ភ្នំពេញ: ក្រុមហ៊ុនអាណិកជនខ្មែរនៅក្រៅប្រទេស (OCIC) និងសាលារាជធានីភ្នំពេញនៅពេលនេះកំពុងសិក្សាគម្រោងសាងសង់ស្ពានអាកាសចំនួន ២ និងផ្លូវក្រោមដី ១ កន្លែងនៅរាជធានីភ្នំពេញដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ដែលមានសភាពកាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លោក ទូច សំណាង ប្រធានគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ ក្រុងរណបកោះពេជ្រ របស់ក្រុមហ៊ុន OCIC បានប្រាប់ថា ពេលនេះក្រុមហ៊ុន OCIC និងសាលារាជធានីភ្នំពេញកំពុងធ្វើការសិក្សាទៅលើគម្រោងសាងសង់ស្ពានអាកាសចំនួន ២ កន្លែង ទី១ នៅចំណុចប្រសព្វមហាវិថី ម៉ៅសេទុង និងមហាវិថី សហព័ន្ធរុស្ស៊ី (ភ្លើងស្តុបវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា) ទី២ ចំណុចប្រសព្វរវាងមហាវិថី សហព័ន្ធរុស្ស៊ី និងផ្លូវ ហាណូយ និង ទី៣ កំពុងសិក្សាការកសាងផ្លូវក្រោមដីចំណុចប្រសព្វរវាងមហាវិថី ព្រះមុនីវង្ស និងមហាវិថី សហព័ន្ធរុស្ស៊ីភ្ជាប់ទៅកាន់ផ្លូវ ក្រមួនស។
លោក សំណាង បានថ្លែងថា៖ «រហូតមកដល់ពេលនេះយើងមានសេចក្តីព្រាងប្លង់សម្រាប់ស្ពានអាកាសនៅចំណុចភ្លើងស្តុបវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រួចហើយ។ ប្លង់ថ្មីនេះមានភាពស្រដៀងគ្នានឹងស្ពានអាកាស ស្ទឹងមានជ័យ ដែរ តែវាមិនសូវស្មុគស្មាញដូចស្ពានអាកាស ស្ទឹងមានជ័យ ទេ»។
លោកបានអះអាងថា៖ «តាមគម្រោងការសាងសង់ស្ពានអាកាសចំណុចវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងត្រូវធ្វើមុនគេ បន្ទាប់មកកសាងផ្លូវក្រោមដី និងស្ពានអាកាសនៅចំណុចប្រសព្វផ្លូវ ហាណូយ និងមហាវិថី សហព័ន្ធរុស្ស៊ី នឹងធ្វើក្រោយគេ»។
លោក សំណាង ប្រាប់ទៀតថា ការចំណាយសម្រាប់សាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថី សហព័ន្ធរុស្ស៊ី និងមហាវិថី ម៉ៅសេទុង អស់តិចជាងការកសាងស្ពានអាកាស ស្ទឹងមានជ័យ គឺគ្រោងចំណាយថវិកាប្រហែលជាង ១០ លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយការចំណាយសម្រាប់សាងសង់ផ្លូវក្រោមដីនៅចំណុចប្រសព្វមហាវិថី ព្រះមុនីវង្ស និងមហាវិថី សហព័ន្ធរុស្ស៊ី គ្រោងចំណាយប្រាក់ចាប់ពី ៣-៤ លានដុល្លារ ព្រោះប្រវែងផ្លូវនេះមានចម្ងាយប្រមាណ ៣០០ ម៉ែត្រប៉ុណ្ណោះ។
លោកបានបន្តទៀតថា ថវិកាដែលចំណាយសម្រាប់កសាងស្ពានអាកាស និងផ្លូវក្រោមដីខាងលើបានពីការជួលដី ទីក្រុងជ្រោយចង្វារ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា បច្ចុប្បន្នសាលារាជធានីភ្នំពេញកំពុងសិក្សាពីគម្រោងខាងលើនៅឡើយទេ ហើយក៏មិនទាន់បានសុំគោលការណ៍អនុញ្ញាតពីរដ្ឋាភិបាលទេ ព្រោះត្រូវការសិក្សាពីផលប៉ះពាល់ឲ្យបានចប់សិនទើបសុំគោលការណ៍អនុញ្ញាតពីថ្នាក់ដឹកនាំរដ្ឋាភិបាល។ នៅពេលនោះទើបដឹងថា ត្រូវប្រើប្រាស់ថវិកាអស់ប៉ុន្មាន និងប្រើប្រាស់កញ្ចប់ថវិកាមួយណាសម្រាប់សាងសង់។
ពេលសួរថា តើការសាងសង់នឹងអាចចាប់ផ្តើមពេលណា? លោក ឡុង ឌីម៉ង់ បានថ្លែងថា៖ «ខ្ញុំមិនទាន់អាចនិយាយបានថា ការសាងសង់នឹងចាប់ផ្តើមពេលណានោះទេ ប៉ុន្តែយើងគ្រោងនឹងចាប់ផ្តើមនៅឆាប់ៗនេះដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ដែលកំពុងកើនឡើងជារៀងរាល់ថ្ងៃ»។
នេះជាគម្រោងស្ពានអាកាស ទី៤ និង ទី៥ ហើយនៅរាជធានីភ្នំពេញ បន្ទាប់ពីស្ពានអាកាស ទី១ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០១០ ដោយបានចំណាយថវិកាសាងសង់ជាង ៦ លានដុល្លារអាមេរិក និង ទី២ ស្ពានអាកាស ៧មករា ឬស្ពានអាកាសពេទ្យលោកសង្ឃដែលចំណាយថវិកាសាងសង់ជាង ៨ លានដុល្លារ ត្រូវបានសម្ពោធឲ្យប្រើប្រាស់កាលពីថ្ងៃ ទី៦ ខែមករា ឆ្នាំ២០១២ ខណៈស្ពានអាកាស ទី៣ នៅ ស្ទឹងមានជ័យ កំពុងសាងសង់ដែលគ្រោងនឹងបញ្ចប់ការសាងសង់នាអំឡុងចុងត្រីមាស ទី៣ ឆ្នាំ២០១៤ នេះដោយចំណាយថវិកាប្រហែល ១៩ លានដុល្លារ។ ប៉ុន្តែសម្រាប់ផ្លូវក្រោមដី គឺវាជាគម្រោង ទី១ នៅរាជធានីភ្នំពេញ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញមិនបានទទួលទូរស័ព្ទទេ បើទោះបីជាហៅចូលជាច្រើនដងក៏ដោយ។
លោក ប៉ូ អ៊ាវគង់ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យ អេស៊ា រៀលអេស្ទេត បានសម្តែងនូវសុទិដ្ឋិនិយមចំពោះគម្រោងនេះ ដោយលោកបានប្រាប់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះវាជាចំណែកដ៏ល្អសម្រាប់ទីក្រុង។ វានឹងជួយសម្រួលចរាចរណ៍ និងផ្តល់នូវគំនិតវិជ្ជមានជាច្រើនសម្រាប់ការតភ្ជាប់តំបន់ពាណិជ្ជកម្មកណ្តាលទីក្រុងទៅតំបន់ជាយក្រុង ព្រោះវាត្រូវកាត់បន្ថយការចំណាយពេលវេលា និងធនធានសម្រាប់ការធ្វើដំណើរទៅវិញទៅមក។
លោកបានអះអាងថា៖ «ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីវាមិនសូវលើកកម្ពស់សោភណភាពទីក្រុងច្រើននោះទេ តែវាជួយភ្ជាប់តំបន់ពាណិជ្ជកម្មកណ្តាលក្រុងទៅកាន់តំបន់ជាយក្រុងឲ្យកាន់តែមានភាពងាយស្រួល»។
លោក វ៉ាន់ វ៉ាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកណ្តាល ដែលជាអ្នកឯកទេសផ្នែករៀបចំដែនដី និងសំណង់ បានថ្លែងថា ការសាងសង់ស្ពានអាកាសចាំបាច់ត្រូវសិក្សាពីចំនួនយានយន្តធ្វើដំណើរឆ្លងកាត់ទើបអាចកំណត់ថា ត្រូវធ្វើស្ពានបែបណា និងមានទំហំប៉ុន្មាន ដែលសមស្របសម្រាប់ឲ្យយានយន្តឆ្លងកាត់ ព្រោះស្ពានប្រៀបបាននឹងទុយោទឹក ប្រសិនបើទុយោទឹកតូចហើយទឹកបុកខ្លាំងវានឹងធ្វើឲ្យបែកទុយោ។ ការសាងសង់ស្ពានអាកាសក៏ដូចគ្នាដែរ បើសង់ស្ពានមិនសមាមាត្រទៅនឹងបរិមាណយានយន្តបើកបរឆ្លងកាត់វា នឹងធ្វើឲ្យមានបញ្ហាចរាចរណ៍ជាមិនខាន។
លោកបានបញ្ជាក់ថា៖ «ការសង់ស្ពានអាកាសវែង ឬខ្លីមិនសំខាន់ទេ អ្វីដែលសំខាន់នោះតើការសង់នោះស្របតាមប្លង់មេអភិវឌ្ឍន៍ទីក្រុងដែរឬទេ? ព្រោះបើគេសង់មិនស្របតាមប្លង់មេ វាអាចនឹងប្រឈមការឈូសកម្ទេចចោលនៅពេលអនាគតដែលនឹងនាំឲ្យខាតបង់ប្រាក់ឥតប្រយោជន៍»៕
ស្ពានអាកាសទី១ ក្បាលថ្នល់ដែលបានបើកសម្ពោធកាលពីអំឡុងឆ្នាំ២០១០ ។ រូបថត ហុង មិនា
Blogger Comment
Facebook Comment