គ្លីនិក​វេជ្ជ​បុត្រ​រង​ការចោទប្រកាន់​វះកាត់​អ្នក​ជម្ងឺ​បណ្តាល​ឆ្លង​ជម្ងឺ​អេដស៍​មិន​ទទួលខុសត្រូវ​ថែមទាំង ប្តឹង​ជនរងគ្រោះ​ពី​បទ​គំរាម​ទារប្រាក់

ប្រភព៖ កម្ពុជាថ្មី
​ភ្នំពេញ ​៖​ គ្លីនិក​វេជ្ជ​បុត្រ​រង​នូវ​ការចោទប្រកាន់​ពី​ស្ត្រី​ម្នាក់​ថា បាន​វះកាត់​យក​កូន​ចេញ​គ្មាន​បច្ចេក​ទេស​ និង​អនាម័យ ត្រឹមត្រូវ​បង្ក​ឲ្យ​ឆ្លង​មេរោគ​អេដស៍​នៅពេល​បញ្ចូល​ឈាម ហើយ​មិន​ទទួល​ខុស​ត្រូវ និង​ថែមទាំង​បាន​ប្តឹង​ស្ត្រី​រងគ្រោះ​ពី​បទ​ជំរិត​ទា​ប្រាក់​ទៅវិញ​។​

ស្ត្រី​ម្នាក់​អះអាង​ថា ​ជា​ជនរងគ្រោះ​មានឈ្មោះ ស្មាន ម៉ា​រី​យ៉ាន អាយុ​៥១​ឆ្នាំ ​ស្នាក់​នៅផ្ទះ​លេខ​៤៣ ​ផ្លូវជាតិ​លេខ​៥ ក្រុម​៣​ភូមិ កៅ​ឡា​ត ឃុំ​បាឡី ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ​ចំណែក​ម្ចាស់​គ្លីនិក​ដែល​រង​នូវ​ការចោទប្រកាន់​ឈ្មោះ សេង ហាក់​ស្រ៊ុន និង​ប្រពន្ធ​ឈ្មោះ​ឡា​ច គីម​ហ៊ាង ។​

​ ស្ត្រី​ឈ្មោះ ស្មាន ម៉ា​រី​យ៉ាន បាន​រៀបរាប់​ឲ្យ​ដឹង​ថា ​កាលពី​ខែ​៧ ឆ្នាំ​១៩៩៨ គាត់​បាន​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​លោក​វេជ្ជ បណ្ឌិត សេង ហាក់​ស្រ៊ុន ដែល​ជា​ម្ចាស់​គ្លី​និក​​វេជ្ជ​បុត្រ​ដែល​មាន មាន​ទីតាំង​ស្ថិតនៅ​ផ្ទះ​លេខ ១៧៣ ផ្លូវ​១៦៣ សង្កាត់​​ទូល​ទំពូង​២ ខណ្ឌ​ចំការ​មន ដោយសារ​គាត់​មាន​ផ្ទៃពោះ​ចំនួន​៥​ខែ តែ​កូន​បាន​ស្លាប់​នៅក្នុង​ពោះ ដើម្បី​រក​វិធី​យក​កូន​ចេញ​ដោយ​លោកគ្រូ​ពេទ្យ សេង ហាក់​ស្រ៊ុន​ និង​ប្រពន្ធ ឡា​ច គីម​ហ៊ាង​យក​ថ្លៃ ចំនួន​១៥០​ដុល្លារ ក្រោយពី​ពិភាក្សា​ជាមួយ​ប្តី​គាត់​ក៏​ព្រម​ឲ្យ​លោក​គ្រួ​ពេទ្យ​យក​កូន​ដែល​ស្លាប់​ក្នុង​ពោះ​ចេញ ប៉ុន្តែ​ក្រោយពី​យក​កូន​ចេញរួច លោកគ្រូ​ពេទ្យ​ប្រាប់​ថា​ធ្លាក់ឈាម​ហូរ​មិន​ឈប់​ច្រើនណាស់ ទាល់តែ​បញ្ចូល​ឈាម​ និង​វះកាត់​យក​ស្បូន​ចេញ​ទើប​អាច ទើប​អាច​សង្គ្រោះ​បាន គាត់​ក៏​យល់ព្រម​ឲ្យ​លោកគ្រូ​ពេទ្យ សេង ហាក់​ស្រ៊ុន ធ្វើការ​វះ​គាត់ ដោយ​គ្រួ​ពេទ្យ​ទា​ថ្លៃ​វះកាត់​ចំនួន​៩៩៩​ដុល្លារ​។​

​ ស្ត្រី​ឈ្មោះ ស្មាន ម៉ា​រី​យ៉ាន បន្ត​ថា ក្រោយពី​ដឹងខ្លួន​អ្នក​បុគ្គលិក​នៅ​ទីនោះ​បាន​មក​អង្គុយ​ និង​និយាយ​លេង​ប្រាប់​ថា ​គាត់​ធ្លាក់ឈាម​ហូរ​មិន​ឈប់ សំណាង​ហើយ​លោកគ្រូ​ពេទ្យ​បាន​ទិញ​ឈាម​ពី​អ្នក​រត់​ម៉ូតូឌុប​នៅ​ក្បែរ​នោះ​បញ្ចូល​ឲ្យ​គាត់​បាន​ទាន់ពេល បើ​ពុំ​នោះ​ទេ​បងស្រី​អាច​នឹង​មាន​គ្រោះថ្នាក់​។​ បន្ទាប់ពី​ឮ​ដូច្នេះ​គាត់​ក៏​មិន​ចាប់​អារម្មណ៍​អ្វី​ពី​ការ​ឆ្លង​ជម្ងឺ​ឡើយ​ដល់ពេល​កំណត់​គាត់​ក៏បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ប៉ុន្តែ​អាការៈ​គាត់​ខុសពី​ធម្មតា ស្គម​អស់​កំលាំង ដោយ​ឃើញ​អាការៈ​គាត់​ចេះតែ​មិន​ស្រួល​ទៅៗ គាត់​និង​ប្តី​ក៏​សម្រេចចិត្ត​ទៅ​ពិនិត្យ​ឈាម​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ គ្រូ​ពេទ្យ​បញ្ជាក់​ថា​គាត់​ផ្ទុក​ជម្ងឺ​អេដស៍។​ 

គ្រាន់តែ​ឮ​ដូច្នោះ​ភ្លាម​គាត់​គ្មាន​កំលាំង​កំហែង ហើយ​បាន​ទៅ​ស្រែកយំ​នៅក្នុង​គ្លី​និ​ក​វេជ្ជ​បុត្រ ដោយ​សុំ​ឲ្យ​លោក​គ្រួ​ពេទ្យ​ទទួលខុស​ត្រូវ​ចំពោះ​រូប​គាត់​ព្រោះ​គាត់​ និង​ស្វាមី​និង​កូន​បី​នាក់​ទៀត​មិន​មាន​ជម្ងឺ​អេដស៍​ឡើយ ហើយ​ការ​ឆ្លង​ជម្ងឺ​នេះ​មក​គាត់​គឺ​ដោយសារ​លោក​គ្រួ​ពេទ្យ​បញ្ចូល​ឈាម​មិនល្អ​ឲ្យ​គាត់​នៅពេល​វះ​កាត់​។​ មិន​ត្រឹមតែ​គាត់​ឆ្លង​ជម្ងឺ​ទេ​សូម្បី​តែ​កូន​ប្រុស​បុគ្គលិក​នៅ​ទីនោះ​ដែល​យក​ឈាម​កន្លះ​ផ្លោក​នៅ​សល់​ពី​គា​ត់​ទៅ​បញ្ចូល​ក៏​ឆ្លង​ជម្ងឺ​ដូច​គាត់​ដែរ​។​

​ ដោយ​ពិនិត្យ​ឃើញ​ការពិត​មិនអាច​ប្រកែក​បាន លោកគ្រូ​ពេទ្យ សេង ហាក់​ស្រ៊ុន​ និង​ប្រពន្ធ ឡា​ច គីម​ហ៊ាង ភាគី​គ្លី​និ​ក​បាន​ធ្វើ​កិច្ចការ​សម្របសម្រួល​ជាមួយ​គាត់​ដោយ​ធ្វើ​កិច្ចសន្យា​មួយ​ដោយ​ទទួលស្គាល់​ និង​ជួយ​ចេញថ្លៃ​ទិញ​ថ្នាំ​ព្យាបាល​ជម្ងឺ​ក្នុង​១​ខែ ថ្លៃ​៣៧៤​ដុល្លារ រហូតដល់​CD4​ ឡើង​គ្រប់​៧០០​វិញ​ដោយ​មិន​ឲ្យ​គាត់​ដើរ​បរិហារកេរ្តិ៍​ពី​រឿង​ចម្លង​មេរោគ​ឡើយ​។ ​ជា​រៀងរាល់ខែ​គាត់​ទៅ​បើក​ថ្នាំ​នៅ​គ្លី​និ​ក ឡា​ប៉េ ម្តុំ​អូឡាំពិក​រហូត​មក។ ​

លុះដល់ ថ្ងៃទី​២០​ខែ ឧសភា ឆ្នាំ​២០១៣ គាត់​បាន​ ទូរស័ព្ទ​ទៅ​ម្ចាស់​គ្លី​និក វេជ្ជ​បុត្រ សុំ​បើក​លុយ​មុន​១​ខែ សរុប​ពី​ខែ សុំ​យក​តែ​៧០០​ដុល្លា​ប៉ុណ្ណោះ ព្រោះ​គាត់​ជាប់រវល់​ទៅ​ប្រទេស​វៀតណាម​ដើម្បី​ទិញ​ថ្នាំ​ទុក​។​ ប៉ុន្តែ​ភាគី​គ្លី​និ​ក​មិន​ព្រម​ឲ្យ​គាត់​ឡើយ ហើយក៏​បញ្ឈប់​លែង​អោយ​គាត់​តែម្តង​ទោះបី​គាត់​ទារ មួយ​ខែ​៣៧៤​ដុល្លារ ធម្មតា​ឡើង​វិញ​​ក៏​គេ​លែង​ឲ្យ​ទាំងអស់​។

​គាត់​បាន​ព្យាយាម​ទំនាក់ទំនង​ជាមួយ​ភាគី​គ្លី​និករ​ហូត​តែ​គេ​មិន​ព្រម​និយាយ​ជាមួយ​ដោយ​ខឹង​ខ្លួន​មាន​ជម្ងឺ​ហើយ​ត្រូវ​គេ​ក្បត់​កិច្ចសន្យា​គាត់​បាន​ទៅ​ស្រែកយំ​នៅក្នុង​គ្លី​និក វេជ្ជ​បុត្រ​ដោយ​សុំ​ឲ្យ​ភាគី​គ្លិ​និ​ច បន្ត​ជួយ​ចេញ​ថ្នាំ​ឲ្យ​គាត់​បន្ត​ទៀត តែ​គេ​មិន​ព្រម​ថែមទាំង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ឃាត់​ដោយ​ចោទ​ប្រកាន់​ថា​គាត់​ទៅ​ជំរិត​ទារ​ប្រាក់​ពី​លោកគ្រូ​ពេទ្យ សេង ហាក់​ស្រ៊ុន​និង​ប្រពន្ធ ឡា​ច គីម​ហ៊ាង​ចំនួន​៧០០​ដុល្លារ ទៅវិញ​។​

 ស្ត្រី​រូប​នោះ​បន្ត​ទៀត​ថា ​ដើម្បី​រក​យុត្តិធម៌​ដែល​គាត់​រងគ្រោះ​ដោយ​លោក​គ្រូ​ពេទ្យ សេង ហាក់​ស្រ៊ុន​ និង​ប្រពន្ធ ឡា​ច គីម​ហ៊ាង ម្ចាស់​គ្លី​និក វេជ្ជ​បុត្រ ដែល​ប្តឹង​គាត់​ពី​បទ​គំរាម​ទារប្រាក់​៧០០​ដុល្លារ​គាត់​ក៏បាន​សម្រេច​ដាក់ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ប៉ុន្តែ​សុំ​ណុំ​រឿង​ត្រូវបាន​តុលាការ​ផ្អឹប​ទុកចោល​មិន​ចាត់ការ​ មិនតែប៉ុណ្ណោះ​លោកគ្រូ​ពេទ្យ សេង ហាក់​ស្រ៊ុន​និង​ប្រពន្ធ ឡា​ច គីម​ហ៊ាង ម្ចាស់​គ្លី​និក វេជ្ជ​បុត្រ ថែមទាំង​យកឈ្មោះ​កូនប្រុស​ថ្នាក់ដឹកនាំ​មក​គំរាម​ស្ត្រី​រងគ្រោះ​ទៀត​ផង​។​ រឿង​នេះ​គាត់​មិន​សុខចិត្ត​ទេ គាត់​នឹង​ទាមទារ​រក​យុត្តិធម៌​រហូត​ដល់ទី​បញ្ចប់ ដ​រាប​ណា​គាត់​នៅ​មាន​ជីវិត​។​

​​ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​សារព័ត៌មាន​មិនអាច​សុំ​ការ​បំភ្លឺ​ពី​ឈ្មោះ សេង ហាក់​ស្រ៊ុន និង​ប្រពន្ធ​ឈ្មោះ​ឡា​ច គីម​ហ៊ាង ម្ចាស់​គ្លី​និ​ក វេជ្ជ​បុត្រ បាន​ឡើយ ដោយ​ទូរស័ព្ទ​មិន​ចូល ហើយ ក្រុម​អ្នក​កាសែត​ព្យាយាម​ទៅដល់​គ្លីនិក​ដើម្បី​សាកសួរ ប៉ុន្តែ​លោក​មិន​នៅផ្ទះ​ ហើយ​ក្រោយមក​ឈ្មោះ សេង ហាក់​ស្រ៊ុន និង​ប្រពន្ធ​ឈ្មោះ​ឡា​ច គីម​ហ៊ាង ម្ចាស់​គ្លី​និក វេជ្ជ​បុត្រ បែ​ជា​ចោទ​ប្រកាន់​ថា​ស្ត្រី​រងគ្រោះ​និង​ក្រុម​អ្នក​សារ​ព័ត៌មាន​ទៅ​អុកឡុក​គ្លីនិច​គាត់​ទៅវិញ៕


Share on Google Plus
    Blogger Comment
    Facebook Comment