ប្រភព ភ្នំពេញប៉ុស្តិ៍
ស្វាយរៀងៈ បុរសជាឪពុកម្នាក់បានយកកូនស្រីដែលទើបនឹងកើតតែមានមាត់ឆែបទៅកប់ទាំងរស់ពីម្សិលមិញ ប៉ុន្តែសំណាងល្អត្រូវសមត្ថកិច្ច ក្រុងស្វាយរៀង និងព្រះសង្ឃ កាយយកចេញមកវិញទាន់ ប៉ុន្តែឪពុកឥតក្តីមេត្តារូបនេះ ត្រូវបានឃាត់ខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលក្រុង។
លោក តូច ស៊ីធួន មន្ត្រីនៅអធិការដ្ឋាន ក្រុងក្រចេះ ឲ្យដឹងថា បុរសឈ្មោះ គង់ សុខ អាយុ ២៩ឆ្នាំ ជាកសិកររស់នៅ ស្រុកមេសាង ខេត្តព្រៃវែង ត្រូវឃាត់ខ្លួននៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង នៅម៉ោង ៦ ល្ងាចជាកន្លែងដែលប្រពន្ធឈ្មោះ ហេង នី អាយុ ២៨ឆ្នាំ សម្រាលបានកូនស្រី។
នគរបាលបន្តថា ប៉ុន្តែទារិកាទើបនឹងកើតចេញពីផ្ទៃម្តាយកន្លះថ្ងៃត្រូវព្រះសង្ឃនិងសមត្ថកិច្ចរកឃើញនិងសង្គ្រោះចេញពីអាចម៍ដីដែលឪពុកជីកកប់នាងទាំងរស់ នៅខាងកើតព្រះវិហារ ក្នុង វត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង កាលពីវេលាម៉ោង ៤ រសៀលថ្ងៃ ទី៣០ មេសា ដោយសារតែឪពុកខ្មាសគេព្រោះកូនកើតមកឆែបមាត់។
លោកថា៖ «ម៉ោង ៤ រសៀលក្មេងៗក្នុងវត្តបានឮសូរសំឡេងក្មេងយំ នឹកស្មានថាខ្មោចលង ក៏ទៅទូលលោក ទើបលោករកឃើញពំនូកដីកប់ក្មេងនោះ ក៏រាយការណ៍ជូនសមត្ថកិច្ច»។
លោកបន្តថា៖ «បុរសនេះឆ្លើយថា ខ្លួនខ្មាសគេដោយសារកូនកើតមកមានមាត់ឆែប ក៏កប់ទៅ។ ពិតជាគួរឲ្យអាណោចអាធ័មណាស់។ កូនហ្នឹងថ្លោស សុខភាពល្អ មានទម្ងន់ជាង ៣ គីឡូក្រាមគ្រាន់តែគ្នាឆែបមាត់»។
ម្តាយទារកនេះ នៅពេលសាកសួរដោយនគរបាលដែលកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង បានប្រាប់ថា ខ្លួនមិនដឹងថា ប្តីយកកូនទៅកប់ទេហើយ «គាត់ស្រែកទ្រហោយំនៅពេលបាត់កូន»។
មន្ត្រីនគរបាល ក្រុងស្វាយរៀង កំពុងធ្វើការសាកសួរបុរសនេះកាលពីម្សិលមិញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើចាត់ការបន្ត។ ចំណែកទារិការងគ្រោះត្រូវបានគេនាំយកមកប្រគល់ឲ្យម្តាយវិញ។
លោក កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង មានប្រសាសន៍ថា ម្តាយនិងទារិកាកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តនៅឡើយ ព្រោះកូនទើបតែចេញពីបន្ទប់សង្គ្រោះបន្ទាន់កាលពីម្សិលមិញ។
លោកថា៖ «ខាងមន្ទីរពេទ្យ បានយកក្មេងទៅបន្ទប់សង្គ្រោះបន្ទាន់ ដាក់ខ្យល់អុកស៊ីសែនឲ្យព្រោះនៅពេលយកមកកូនហ្នឹងនៅខ្សោយដោយសារកប់ក្នុងដី»។
ចំណែកបញ្ហាមាត់ឆែប លោកប្រធានមន្ទីរពេទ្យបញ្ជាក់ថា ទារិកានេះទើបកើតបានប៉ុន្មានថ្ងៃ មិនអាចវះកាត់បានឡើយ ប៉ុន្តែ ក្នុងករណីចង់ធ្វើការវះកាត់ត្រូវរង់ចាំឲ្យក្មេងនេះអាយុបានមួយខួបសិនទើបដំណើរការវះកាត់បានប្រសើរ ព្រោះថា ការវះកាត់ត្រូវការចាក់ថ្នាំសន្លប់។
អង្គការ Operation Smile ដែលជំនាញខាងវះកាត់មាត់ឆែបនៅ កម្ពុជា បានចូលមកប្រទេសនេះតាំងពី ឆ្នាំ២០០២ និងជួយវះកាត់មាត់ឆែបដោយឥតគិតថ្លៃបាន ៣.៣០០ នាក់ហើយកាលពីចុង ខែមីនា ហើយគ្លីនិកព្យាបាលវះកាត់មាត់ឆែប ក៏បានដំណើរការនៅក្នុងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត (ពេទ្យ រុស្ស៊ី) ផងដែរ៕
Blogger Comment
Facebook Comment