ក្រសួងព័ត៌មាន ថ្កោសទោស ចំពោះការ គំរាមកំហែង និងជេរប្រមាថ មកលើអ្នកកាសែត

ប្រភព:ដើមអម្ពិល
ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានធ្វើការថ្កោសទោស ចំពោះការគំរាមកំហែង អំពើហិង្សា ការរឹបអូសសម្ភារៈ និងការ ប្រមាថអ្នកសារព័ត៌មាន ហើយចាត់ទុកទង្វើនេះ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់សេរីភាព សារព័ត៌មាននៅ កម្ពុជា។

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០១៤ នេះ បានឲ្យដឹងថា ក្រសួងព័ត៌មានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា អនុវត្តសិទ្ធិ សេរីភាព តួនាទី ភារកិច្ចរៀងៗខ្លួនឲ្យបានត្រឹមត្រូវ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចែងនៅក្នុង រដ្ឋធម្មនុញ្ញ ជាពិសេស ចំពោះអ្នកសារព័ត៌ ដើម្បីពាំនាំព្រឹត្តិការណ៍ពិត ជូនមតិសាធារណៈជាតិ និងអន្តរជាតិ បានយល់ដឹង។

ប្រភពខាងលើបានលើកឡើងថា ថ្មីៗនេះ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំង ប្រទេសមានក្រុមអ្នកតវ៉ា ក្រុម បាតុករ បានធ្វើបាតុកម្មទាមទារពីបំណងប្រាថ្នារបស់ខ្លួនចំពោះ និយោជក អាជ្ញាធរមានសមត្ថកិច្ច និងរាជរដ្ឋាភិ បាល ហើយកងកម្លាំងមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់បានបំពេញភារកិច្ច រក្សាការពារ សុវត្ថិភាពជូនបាតុករ ក៏ដូចជាសណ្តាប់ ធ្នាប់សាធារណៈ គួរឲ្យកោតសរសើរ។

ក្នុងនោះគេសង្កេតឃើញថា សកម្មភាពរបស់អ្នកសារព័ត៌មានខ្លះ បានទទួលរងការ គំរាមកំហែង និងអំពើហិង្សា ពីក្រុមបាតុករ ឬជនខិលខូចមួយចំនួន ក៏ដូចជាពីសំណាក់ បុគ្គលមានសមត្ថកិច្ច មួយចំនួនខ្វះវិន័យផងដែរ។

 ជាក់ស្តែងមានអ្នកយកព័ត៌មាន របស់ទូរទស្សន៍ជាតិកម្ពុជា ដែលត្រូវបាន ទទួលរងការប្រមាថគំរាមកំហែង យ៉ាងធ្ងន់ធ្ងរ ហើយថ្មីៗនេះទៀត ក៏មានអ្នកសារព័ត៌មានជាតិ-អន្តរជាតិ មួយចំនួនត្រូវបានរងរបួស បាត់បង់ សម្ភារៈ ដូចជាម៉ាស៊ីនថត និងការវាយដំ និងជេរប្រមាថ ជាដើម។

ដោយសារតែសង្កេតឃើញបញ្ហាទាំងអស់នេះហើយ បានជាក្រសួងព័ត៌មានអំពាវនាវ ចំពោះក្រុមតវ៉ា បាតុករ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវប្រកាន់ យកនូវការអនុវត្តសិទ្ធិ សេរីភាព និងសមត្ថកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់។

ព្រមជាមួយគ្នានេះដែរ ក្រសួងអំពាវនាវដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ត្រូវប្រកាន់ខ្ជាប់ នូវវិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងចូលរួមប្រតិបត្តិការឲ្យបានល្អតាមលក្ខខណ្ឌ ក៏ដូចជាវិធានការនានា ដែលរៀបចំដោយអាជ្ញាធរមាន សមត្ថកិច្ច និងកងកម្លាំងឈរជើងរៀបរយនៅទីកន្លែងមានការប្រមូលផ្តុំ៕

Share on Google Plus
    Blogger Comment
    Facebook Comment