ភ្នំពេញៈ ភាពភ្ញាក់ផ្អើលបានផ្ទុះឡើងយ៉ាងខ្លាំង នៅពេញបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យអ្នកនិយមលេងហ្វេសប៊ុកចោទជាសំណួរ លួងលោម និងតាមលើកទឹកចិត្តផង ខណៈឃើញពិធីករ លោក ដួង សុខគា សរសេរសារបង្ហោះក្នុងគណនីហ្វេសប៊ុកសាសព្ទពីភាពខកចិត្ត ខកថ្លើមនៅកន្លែងធ្វើការ បែបអស់សង្ឃឹម។
សារដែលបង្កការភ្ញាក់ផ្អើល និងកំពុងស្ថិតក្នុងចម្ងល់មហាជននោះ លោក ដួង សុខគា បានសរសេរថា ៖«ការគិត ការរកនឹក ដើម្បីនិយាយចេញមកមិនមែនងាយទេ។ បើយើងខំរកនឹកឲ្យទស្សនិកជនមើលផ្ទាល់សើចក្អាកក្អាយ ទីបំផុតពេលចាក់ផ្សាយគេកាត់សម្តីទាំងនោះចោលអស់។ អ៊ីចឹងយើងមិនពិធីករទីងមោងហើយ? អ៊ីចឹងចាំអីទៀតគួរតែដើរចេញទៅទីណាដែលគេមានម៉ោងគ្រប់គ្រាន់ ស្តាយគំនិតខំរកនឹក»។ ពិធីករ កាយវិការក្រមិចក្រមើម បែបកំប្លុកកំប្លែងរបស់ CTN លោក ដួង សុខគា បានបន្ទរតាមក្រោយ បែបស្តាយពេលវេលាថា៖«ក្តៅស្ទើរចេញខ្លាញ់»។
ក្នុងឃ្លាខ្លីចុងក្រោយ លោក សុខគា សរសេរថា៖«ខ្ញុំមិនធ្វើជាទីងមោងទេ ចង់បិទខ្ញុំមែន? ប្រហែលគ្មានផ្លូវទេ ខ្ញុំសុខចិត្តទៅនៅភូមិថ្មី»។
តាមរយៈសារដែលបង្ហោះក្នុងគណនីហ្វេសប៊ុក នោះត្រូវបានគេចែកចាយតគ្នាពេញក្នុងបណ្តាញសង្គម ដែលបង្កការភ្ញាក់ផ្អើលកាន់តែខ្លាំង បើសូម្បីតែខាងក្រៅ ក៏យកអត្ថន័យសារ របស់ពិធីកររូបនេះមកធ្វើជាប្រធានបទតុមូល ជជែកវែកញែកផងដែរ។ ពួកគេម្នាក់ៗ បានដាក់ការសង្ស័យចំៗថា៖ «អាចមកពីលោក ដួង សុខគា អន់ចិត្តនៅកន្លែងធ្វើការ ទ្រនំ ស៊ីធីអិន អន់ចិត្តរឿងអីមួយហើយ បានជាដល់ថ្នាក់លោកសរសេរសារបង្ហោះ ដោយមិនលាក់លៀមបែបនេះ នៅក្នុងហ្វេសប៊ុកនោះ»។
មហាជនជាច្រើនដែលបានឃើញសារពិធីករដួង សុខគា បង្ហោះនោះ បានលើកឡើងថា៖«ពិនិត្យតាមអត្ថន័យ និងការបរិយាយក្នុងសារនោះ ប្រាកដណាស់ លោក ដួង សុខគា ពិធីកររបស់ទូរទស្សន៍ស៊ីធីអិន កំពុងមានបញ្ហានៅកន្លែងធ្វើការ ។ នៅក្នុងសារនោះ លោក សុខគា បានលើកឡើងពីការខំប្រឹងប្រែង ហើយបែរជាគេកាត់ពាក្យពេចន៍ខ្លួន ដែលយោងតាមម៉ោង វេលាខ្លី មិនអាចចាក់សម្តីលោកទាំងដុលបាន»។
ពួកគេលើកឡើងថា៖«បើតាមតែលោក សរសេរនោះ លោកក៏អាចនឹងដើរចេញពីស្ថានីយទូរទស្សន៍មួយនេះក៏ថាបាន។ បើតាមតែសមត្ថភាព លោក សុខគា មិនខ្វះទេការងារ ព្រោះលោក មានសមត្ថភាពពិតៗ មិនមែនឡើងដោយការលើកបណ្តុបទេ»។
ទស្សនិកជនសុទ្ធតែបានដឹងយ៉ាងច្បាស់ថា CTN ជាថ្នាលដំបូងរំលេចវត្តមាន លោក ដួង សុខគា ឲ្យផុសត្រដែតលើវិថីសិល្បៈក្នុងអាជីពជាពិធីករ ក្រោមការណែនាំយិតយោងពីលោក សុវណ្ណ រិទ្ធី នៅឆ្នាំ២០០៩ ។ មកដល់ពេលនេះលោក ដួង សុខគា ក៏ក្លាយខ្លួនជាពិធីករមួយរូបដែលមាន សមត្ថភាពគ្រប់គ្រាន់ទាំងសំនួនវោហារស័ព្ទក្រអួនក្រអៅ កាន់កម្មវិធីសំណើចតាមភូមិ ផ្ទះលោកតា តើអ្នកឆ្លាតជាងសិស្សថ្នាក់ទី៥ឬទេ? ខណៈត្រូវបានគេដឹងយ៉ាងច្បាស់ទៀតថា លោក មានសញ្ញាបត្រគរុកោសល្យផ្នែកអប់រំទៀតផង។
ឆ្លើយតបតនឹងសារ ដែលលោក ដួង សុខគា សរសេររៀបរាប់ពីភាពអន់ចិត្តអន់ថ្លើមនៅកន្លែងការងារនោះ គេឃើញមានវត្តមាន លោក សុវណ្ណ រិទ្ធី ដែលជាមេកើយ និងអ្នកគ្រប់គ្រងកម្មវិធីនៅទូរទស្សន៍ CTN សួរនាំពីហេតុផលផងដែរ ដែលធ្វើជាចម្ងល់មួយបន្ថែមទៀតថា បើសុខគា អន់ចិត្តកន្លែងធ្វើការ នោះម៉េចបានជាមេកើយ លោក សុវណ្ណ រិទ្ធី មកសួរនាំបែបមិនដឹងរឿងអីសោះអ៊ីចឹង?
បកស្រាយពីចម្ងល់ដែល កំពុងបង្កការចាប់អារម្មណ៍ដល់មហាជននោះ ពិធីករដែលមានវោហារស័ព្ទកំប្លុកកំប្លែង ច្រើនប្រើពាក្យបុរាណ លោក ដួង សុខគា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទថា៖«រឿងអន់ចិត្តនៅកន្លែងធ្វើការនោះ វាពិតជាមានមែន ហើយទើបនឹងកើតឡើងថ្មីៗនេះ ដែលធ្វើឲ្យខ្ញុំអត់ទ្រាំទុកវាក្នុងចិត្តមិនបាន ត្រូវតែទម្លាយវាចេញ មកទើបបានធូរក្នុងអារម្មណ៍ខ្លះ»។ ប៉ុន្តែលោក ដួង សុខគា បានបញ្ជាក់ខ្លីថា៖ «កន្លែងការងារដែលខ្ញុំអន់ចិត្តនោះមកមិនមែននៅCTN ទេ តែក៏មិនអាចប្រាប់ឈ្មោះបានដែរ តែវាជាក្រុមហ៊ុនក្រៅពី ស៊ីធីអិន»។
ពិធីករដែលមានកំណើតមកពីស្រុកសំរោង ខេត្តតាកែវ វ័យ៣៤ឆ្នាំរូបនេះ ទទួលស្គាល់ថា៖ «មានច្រើនណាស់ ដែលឃើញសារខ្ញុំបង្ហោះក្នុងហ្វេសប៊ុកនោះថា ខ្ញុំអន់ចិត្តនឹងកន្លែងធ្វើការ CTN ។ ប៉ុន្តែការពិតមិនមែនទេ រយៈពេល៥ខែចុងក្រោយនេះ ខ្ញុំបានស្ម័គ្រចិត្តទៅជួយធ្វើការមិត្តភក្តិនៅក្រុមហ៊ុនកាត់ត និងផលិតស្ប៉ត តែពេលខ្លះខ្ញុំខំនិពន្ធពាក្យល្អ តែគេកាត់ពាក្យខ្ញុំចោល និងគេយកគំនិតអ្នកផ្សេងមកជំនួស ទើបខ្ញុំមានការតូចចិត្ត ក៏សរសេរសារនោះបង្ហោះទៅ»។
លោក ដួង សុខគា បញ្ជាក់ថា៖«ពេលនេះខ្ញុំបានឈប់ធ្វើជាជំនួយការនៅក្រុមហ៊ុននោះទៀតហើយ»៕
![]() |
ពិធីករលោក ដួង សុខគា នៅក្នុងកម្មវិធីអាណាចក្រតារា។ រូបថត ហុង មិនា |
Blogger Comment
Facebook Comment