«អង្គរសង្ក្រាន្ត» ៤ថ្ងៃ ទទួលបានអ្នកចូលរួម ជាង២៥ម៉ឺននាក់

ប្រភព៖ ដើមអម្ពិល
-----------------------
សៀមរាប៖ ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមីឆស័ក ព.ស ២៥៥៨ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ ទី១៦ ខែមេសា ឆ្នាំ២០១៤ លើទឹកដីប្រវត្តិសាស្រ្តដ៏ល្បាយ ល្បី និងរុងរឿងសៀមរាប-អង្គរ ទទួលបានអ្នកចូលរួមជាង ២៥ម៉ឺននាក់។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌ថា សម្រាប់ជំហានដំបូង តាម ការប៉ាន់ស្មាន និងការពិនិត្យជាក់ស្ដែងភ្ញៀវមកទស្សនា និងចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ក្នុងឱកាស នៃពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមីឆស័ក ព.ស ២៥៥៨ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ ទី១៦ ខែមេសា ឆ្នាំ២០១៤នេះ ខេត្តសៀមរាប-អង្គរ ទទួលបានភ្ញៀវទេសចរណ៍ជាង ២៥ម៉ឺននាក់ ក្នុងនោះមានភ្ញៀវ ទេសចរណ៍អន្តរជាតិជិត ២ម៉ឺននាក់។

លោកបានបញ្ជាក់ថា ភ្ញៀវភាគច្រើនបានមកទស្សនា និងចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅតំបន់ប្រាសាទអង្គរ វត្ត ប្រាសាទបាយ័ន ទីលានជល់ដំរី និងនៅទីតាំងមួយចំនួនទៀតក្នុងខេត្តសៀមរាប ដូចជា នៅតំបន់អង្គរ-ឃ្យុង យូរ តំបន់តាមដងស្ទឹងសៀមរាប និងតំបន់ទេសចរណ៍ផាប់ស្ទ្រីត ផ្សារចាស់ ផ្សាររាត្រី ក្រៅពីនោះ គឺនៅតំបន់ភ្នំ គូលែន តំបន់ទន្លេសាប បារាយណ៍ទឹកថ្លា និងតំបន់រមណីដ្ឋានមួយចំនួនទៀតផងដែរ ។

លោក ង៉ូវ សេងកាក់ បានឲ្យដឹងផងដែរថា បើប្រៀបធៀបនឹងព្រឹត្តិការណ៍ អង្គរសង្ក្រាន្ដ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៥៥៧ គ.ស ២០១៣ កន្លងទៅ ដែលរៀបចំដោយ សហភាពសហ ព័ន្ធ យុវជន កម្ពុជា (ស.ស.យ.ក) ដែរនោះ គឺមានការកើនឡើងប្រមាណជា ៤៤,០១ភាគរយ។ ព្រឹត្តិការណ៍អង្គរ សង្ក្រាន្ដ ឆ្នាំ២០១៤នេះ ទទួលបានភ្ញៀវ ២៥៨.០០០នាក់ មានភ្ញៀវទេសចរបរទេស ១៨.០០០នាក់ ខណៈដែល ឆ្នាំ២០១៣ ទទួលបាន ១៧៩.១៥៤នាក់ ហើយមានភ្ញៀវទេសចរបរទេស ១៥.៣៥៤នាក់៕
Share on Google Plus
    Blogger Comment
    Facebook Comment