លោក សាំ​ង ច​ន្ថា មាន​អំ​ណា​ច​​ប្រ​មូល​​ទិញ​​ឈើ​​ខុស​ច្បាប់ ដឹក​​យក​ទៅ​លក់​​ចែក​ចាយ​​យ៉ាង​​អ​នា​ធិបតេយ្យ ដោយ​​ជ្រក​​ក្រោម​​ស្លាក​​ស​ម្ប​ទាន​

ប្រភព វត្តភ្នុំ
ខេត្តរតនគិរី ៖ លោក សាំង ចន្ថា ជា​​មេ​ការ​​របស់​​ក្រុម​ហ៊ុន ស៊ី​​អ​​ឌី កំពុ​ង​​ក្លាយ​ជា​​មេ​​ឈ្មួញ ដ៏​​មាន​អំ​ណា​ច​​ក្នុង​ការ​​ដឹក​ជ​ញ្ជូន​​ឈើ​​អារ ជា​ច្រើន​​រយ​​ម៉ែត្រ​គូប ក្នុង​មួយ​ខែ​ៗ ចេញ​ពី​​ទី​តាំង​​ក្រុម​ហ៊ុន ស៊ី​​អ​ឌី ក្នុង​ស្រុក​​អ​ណ្តូង​​មាស ខេត្ត​រត​ន​គិរីឆ្ពោះទៅ​លក់​ចែកចាយ នៅតាម​បណ្តា​ខេត្ត​ជាច្រើន ក្នុងប្រទេស​កម្ពុជា ហើយ​ឈើ​អារ​ដែល​ដឹកជញ្ជូន ទៅ​លក់ដុំ លក់រាយ តាម​បណ្តា​ខេត្ត​នានា  ត្រូវ​ហែក​ប៉េសេ ដែលជា​លិខិតអនុញ្ញាត ដឹកជញ្ជូន​ឈើ​ស្របច្បាប់ ដែល​ចេញ​ដោយ រដ្ឋបាល​ព្រៃឈើ ប៉ុន្តែ​ត្រូវតែ​យក​ផល អនុផល​ព្រៃឈើ ក្នុង​ក្រុមហ៊ុន​សម្បទាន សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល អនុញ្ញាត ។​

​ជា​ទៀងទាត់​លោក សាំង ចន្ថា បាន​ត្រូវរ៉ូវ​ជាមួយ មន្ត្រីរដ្ឋបាល​ព្រៃឈើ បន្លំ​ដឹកឈើ​លើស ចំនួន ដែល​ច្បាប់​អនុញ្ញាត​។ គេ​ដឹងថា លោក សាំង ចន្ថា ប្រមូលបាន​ឈើ​អារ ជាច្រើន​រយ​ម៉ែត្រគូប ក្នុង​មួយខែៗ ដឹក​យកទៅ​លក់ដុំ លក់រាយ តាម​បណ្តា​នានា ពី​ក្រុម​ឈ្មួញ​ដែល​ទិញ ត្រង់សឺន័រ រួច​ជួល​កម្មករ ចូលទៅ​កាប់ និង​អារ​​ក្នុង​តំបន់ ព្រៃ​សហគមន៍ សុទ្ធសឹង​ជា​ឈើ​ខុសច្បាប់ រួច​ដឹក​មក​ដាក់ នៅក្នុង​ទីតាំង​ក្រុមហ៊ុន ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​កែច្នៃ​ពី​ប្រភេទ​ឈើ អានាធិបតេយ្យ មក​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន ដើម្បី​ងាយស្រួល​សុំ​ប៉េសេ ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។​

​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់លោក សាំង ចន្ថា និង​មេ​ឈ្មួញ​ជា​ឧកញ៉ា នៅក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ មាន​ទ្រង់ទ្រាយ​ធំ​ខ្លាំងណាស់ គឺ​ក្នុង​មួយថ្ងៃៗ​មាន​ការ​ដឹកជញ្ជូន ឈើ​ប្រណីត​ចេញពី​ព្រៃ​ការពារ មិនតិចជាង ២​រថយន្ត​ច្នៃ​នោះទេ ហើយ​បូករួម​ជាមួយ​ឈើ ដែល​ប្រមូល​ទិញ​ដោយ​ខុសច្បាប់ ពី​ប្រជាពលរដ្ឋ​ឃើញ​ថា សកម្មភាព​នៃ​ការបំផ្លាញ​ឈើ​ប្រណីត នៅ​តំបន់​នោះ គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​។ លោក សាំង ចន្ថា បាន​ចាត់ចែង​ប្រមូល​ទិញ ឈើ​ប្រណីត​ដឹក​យក​ទៅលក់ នៅ​វៀតណាម​យ៉ាង​អនាធិបតេយ្យ មិនដែល​ខ្វល់​ពីបទ​បញ្ជា​របស់ រាជរដ្ឋាភិបាល​នោះទេ ហើយ​សកម្មភាព​នាំចេញ ឈើ​ប្រណី​តទៅ​លក់​នៅក្រៅ​ប្រទេស បាន​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ ដឹកជញ្ជូន​ឈើ​អារ ប្រភេទ​លេខ​២ ជា​រឿង​ខុសច្បាប់​។​

​មានការ​បញ្ជាក់​ផងដែរ​ថា លោក សាំង ចន្ថា បាន​កាប់បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ដី​សម្បទាន​របស់ខ្លួន ហើយ​ធ្វើ​សកម្មភាព ដឹកជញ្ជូន​លើសពី​ចំនួន​កំណត់ ដែល​មានចែង​ក្នុង​លិខិត​ប៉េសេ ដូចជា​សម្រាប់ រថយន្ត​មួយគ្រឿង ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចេញ លិខិតអនុញ្ញាត​ឲ្យ​ដឹកជញ្ជូន ឈើ​ប្រមាណ ១៧​ម៉ែត្រត្រីគុណ​ប៉ុ​ណ្ណោះ ប៉ុន្តែ​លោក សាំង ចន្ថា បាន​លួច​ដឹកជញ្ជូន និង​បង្កប់​ឈើ​ប្រណី​តដល់​ទៅ ៣០​ឬ​៤០ ម៉ែត្រត្រីគុណ​។ ជាគោលការណ៍ ឈើ​ដែល​ត្រូវបាន​កាប់បំផ្លាញ នៅក្នុង​ដីព្រៃ​សម្បទាន​យកមក​កែច្នៃ សម្រាប់​លក់​ចែកចាយ​ក្នុងស្រុក ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ ប៉ុន្តែ​លោក សាំង ចន្ថា បាន​ឃុបឃិត​ជាមួយ ជំនាញ​រដ្ឋបាល​ព្រៃឈើ ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ឈើ ដោយ​មិនបាន​បង់ពន្ធ​ត្រឹមត្រូវ​នោះទេ នាំ​ឲ្យ​ខាតបង់​ចំណូល ថវិកាជាតិ​ច្រើនសន្ធឹក​សន្ធាប់​។​

​សកម្មភាព ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ផ្ទុក​លើសពី​លិខិត​អនុញ្ញាតិ ដែល​បានកំណត់ នាំ​ឲ្យ​មានការ​បំផ្លាញ​ផ្លូវ​ស្ពាន​ជាច្រើន នៅក្នុង​ខេត្តរតនគិរី ជាពិសេស​នៅ ក្នុងស្រុក​អូរ​យ៉ា​ដាវ នេះ​តែម្តង ផ្តើមចេញពី​អំពើពុករលួយ របស់​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ ដែល​ឃុបឃិត​ជាមួយ​លោក សាំង ចន្ថា និង​ឧកញ៉ា ដែលមាន​លុយ​ច្រើន​ហូរហៀរ និង​ជ្រក​ក្រោម​ស្លាក​សម្បទាន ធ្វើ​សកម្មភាព​បំផ្លាញ ព្រៃឈើ​យ៉ាង​វិនាស​ហិនហោច ក្នុង​តំបន់​ជម្រក​សត្វព្រៃ​លំផាត់​។ គេ​ចង់ឃើញ​ផ្នែក​ពាក់ព័ន្ធ ពិនិត្យមើល​ភាពអនាធិបតេយ្យ ដែល​កំពុង​បង្កឡើង​ដោយ​ក្រុមហ៊ុន ស៊ី​អ​ឌី ដែលមាន​លោក សាំង ចន្ថា  ជា​មេការ និង​ក្រុមហ៊ុន ហេង ប្រា​ឌ័​រ របស់​លោក​ឧកញ៉ា រ័ត្ន សុខន ឡើងវិញ​ជាបន្ទាន់ ដែល​យ៉ាងហោចណាស់ ត្រូវ​រៀបចំ​ឲ្យ​មាន​ការគោរព​ច្បាប់ទម្លាប់ ដូច​មានចែង​ក្នុង​កិច្ចព្រមព្រៀង​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន ស៊ី​អ​ឌី និង​ក្រុមហ៊ុន ហេង ប្រា​ឌ័​រ របស់លោក​ឧកញ៉ា រ័ត្ន សុខន មិនទាន់បាន​បំពេញ​កាតព្វកិច្ច ដូច​មានចែង​ក្នុង​កិច្ចព្រមព្រៀង​នោះទេ ឃើញតែ​កាប់បំផ្លាញ​ព្រៃឈើ ធ្វើ​អាជីវកម្ម​និង​ប្រមូល​ទិញ​ឈើ​ខុសច្បាប់ យកទៅលក់​នៅ​វៀតណាម សុទ្ធសឹង​ជា​ប្រភេទ​ឈើ​ប្រណីត មានតម្លៃ​ខ្ពស់ ហើយ​ការ​កាប់បំផ្លាញ​ព្រៃឈើ លក់​ចែកចាយ​ក្នុងស្រុក ក៏​មិនបាន​បង់ពន្ធ ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ តាម​គោលការណ៍​នោះទេ​។ សម្តេច ហ៊ុន សែន ធ្លាប់បាន​ព្រមាន​ជា​រឿយ​ៗ​ថា ត្រូវ​ដកហូត​អាជ្ញាប័ណ្ណ ពី​ក្រុមហ៊ុន​សម្បទាន ដែល​បំពាន​ច្បាប់ ឬ​កាប់បំផ្លាញ​ព្រៃឈើ យ៉ាង​អនាធិបតេយ្យ ដូច្នេះ​ករណី​ក្រុមហ៊ុន ស៊ី​អ​ឌី របស់​លោក សាំង ចន្ថា និង​ក្រុមហ៊ុន ហេង​ប្រា​ឌ័​រ របស់លោក​ឧកញ៉ា រ័ត្ន សុខន គួរតែ​ជា​កម្មវត្ថុ​ដ៏​សំខាន់​មួយ ដែល​រាជរដ្ឋាភិបាល ត្រូវ​ពិចារណា​ឡើងវិញ ៕


 Wat 010414
Share on Google Plus
    Blogger Comment
    Facebook Comment