កណ្តាល: រាំជាន់ជើងគ្នាក្នុងវត្តកោះចូរ៉ាម ត្រូវបានជនទំនើងម្នាក់ ទាញកាំភ្លើងពីចង្កេះ បាញ់យុវជនម្នាក់ស្លាប់ និងបុរសពីនាក់របួសធ្ងន់ ក្នុងកម្មវិធីរាំងធុងបាស ពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី១។
ឃាតកម្មនេះ នៅថ្ងៃចូលឆ្នាំទី១ ថ្ងៃទី១៤ខែមេសាឆ្នាំ២០១៤ ម៉ោង ១០និង៤៥នាទីយប់នៅក្នុងទីវត្តកោះចូរ៉ាម ភូមិលើ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប៉ូលិសខេត្តកណ្តាល បានឲ្យដឹងថា ករណីមនុស្សឃាតដោយចេតនាមួយ បានកើតឡើង ក្នុងពេលដែលមនុស្សម្នាកំពុងរាំរែកយ៉ាងសប្បាយរីករាយនៅក្នុងទីវត្តកោះចូរ៉ាម ស្រាប់តែមានយុវជនឈ្មោះ ចន ស្រស់ អាយុ២៨ឆ្នាំ បានរាំជាន់ជើងបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ក្រោយពីជាន់ជើងគេហើយ ចន ស្រស់ ក៏សុំទោសជននោះ តែជនអប្រិយ៍នោះ នៅតែចាប់ក្របួចកអាវ ចន ស្រស់ អូសចេញក្រៅវង់រាំហើយក៏ដកកាំភ្លើងចេញពីចង្កេះបាញ់ទៅលើ ចន ស្រស់ ចំដើមទ្រូងចំនួន ២ គ្រាប់ដួលនៅនឹងកន្លែង។
ឃើញដូច្នោះយុវជន ប៉ែន បូរ៉ា ក៏ស្ទុះទៅជួយ ចន ស្រស់ ក៏ត្រូវជនអប្រិយ៍បាញ់ថែម ១ គ្រាប់លើ បូរ៉ា ចំក្រោមផ្ចិតដួលក្បែរគ្នា។ យុវជនទី៣ ឈ្មោះ រុន រដ្ឋា ក៏ស្ទុះចូលជួយ ក៏ត្រូវជនមិនស្គាល់វៃនឹងស្នាប់កាំភ្លើងបែកក្បាលហើយខ្ទាតកាំភ្លើងពីដៃជនល្មើសៗក៏រត់ចូលរថយន្តបើកយ៉ាងលឿនចេញពីវត្តកោះចូរ៉ាម សំដៅមកភ្នំពេញ ដោយសុវត្ថិភាព ហើយបានបន្សល់ទុកនៅភាពច្របូកច្របល់ទុក្ខសោកនៅវាលទីរាំវង់នោះ។
ចំណែកជនរងគ្រោះ ចន ស្រស់ ត្រូវបានស្លាប់ពេលបញ្ជូនដល់ពាក់កណ្តាលផ្លូវទៅមន្ទីរពេទ្យ។ ឯចំណែកប្អូន ប៉ែន បូរ៉ា រងរបួសធ្ងន់ត្រូវវះយកក្បាលគ្រាប់ដែលបៀមក្នុងពោះនិងប្អូន រុន រដ្ឋា រងរបួសក្បាល។
ជនសង្ស័យសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណ។
លោកដាក់ធុងបាស់ឲ្យក្មេងៗសប្បាយរាំចូលឆ្នាំថ្មី តែបែរជាមានទុក្ខទៅវិញ គួរឲ្យសង្វែកណាស់ទាន!





Blogger Comment
Facebook Comment