ខេត្តមណ្ឌលគិរី៖លោករឿងសុផាតជានាយផ្នែករដ្ឋបាលព្រៃឈើកែវសីមាហាក់ដូចជាសុខស្រួលនិងបិទភ្នែកឲ្យក្រុមឈ្មួញទាំងតូចទាំងធំរកស៊ីដឹកជញ្ជូនឈើប្រណីត ចេញពីដែនអភិរក្សជីវចម្រុះសីមា យ៉ាងពេញបន្ទុក ខណៈដែលសមត្ថកិច្ចគ្រប់ស្ថាប័ន កំពុងសម្ងំប្រមូលលុយ ពីជំនួញឈើខុសច្បាប់ ហើយគេដឹងថា រាល់សកម្មភាពដឹកជញ្ជូន ឈើប្រណីតទាំងនោះ មិនអាចរំលងភ្នែក របស់ក្រុមសមត្ថកិច្ចឡើយ ជាពិសេសមន្ត្រីរដ្ឋបាលព្រៃឈើ ប្រចាំនៅតំបន់អភិរក្ស ជីវចម្រុះសីមា ដែលមានលោក គង់ ពុតធារ៉ា ជាមន្ត្រីរដ្ឋបាលព្រៃឈើ និងជាអនុប្រធាន គំរោងកម្មវិធីរបស់អង្គការ WWS ព្រមទាំងលោក វ៉ាត ជាប្រធានក្រុមល្បាត កងរាជអាវុធហត្ថ ប្រចាំនៅតំបន់ អភិរក្សជីវៈចម្រុះសីមា។
ប្រភពបានបន្តថា គ្រប់សកម្មភាពរកស៊ីបទល្មើសឈើប្រណីតទាំងនោះ បើឈ្មួញមិនរត់ការបង់ប្រាក់ជាមុន ជាមួយមន្ត្រីជំនាញទេ ច្បាស់ជាពុំអាចដំណើរការបានរលូនឡើយ ប្រាកដជាមានការបង្ក្រាប យកស្នដៃបង្អួតថ្នាក់លើ ជាក់ជាមិនខាន។ ជាក់ស្តែងនៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ មានរថយន្តជាច្រើនគ្រឿង ដូចជា រថយន្តកាមរីគូទហើមច្នៃ និងរថយន្តឡង់គ្រីស្ស័រ បានដឹកឈើប្រណីត ពេញៗជាង ១០០គ្រឿង ប្រៀបដូចគេហែបុណ្យផ្កា ចេញពីតំបន់អភិរក្សជីវៈចម្រុះសីមា។ សកម្មភាពនៃការដឹកជញ្ជូន បទល្មើសព្រៃឈើនោះ បានបន្តរហូតដល់ម៉ោង ៤ទៀបភ្លឺ ថ្ងៃដដែល ដោយគ្មានការរំខានដល់សមត្ថកិច្ច ណាម្នាក់ឡើយ។
ក្រុមអ្នកតាមដាន បទល្មើសព្រៃឈើបានឲ្យដឹងថា ជារៀងរាល់ថ្ងៃគ្រប់ពេលមិនថា យប់ ឬថ្ងៃ គេតែងសង្កេតឃើញរថយន្ត ប្រភេទកាមរីគូទ ស្វិត-ហើម ជាពិសេសម៉ាកឡង់គ្រីស្ស័រ បានដឹកឈើបន្តកន្ទុយគ្នា យកទៅលក់នៅប្រទេសវៀតណាម។ ចំណែកការដឹកជញ្ជូនឆ្លងដែនបែបនេះ សមត្ថកិច្ចពិតជា បានសើមមាត់មិនតិចទេ ព្រោះបើមិនបង់ប្រាក់ គេមិនអនុញ្ញាត ឱ្យឆ្លងដែនជាដាច់ខាត ។ ប្រជាពលរដ្ឋបានសំណូមពរ ដល់លោក កែប កត់ នាយកខណ្ឌរដ្ឋបាលព្រៃឈើ មណ្ឌលគិរី មេត្តាជួយក្រើនរំលឹក ដល់មន្ត្រីក្រោមឱវាទផង ព្រោះថា បទល្មើសព្រៃឈើនៅក្នុងស្រុកកែវសីមា ដែលមានលោក រឿង សុផាត ជានាយផ្នែក រដ្ឋបាលព្រៃឈើកែវសីមានោះ បានកើតមានពេញបន្ទុក ហើយបើពុំមានការទប់ស្កាត់ ឲ្យបានទាន់ពេលវេលាទេ ព្រៃឈើនៅតំបន់ដែនអភិរក្សជីវៈចម្រុះសីមា ច្បាស់ជាហិនហោច អស់ជាមិនខាន៕
ប្រភព វត្តភ្នំ
Blogger Comment
Facebook Comment