ភ្នំពេញ: នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក នាវេលាព្រឹកព្រលឹមថ្ងៃទី៤ ខែ ឧសភា ឆ្នាំ ២០១៤ នេះ មានប្រជាជនជាងមួយពាន់នាក់ បានចាប់ផ្តើមធ្វើដំណើរកំសាន្តជុំវិញរាជធានីភ្នំពេញ ដោយកង់និងស៊ីក្លូផ្ទាល់ខ្លួនរបស់ពួកគេ ជាមួយនឹងឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប និងអភិបាលរាជធានីភ្នំពេញ។ នេះគឺជាឆ្នាំទីពីរហើយដែលប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា រៀបចំនូវការជិះកង់កំសាន្តនេះ ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីសមាគមយុវជនខ្មែរ និងសាលារាជធានីភ្នំពេញ។
ដោយមានការនាំមុខនិងបើកផ្លូវពីសំណាក់មន្ត្រីនៃនគរបាលរាជធានីភ្នំពេញ ក្បួនអ្នកជិះកង់និងស៊ីក្លូ បានចាកចេញពីពហុកីឡដ្ឋានជាតិអូឡាំពិក ឆ្ពោះទៅកាន់សកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយឆ្លងកាត់ការិយាល័យតំណាង និងស្ថានទូត ទាំងអស់របស់រដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប ក្នុងនោះរួមមាន ស្ថានទូតអាល្លឺម៉ង់ ស៊ុយអែត ប៊ុលហ្គារី សាធារណរដ្ឋឆេក ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ចក្រភពអង់គ្លេស និងបារាំង។
លោក ហ្សង់ហ្វ្រង់ស័រ កូតាំង (Jean-Francois Cautain) បានមានប្រសាសន៍ថា “ខ្ញុំរីករាយណាស់ដោយបាន ឃើញប្រជាជនដ៏ច្រើនលើសលុបបានមកចូលរួមក្នុងការជិះកង់កំសាន្ត ឆ្នាំ ២០១៤ នេះ”។ ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប បានមានប្រសាសន៍បន្ថែមទៀតថា “ដំណើរកំសាន្តដោយកង់និងស៊ីក្លូនាថ្ងៃនេះ មានគោលបំណងមិនត្រឹមតែដើម្បីអប់អរទិវា អឺរ៉ុបប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងដើម្បី លើកទឹកចិត្តមនុស្សរាល់រូបឲ្យប្រើប្រាស់កង់ ជាមធ្យោបាយធ្វើដំណើររបស់ពួកគេ ដើម្បីទីក្រុងគ្មានការបំពុលខ្យល់ និងបរិស្ថានបៃតង” ។
នៅក្នុងសហភាពអឺរ៉ុប ចំនួនការស្លាប់ដោយសារគុណភាពខ្យល់អន់ មានភាពធ្ងន់ធ្ងរជាងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ដែលវាក្លាយជាបុព្វហេតុផ្នែកបរិស្ថានលេខមួយនៃការស្លាប់មុនអាយុ។ ការខូចខាតដោយផ្ទាល់ ចំពោះសង្គមដោយសារការបំពុលខ្យល់ ក្នុងនោះរួមមាន ការខូចខាតចំពោះដំណាំ និងអគារ មានតម្លៃជាទឹកប្រាក់ចំនួនប្រហែល ២៣ ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំ និងការខូចខាតដោយប្រយោល ដែលត្រូវបានបង្កឲ្យមានដោយផលប៉ះពាល់ផ្នែកសុខភាពតែ មួយគត់ ត្រូវបានប៉ាន់ប្រមាណថាមានតម្លៃជាទឹកប្រាក់ពី ៣៣០-៩៤០ ពាន់លានអឺរ៉ូ (ពី ៣-៩% នៃផលិតផលសរុបក្នុងស្រុក របស់សហភាពអឺរ៉ុប) ។
លោក ហ្សង់ហ្វ្រង់ស័រ កូតាំង បានថ្លែងបន្តថា ដោយសារមូលហេតុទាំងនេះ គុណភាពខ្យល់ គឺជាវិស័យមួយដែលសហភាពអឺរ៉ុបយកចិត្តទុកដាក់យ៉ាងខ្លាំង។ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៧០ មក សហភាពអឺរ៉ុប បាននិងកំពុងតែកែលម្អគុណភាពខ្យល់ ដោយធ្វើការត្រួតត្រាការ បំភាយចេញនៃសារធាតុដែលប្រកបដោយគ្រោះថ្នាក់ទៅក្នុងបរិយាកាស ដោយកែលម្អគុណភាពឥន្ធនៈ និងដោយធ្វើសមាហរណកម្មលក្ខខណ្ឌ ការពារបរិស្ថានទៅក្នុងវិស័យដឹកជញ្ជូន និងថាមពល។
លោក ហ្សង់ហ្វ្រង់ស័រ កូតាំង បានបញ្ជាក់បន្ថែមថា នៅកម្ពុជា សហភាពអឺរ៉ុប ក្នុងនាមជាដៃគូធំបំផុតរបស់ព្រះរាជាណាចក្រលើជំនួយអភិវឌ្ឍន៍ បានបញ្ជ្រាបបញ្ហា បរិស្ថានទៅក្នុងគ្រប់កម្មវិធីអភិវឌ្ឍន៍ទាំងអស់របស់ខ្លួន ។ ដោយទទួលស្គាល់ពីសារៈសំខាន់នៃការការពារបរិស្ថាន និងការ ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាព សហភាពអឺរ៉ុប បានផ្តល់ជំនួយឥតសំណង ជាទឹកប្រាក់ចំនួន ២,២ លានអឺរ៉ូ ដើម្បីបង្កើត “សម្ព័ន្ធភាពចម្រុះបម្រែបម្រួលអាកាសធាតុកម្ពុជា” (CCCA) ។ ជំនួយនេះ បាន គាំទ្រដល់ការធ្វើសមាហរ័ណកម្មនៃកត្តាពិចារណាលើផ្នែកបម្រែបម្រួលអាកាសធាតុទៅក្នុងគោលនយោបាយ និងដំណើរការ ធ្វើផែនការ ដោយជួយកសាងសមត្ថភាពបន្ស៊ាំថ្នាក់ជាតិឲ្យបានពេញលេញ តាមរយៈគណៈកម្មាធិការជាតិទទួលបន្ទុក បម្រែបម្រួលអាកាសធាតុ (NCCC) ។ ថែមពីលើនេះ សហភាពអឺរ៉ុប ក៏បានផ្តល់ជំនួយដល់គម្រោងបរិស្ថាន និងបម្រែបម្រួលអាកាសធាតុជាតិ ដែលត្រូវបានគ្រប់គ្រងដោយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ។
សូមបញ្ជាក់ថា សហភាពអឺរ៉ុប ដោយសហការជាមួយនឹងសមាគមយុវជនខ្មែរ (KYA) បានរៀបចំព្រឹត្តិការណ៍ជិះកង់កំសាន្តនៅទីក្រុងភ្នំពេញ ដើម្បីប្រារព្ធទិវាអឺរ៉ុប ឆ្នាំ២០១៤ នៅថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០១៤ ក្រោមប្រធានបទ “អឺរ៉ុបលើកកម្ពស់ការជិះកង់ ដើម្បីភាពបៃតងដ៏ស្រស់ស្អាត”។
ការជិះកង់ចាប់ផ្តើមពីម៉ោង ៧ព្រឹករហូតដល់ម៉ោង១០ព្រឹក ចេញដំណើរនៅពហុកីឡដ្ឋានជាតិអូឡាំពិក ឆ្ពោះទៅកាន់ការិយាល័យតំណាង/ស្ថានទូត អាល្លឺម៉ង់ ស៊ុយអែត ប៊ុលហ្គារី សាធារណរដ្ឋឆេក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងបារាំង។ អ្នកជិះកង់ និងស៊ីក្លូ នឹងទៅដល់ទីផ្តាច់ព្រ័ត្រនៅចន្លោះម៉ោង១០ព្រឹក នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ី ខណ្ឌទួលគោក។
លោកអ្នកដែលមានកង់ផ្ទាល់ខ្លួនអាចចូលរួមក្នុងកម្មវិធីជិះកង់នេះបានដោយសេរី (ពាក់មួកសុវត្ថិភាពត្រូវបានលើកទឹកចិត្ត) ហើយអ្នកដែលមានស៊ីក្លូក៏អាចចូលរួមបានដែរ។ ចំពោះអ្នកចូលរួម៤០០នាក់ដំបូង នឹងទទួលបាននូវអាវយឺត មួក និងដបទឹកដ៏ស្រស់ស្អាតដែលផ្តល់ជូនដោយសហភាពអឺរ៉ុប។ អ្នកចូលរួមដែលនាំមកជាមួយនឹងដបទឹកឆ្នាំមុន នឹងទទួលបាន អាវភ្លៀវមួយជាការលើកទឹកចិត្ត។
ពេលនោះនឹងមានសំនួរ ស្តីពីសហភាពអឺរ៉ុប និងសំនួរនៃរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប។ ក្នុងអំឡុងពេលជិះកង់ ព្យាយាមផ្តល់ចម្លើយត្រឹមត្រូវឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះលោកអ្នកអាចជាមនុស្សម្នាក់ក្នុងចំណោមអ្នកឈ្នះរង្វាន់ធំចំនួន៣រង្វាន់ ឬឈ្នះរង្វាន់បន្ទាប់មានចំនួន១០រង្វាន់ ហើយចុងបញ្ចប់គ្រប់គ្នា គឺជាអ្នកឈ្នះ!៕ L









Blogger Comment
Facebook Comment