ធ្វើ​ម៉េច​ឲ្យ​គេង​ឆាប់​លក់?

ប្រិយមិត្ត​គ្រប់រូប​​​ពិត​ជា​ចង់​ទទួល​ទាន​ដំណេក​យ៉ាង​ស្កប់ស្កល់​បន្ទាប់​ពី​បំពេញ​កិច្ចការ​របស់​ខ្លួន​ហត់​នឿយ​ពេញ​មួយ​ថ្ងៃ។

 ប៉ុន្តែ ​​មាន​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​​ខកចិត្ត ត្បិតអី​វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ​ ​ព្រោះ​វា​ហាក់​មិន​សម​តាម​បំណង​ដែល​ខ្លួន​ចង់​បាន។
ដូច្នេះ​សាក​ល្បង​​ពិនិត្យ​មើល​ចំណុច​​​ខាងក្រោម​នេះ​ទាំងអស់​គ្នា​មើល៍​​ថា តើ​​នៅ​មាន​ចំណុច​ណា​ខ្លះ​ដែល​​ប្រិយមិត្ត​មិន​ទាន់​អនុវត្ត និង​អាច​ជួយ​ប្រិយមិត្ត​នៅ​ពេល​នេះ​?​


១ ដេក​ទៀង​ពេល​ និង​​​មិន​ប្ដូរ​កន្លែង
ប្រិយមិត្ត​ធ្លាប់​ទេ ពេល​ប្លែក​កន្លែង​ច្បាស់​ជា​ពិបាក​ទទួល​ទាន​ដំណេក​ជា​មិន​ខាន។ ដើម្បី​ជៀសវាង​បញ្ហា​នេះ លោក​អ្នក​ត្រូវ​ទទួល​ទាន​ដំណេក​នៅ​កន្លែង​តែ​មួយ និង​​កុំ​ភ្លេច​ចូល​គេង​ទៀង​​ពេល​ផង​​ដែរ។

២ ហាត់ប្រាណ
ក្រៅ​ពី​ជួយ​ធ្វើ​ឲ្យ​​មាន​សុខភាព​ល្អ​ ការ​ហាត់ប្រាណ​ក៏​ជួយ​សម្រួល​ដល់​ការ​ទទួលទាន​ដំណេក​របស់​ប្រិយមិត្ត​ផង​ដែរ​ជា​ពិសេស​នៅ​ពេល​ព្រឹក​ប្រសិន​ជា​អាច​ជា​ការ​ប្រសើរ។ ការ​ហាត់ប្រាណ​​នឹង​ធ្វើ​ឲ្យ​ប្រិយមិត្ត​ឆាប់​គេងលក់​ស្កប់ស្កល់។

៣ ​មិន​ត្រូវ​ទទួល​​កាហ្វេ​ច្រើន​ពេក​ទេ
​ទទួល​កាហ្វេ​នៅ​ពេល​ព្រឹក​ជាមួយអាហារ​ពេល​ព្រឹក​មិន​ជា​បញ្ហា​នោះ​ទេ។ ​តែ​បើ​ទទួល​ទាន​ពេល​ព្រឹក​មួយ​កែវ​ហើយ​ មក​ដល់​កន្លែង​ធ្វើ​ការ​ដាក់​មួយ​កែវ​ហើយ​មួយ​កែវ​ទៀត​នឹង​ធ្វើ​ឲ្យ​ជាតិ​កាហ្វេ​អ៊ីន​ក្នុង​ខ្លួន​របស់​អ្នក​ខ្ពស់​ដែល​​​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​នឹង​ងងុយ​គេង។ ​ការ​ញ៉ាំ​កាហ្វេក​ក្រោយ​ម៉ោង​ ៤ ​មិន​ត្រូវ​ធ្វើ​នោះ​ឡើយ។

៤ ​គេង​មួយ​ស្រឡេត
សម្រាប់​អ្នក​ដែល​មិន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​ទាន​ដំណេក​ អាច​សាកល្បង​​ឆ្លៀត​ពេល​ដេក​មួយ​ភ្លែត​​​នៅ​ពេល​ថ្ងៃ​យ៉ាងហោចណាស់​បាន​ពី​១៥​ទៅ​២០​នាទី នឹង​ធ្វើ​ឲ្យ​ប្រិយមិត្ត​មាន​អារម្មណ៍​មិន​អត់​ងងុយ និង​អាច​ទទួលទាន​ដំណេក​លក់​ស្រួល​នៅ​​ពេល​យប់។

៥ បញ្ឈប់​​ទម្លាប់​មួយ​ចំនួន​មុន​ពេល​គេង
ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​យប់​ជ្រៅ​ពេក ​ឬ​ការ​​ពិភាក្សា​មុន​ពេល​គេង​គឺ​ជា​ទម្លាប់​មិន​ល្អ នាំ​ឲ្យ​ប៉ះពាល់​ការ​ទទួលទាន​ដំណេក។​ ជា​ការ​ប្រសើរ​ការ​អាន​រឿង​​ប្រលោមលោក​ ឬ​ទស្សនាវដ្ដី​នឹង​ជួយ​ជំរុញ​ឲ្យ​​លោក​អ្នក​ឆាប់​​ងងុយ​គេង​អាច​ទទួល​ទាន​ដំណេក​យ៉ាង​ស្កប់ស្កល់។

​​៦ របប​អាហារ
តើ​ទទួលទាន​អាហារ​ប្រភេទ​អី​ដែល​ជួយ​ឲ្យ​ឆាប់​គេង​លក់?​ ត្រី​ ចេក ​និង​ផ្លែ​ឈើ​​មួយ​ចំនួន​ផ្ទុក​ដោយ​សារជាតិ​កាល់ស្យូម​ ម៉ាញេស្យូម​​​ ​ដែល​ត្រូវ​ទទួលទាន​​​សម្រាប់​អាហារ​ពេល​ល្ងាច​ត្រូវ​បាន​​អ្នក​ជំនាញ​ពន្យល់​ថា ពិត​ជា​ជួយ​ធ្វើ​ឲ្យ​​ឆាប់​គេង​លក់​។ ​​​ជៀសវាង​ការ​ញ៉ាំ​ទឹក​ច្រើន​ហួស​មុន​ចូល​គេង។

៧ កុំ​ពិសា​ស្រា​ ឬ​គ្រឿង​ស្រវឹង
ប្រិយមិត្ត​ភាគច្រើន​យល់​ថា ការ​ពិសា​ស្រា​នឹង​​ធ្វើ​ឲ្យ​ស្រវឹង​អាច​ចូល​ដំណេក​បាន​ឆាប់​រហ័ស​​យ៉ាង​ស្កប់ស្កល់។​ ប៉ុន្តែ ​ចូរ​កុំ​ភ្លេច​ថា​នឹង​មាន​អ្វី​កើតឡើង​បន្ទាប់​ពី​ក្រោក​ពី​គេង?​ លោក​អ្នក​អាច​ឈឺក្បាល និង​អត់​ងងុយ​ពេញ​មួយ​ថ្ងៃ​ក៏​ថា​បាន។​ ប្រការ​ល្អ​មិន​ត្រូវ​ទទួល​ទាន​ស្រា​មុន​ពេល​គេង​ ទើប​ជា​ការ​ប្រសើរ។

៨ មុន​ពេល​គេង​​ត្រូវ​បិទ​ភ្លើង
ប្រិយមិត្ត​ពិត​ជា​ធ្លាប់​ដឹង​ហើយ​ថា ​ទទួល​ទាន​ដំណេក​ពេល​ភ្លើង​កំពុងតែ​ភ្លឺ​ នឹង​​មាន​អារម្មណ៍​ថា​ពិបាក​គេង។ តែ​នេះ​មិន​ទាន់​គ្រប់គ្រាន់​ទេ ព្រោះ​ថា​ពន្លឺ​ភ្លើង​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ខួរក្បាល​ដែល​ត្រូវ​ការ​សម្រាក​គ្រប់គ្រាន់​នៅ​ពេល​ចូល​គេង។ ដូច្នេះ ​ចូល​គេង​ដោយ​​បិទ​ភ្លើង​ជា​ការ​ប្រសើរ។​

៩ ​កន្លែង​​គេង​​ត្រូវ​មាន​ផា​សុខភាព
មិន​ចាំបាច់​ត្រូវ​ការ​កន្លែង​ប្រណីត​​នោះ​ទេ តែ​គ្រាន់តែ​ជា​កន្លែង​មួយ​សមរម្យ​អាច​ទទួល​ទាន​ដំណេក​បាន​​គឺ​អាច​ចាត់​ទុក​ថា​ជា​ការ​ប្រសើរ​បាន​ដែរ។ តែ​កុំ​ភ្លេច​ថា ​ពួក​ ភួយ​ ខ្នើយ ​ត្រូវ​តែ​ស្អាត និង​គ្មាន​សំណើម​​ ទើប​ទទួលទាន​ដោយ​អារម្មណ៍​ស្រស់ស្រាយ​បាន​និង​អាច​គេង​លក់​ស្រួល​ទៀត​ផង។​​​

១០ គ្មាន​ការ​រំខាន ឬ​​ធ្វើ​ការងារ​ផ្សេងៗ​នៅ​កន្លែង​គេង
ប្រាកដ​ថា នៅ​កន្លែង​គេង​របស់​លោក​អ្នក​គ្មាន​សំឡេង​​រំខាន​ពី​មនុស្ស​ ទូរស័ព្ទ​ ​ទូរទស្សន៍ ​ម៉ាស៊ីន​កុំព្យូទ័រ ជា​ដើម ព្រោះ​នេះ​នឹង​​ប៉ះពាល់​ដល់​ការ​ទទួលទាន​ដំណេក​របស់​អ្នក និង​សុខភាព​។ ​
សាកល្បង​ធ្វើ​ការ​ការ​ណែនាំ​ខាង​លើ​​ហើយ ចាំ​មើល​លទ្ធផល​ទាំង​អស់​គ្នា។ ​ប្រសិន​បើ​ធ្វើ​តាម​ហើយ​ នៅ​តែ​មិន​ប្រសើរ​គួរ​ទៅ​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ដើម្បី​ធ្វើការ​ប្រឹក្សា៕

ប្រភព:Sabay
Share on Google Plus
    Blogger Comment
    Facebook Comment