ភ្នំពេញ: អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងសកម្មជនសិទ្ធិមនុស្សមួយចំនួន ត្រូវបានកងកម្លាំងសន្តិសុខ សណ្តាប់ធ្នាប់ខណ្ឌ (ចម្រុះខណ្ឌ) ព្រួតគ្នាវាយលើខ្លួនប្រាណ និងវាយបំផ្លាញទ្រព្យសម្បត្តិ និងចាប់យកម៉ាស៊ីនថតរូប រួមទាំង ការជេរប្រមាថ កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ នៅក្បែរទីលានប្រជាធិបតេយ្យ។
ការប្រើអំពើហិង្សាទៅលើអ្នកកាសែត បានកើតឡើង នៅពេលដែលក្រុមសន្តិសុខ សណ្តាប់ធ្នាប់ខណ្ឌ បានធ្វើសកម្មភាព ដើរវាយបំបែកការជួបជុំ ប្រមូលផ្តុំរបស់សកម្មជន គណបក្សសង្គ្រោះជាតិ នៅក្បែរទីលានប្រជាធិបតេយ្យ ដើម្បីហាមឃាត់មិនឲ្យសកម្មជន និងសមាជិកគណបក្សសង្គ្រោះជាតិ ធ្វើការប្រមូលផ្តុំ ហែក្បួនឃោសនា បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ។
មូលហេតុដែលក្រុមសន្តិសុខ សណ្តាប់ធ្នាប់ ព្រួតគ្នាវាយមកលើអ្នកកាសែត និងសកម្មជនសិទ្ធិមនុស្ស គឺដោយសារតែអ្នកកាសែត បានថតផ្តិតយករូបភាព ពីសកម្មភាពរបស់ពួកគេ ដែលបានប្រើអំពើហិង្សា ទៅលើសកម្មជន និងសមាជិកគណបក្សសង្គ្រោះជាតិ។
អ្នកកាសែតជាតិ ដែលរងការប្រើអំពើហិង្សា ពីសំណាក់ក្រុមសន្តិសុខ សណ្តាប់ធ្នាប់ខណ្ឌ មានដូចជាៈ លោកឡាយ សាមាន អ្នកយកព័ត៌មានរបស់ វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ត្រូវក្រុមសន្តិសុខប្រចាំការ នៅទីលានប្រជាធិបតេយ្យ វាយឲ្យរបួសធ្ងន់ធ្ងរ ជាំពេញខ្លួន និងវង្វេងស្មារតី ហើយបច្ចុប្បន្ន កំពុងត្រូវបញ្ជូនទៅសង្គ្រោះ បន្ទាន់ នៅមន្ទីរព្យាបាលឯកជនមួយ។ ចំណែកសម្ភារៈមួយចំនួន រួមទាំងទូរស័ព្ទដៃរបស់អ្នកយកព័ត៌មានរូបនោះ ត្រូវកងសន្តិសុខ រឹបអូស។ លោកចា ឌីណា អ្នកថតរូបឲ្យគេហទំព័រ សប្បាយ ត្រូវបានខូចខាតម៉ូតូ ដោយសារតែក្រុមសន្តិសុខ វាយបំផ្លាញ។ អ្នកកាសែតបរទេសម្នាក់ ត្រូវបានក្រុមសន្តិសុខ ព្រួតគ្នាចាប់យកម៉ាស៊ីនថតរូប រួមទាំង អ្នកកាសែតជាតិ និងអ្នកកាសែតអន្តរជាតិ មួយចំនួនផ្សេងទៀត ត្រូវបានរងការគំរាម កំហែង ចាប់យកម៉ាស៊ីនថតរូប និងការគំរាមប្រើអំពើហិង្សា។
ចំណែកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានទីភ្នាក់ងារសារព័ត៍មានកម្ពុជា ដកស្រង់ប្រសាសន៍ យកមកចុះផ្សាយថា ឆ្នាំនេះ សង្កេតឃើញថា បើទោះបីជា មានការធានា សុវត្ថិភាពរាងកាយ មិនមានការជាប់ពន្ធនាគារ ដោយសារការនិយាយ ឬការសរសេរខុស។ ប៉ុន្តែឃើញថា ក៏មានអំពើហិង្សាខ្លះៗ បានកើតទៅលើអ្នក សារព័ត៌មានយើង ដោយសារនិន្នាការនយោបាយ ដែលនេះជាប្រការមួយ គួរឲ្យសោកស្ដាយ ដូច្នេះយើងសំណូមពរ ធ្វើយ៉ាងណាបញ្ចៀសឲ្យបាននូវ ការប្រព្រឹត្តអំពើហិង្សា ទៅលើអ្នកសារព័ត៌មាននេះ។
លោកបានបន្តថា ទិវាសេរីភាពសារព័ត៌មានពិភលោក ថ្ងៃទី៣ ឧសភា ត្រូវបានកំណត់ ដោយអង្គការសហប្រជាជាតិ ដើម្បីឲ្យទាំងអស់គ្នា បានយល់ អំពីទំហំ និងសារសំខាន់ នៃសារព័ត៌មាន ក្នុងសង្គមមួយ ជាពិសេសក្នុងសង្គមប្រជាធិបតេយ្យ ដែលយើង ត្រូវការសារព័ត៌មាន។ សារព័ត៌មាន គឺជាសំឡេងរបស់អ្នកអត់សំឡេង បានន័យថា យើងជួយបង្ហាញពីអ្វី ដែលប្រជាពលរដ្ឋ ចង់ដឹង និងជួយឲ្យរាជរដ្ឋាភិបាល ឬថ្នាក់ ដឹកនាំយល់ អំពីសំណូម ពររបស់ប្រជាពលរដ្ឋ ក៏ដូចជា ឲ្យប្រជាពលរដ្ឋ យល់ពីអ្វីដែលរាជរដ្ឋាភិបាល កំពុងធ្វើ ពីព្រោះ នៅក្នុងសង្គមប្រជាធិបតេយ្យ គេត្រូវការសារព័ត៌មានមួយ ដែលមាន វិជ្ជាជីវៈសេរី ដែលអាចឲ្យប្រជាពលរដ្ឋ គាត់អាចយល់ដឹងបាន តាម រយៈការយល់ដឹងនេះហើយ ប្រជាពលរដ្ឋអាចធ្វើការ ជ្រើសរើសមួយដ៏ត្រឹមត្រូវ តាម របៀបប្រជាធិបតេយ្យ នេះជាការងារអ្នកសារព័ត៌មាន។
លោកបន្តទៀតថា នៅក្នុងឆ្នាំនេះយើងឃើញថា គេបានលើកអំពីបញ្ហាការធានាសុវត្ថិភាពរបស់អ្នកសារព័ត៌មាន ដោយឃើញថា ប៉ុន្មានឆ្នាំនេះ ចំនួនអ្នកសារព័ត៌មានដែលត្រូវស្លាប់នៅលើ ពិភពលោកមានចំនួនកើនឡើងជា ពិសេសនៅតំបន់ដែលមានការប្រយុទ្ធ មានវិបត្តិនយោបាយ ឬហិង្សាកើតឡើងអ្នកសារព័ត៌មានច្រើនតែមាន មានគ្រោះថ្នាក់ ដូច្នេះហើយទើបគេលើក អំពីបញ្ហាការធានាសុវត្ថិភាព សម្រាប់អ្នក សារព័ត៌មាន ។
នៅកម្ពុជា យើងក្នុងប៉ុន្មានឆ្នាំនេះអ្នកសារព័ត៌មានយើង មានការធានាច្រើន បើទោះបីមានអ្នកសារព័ត៌មានខ្លះត្រូវចាប់ខ្លួន ប៉ុន្តែក្រសួងក៏ មិនព្រងើយកន្តើយដែរ ហើយយើងក៏មិនកាន់ជើងអ្នកសារព័ត៌មាន ដែលប្រព្រឹត្តខុសនោះដែរ ដូច្នេះបានជាសំណូមពរធ្វើយ៉ាងណា អ្នកសារព័ត៌មាន ត្រូវប្រកាន់វិជ្ជាជីវៈឲ្យបាន៕V/s
![]() |
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន (រូបថតៈឯកសារ) |
Blogger Comment
Facebook Comment