បុរស​ម្នាក់​ទើប​សឹក​ពី​បួស​មក​លោតទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​ជ្រោយចង្វា​លិច​បាត់​២​ថ្ងៃ​ហើយ​រក​សព​មិន​ទាន់​ឃើញ​

ប្រភព៖ កម្ពុជាថ្មី
ភ្នំពេញ​ ៖ ​បុរស​សក់​ត្រងោល​ម្នាក់​ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​អតីត​ព្រះសង្ឃ​ដែល​គង់នៅ​វត្ដ​បទុមវតី​ទើបនឹង​សឹក ​ថ្មី​មិន​ដឹង​ជា​មាន​បញ្ហា​ផ្លូវចិត្ត​អ្វី​បាន​ឡើងលើ​ស្ពាន់​ជ្រោយចង្វា​ទាំង​ទឹកមុខ​ក្រៀមក្រំ​មាន​កាន់​ដប​ស្រា​មួយ​ដប​ផង​នោះ​ពេល​មក​ដល់​ពាក់​កណ្តាល​ស្ពាន់​ក៏​ហក់លោត​ប្រូង​បណ្តាល​ឲ្យ​លិច​បាត់​រក​សព​មិន​ទាន់​ឃើញ​នូវ​ឡើយ​មក​ទល់​រសៀល​ថ្ងៃទី​០៥​ ខែ​ឧសភា ​ឆ្នាំ​២០១៤​នេះ​។​

ដែល​ហេតុការណ៍​​ព្រះសង្ឃ​ទើប​សឹក​មក​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នោះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៣ ​ខែ​ឧសភា​ ឆ្នាំ​២០១៤​។​

​សមត្ថកិច្ច​ប្រចាំការ​គោលដៅ​ស្ពាន់​ជ្រោយចង្វា​បាន​ឲ្យ​ដឹង​ថា ​បុរស​ដែល​ដើរមក​លោតទឹក​សម្លាប់​ខ្លួន​នេះ​បាន​បន្សល់ទុក​នូវ​លិខិត​បញ្ជាក់​ការ​សិក្សា​ពី​ចៅអធិការ​វត្ដ​ភ្នៀត​សិម្ពលី ​ស្ថិត​នៅ​សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រួម​ទាំង​បន្សល់ទុក​ឆាយា​ផង​ដែរ​។

 ​តែ​ទោះជា​យ៉ាងណា​បុរស​ដែល​គិត​ខ្លី​រូប​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ​អ៊ឹង​ ឆាយ ​អាយុ​៥១​ឆ្នាំ ​ស្នាក់នៅ​រៀន​ធម៌​ក្នុង​វត្ដ​បទុម​វ​តី ​បួស​នៅ​វត្ដ​ភ្នៀ​ត​សិម្ពលី ​និង​មាន​ស្រុកកំណើត​នៅ​ភូមិ​អង្កាញ់ ​ឃុំ​អង្កាញ់ ​ស្រុក​ព្រៃកប្បាស ​ខេត្ដ​តាកែវ​។​

​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរបាល​ការពារ​ស្ពាន​ជ្រោយចង្វា​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅ​មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃទី​០៣ ​ខែ​ឧសភា​បុរស​រូប​នេះ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ដោយ​មាន​កាន់​ដប​ស្រា​នៅ​នឹង​ដៃ​ដើរ​ផឹក​បណ្តើរ​ដើរ​ឡើង​លើ​ស្ពាន​ជ្រោយចង្វា​ពី​លិច​មក​កើត​លុះ​មកដល់​ពាក់​កណ្តាល​ស្ពាន​បម្រុង​លោតទឹក​សម្លាប់​ខ្លួន​ម្ដង​មក​ហើយ​តែ​ភា្លមៗ​នោះ​ត្រូវ​បាន​នគរបាល​ប្រចាំ​ការ​លើ​ស្ពាន​ឃើញ​ទាន់​ក៏​មក​ឃាត់​សួរនាំ​បុរស​អតីត​សង្ឃ​រូប​នោះ​បាន​ប្រាប់​ថា​ប្រពន្ធ​ឲ្យ​ប្រាក់​គាត់​ជិះ​ម៉ូតូឌុប​មក​លោត​ទឹក​សម្លាប់​ខ្លួន​ទៅ​ហើយ​ ពេល​នោះ​ក៏​ត្រូវ​បាន​នគរបាល​អប់​រំ​ឲ្យ​គាត់​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​ ហើយ​បុរស​រូប​នោះ​ក៏​សុខចិត្ត​ដើរ​ចុះ​មក​ក្រោម​វិញ​ផង​ដែរ​តែ​ប្រហែលជា​កន្លះ​ម៉ោង​ក្រោយ​មក​ក៏​ស្រាប់តែ​ឃើញ​បុរស​រូប​នោះ​ដដែល​បាន​ដើរ​ឡើង​ទៅលើ​ស្ពាន​ម្តង​ទៀត​សមត្ថកិច្ច​រត់​ទៅ​ចាប់​ឃាត់​មិន​ទាន់ ​ពោល​គឺ​គ្រាន់តែ​ក្រឡេក​ឃើញ​សមត្ថកិច្ច​រត់​មក​ចាប់​ឃាត់​ទៀត​នោះ​គាត់​ក៏​ប្រញាប់​លោតរំលង​លើ​បង្កាន់ដៃស្ពាន​ចូល​ទឹក​សម្លាប់​ខ្លួន​លិច​បាត់​តែ​ម្តង ​ហើយ​ភ្លាមៗ​នោះ​សមត្ថកិច្ច​ក៏​បាន​ចេញ​ទូក​ក្នុង​គោលបំណង​ជួយសង្គ្រោះ​ដែរ​តែ​រក​មិនឃើញ​ឡើយ​។​

​សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា ​បុរស​ម្នាក់​ដែល​ទើប​ពី​សឹក​ហើយ​មក​លោតទឹក​សម្លាប់​ខ្លួន​នេះ​ប្រហែល​គាត់​មាន​វិបត្ដិ​អ្វីមួយ​មិនអាច​ដោះស្រាយ​ចេញ​ឡើយ​ទើប​សម្រេច​ធ្វើ​ដំណើរ​មក​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយចង្វា​បើ​ទោះ​បី​សមត្ថកិច្ច​ចាប់​ឃាត់​ទាន់ពេល​ម្តង​រួច​ហើយ​នូវ​តែ​ព្យាយាម​មក​លោត​លើក​ទី​២​សម្រេច​តាម​បំណង​របស់​គាត់​តែ​ម្តង​ទៅ​។​

​សមត្ថកិច្ច​បញ្ជាក់​ថា ​បន្ទាប់​ពី​បុរស​រូប​នោះ​លោតទឹក​បាន​មួយ​ថ្ងៃ​រួចមក​នៅ​ព្រឹក​ថ្ងៃទី​០៤ ​ខែ​ឧសភា​ មាន​ក្មួយ​ប្រុស​របស់​បុរស​រូប​នោះ​បាន​ធ្វើការ​សួរនាំ​ពី​សមត្ថកិច្ច​ដែរ​ ហើយ​ពេល​សមត្ថកិច្ច​សួរនាំ​ក្មួយ​រូប​នោះ​និយាយ​ថា​គាត់​មិន​ដឹង​ថា​ឪពុកមា​របស់​ខ្លួន​មានរឿង​អ្វី​នោះ​ទេ​បាន​ជា​បួស​សុខៗ​ហើយ​ក៏​សឹក​ ហើយ​មក​លោតទឹក​សម្លាប់​ខ្លួន​បែប​នេះ​ឡើយ​៕

Share on Google Plus
    Blogger Comment
    Facebook Comment