបិលម្ទេស ដុតដាក់ប្រេងខ្យង និងដុតជាមួយទឹកឃ្មុំជាដើម។ តែពេលនេះ នឹងប្រាប់ពីរបៀបដុតមាន់មួយ ក្នុងចំណោមប្រមាណវិធី ដែលបានរៀបរាប់ខាងលើ នោះគឺ “មាន់ដុតទឹកដូង”។
គ្រឿងផ្សំ
អំបិល, ស្ករ, ប៊ីចេង, ទឹកត្រី, ខ្ទឹមស, ប្រេងខ្យង, ទឹកដូង, ខ្នុ ឬត្រយូងចេក
រៀបធ្វើ
សម្រាប់វិធីដុតមាន់ជាមួយទឹកដូងនេះ គឺងាយស្រួលបំផុត។ ដំបូងប្រិយមិត្តគ្រាន់តែ យកមាន់ដែលធ្វើរួច មកប្រឡាក់ចូលគ្នាជាមួយ គ្រឿងផ្សំសាមញ្ញៗខាងលើ មានដូចជាអំបិល, ស្ករ, ប៊ីចេង, ខ្ទឹមស(ចិញ្ច្រាំឲ្យម៉ត់តិចៗ), និងប្រេងខ្យង ស្មានគ្រឿងឲ្យត្រូវល្មម ទៅតាមទំហំមាន់ ដែលយកមកធ្វើម្ហូប រួចច្របល់ចូលគ្នា ជាមួយសាច់មាន់ឲ្យសព្វល្អ។ ទុកមាន់ដែលច្របល់ គ្រឿងរួចហើយនោះ មួយសន្ទុះ រងចាំឲ្យវាចូលគ្រឿងសព្វបន្តិចសិន។
បន្ទាប់មក យកខ្នុ ឬត្រយូងចេក (ចិតរួច) មកដាក់ទ្រាប់បាតឆ្នាំង រួចយកមាន់ប្រឡាក់គ្រឿងនោះ ដាក់ពីលើ ហើយចាក់ទឹកដូងមួយផ្លែ ឬពីរផ្លែចូល។ គ្រឿងផ្សំដាក់រួចរាល់អស់ហើយ នៅតែចម្អិនតែប៉ុណ្ណោះ។ ជំហានបន្ទាប់មកទៀត ប្រិយមិត្តគ្រាន់តែដាក់វា ចម្អិននៅលើចង្ក្រាន ដោយចំណាយពេលប្រហែល ២០ ទៅ ៣០នាទី រហូតដល់សាច់មាន់ឆ្អិនល្អ ហើយទឹកដូងរីងជិតអស់ ជាការស្រេច។
បើសិនជាមិនចូលចិត្ត ដុតមាន់ជាមួយទឹកដូង ប្រិយមិត្តក៏អាចជំនួស ដោយប្រើទឹកក្រូចកូកា, ប៊ីយេរ, ឬទឹកឃ្មុំក៏បានដែរ។
Blogger Comment
Facebook Comment