ភ្នំពេញៈ ប្រទេសរុស្ស៊ី ចាប់ផ្តើមសើរើបំណុលដែលកម្ពុជាជំពាក់កាលពីទសវត្សរ៍ ឆ្នាំ១៩៨០ ដែលជាបញ្ហាមួយត្រូវបានអ្នកវិភាគមើលឃើញថា នេះជាការស្វះស្វែងរកការគាំទ្ររបស់ រុស្ស៊ី ពីបណ្តាប្រទេសផ្សេងទៀត ខណៈខ្លួនកំពុងប្រឈមនឹងបញ្ហាវិបត្តិនៅ អ៊ុយក្រែន។
បញ្ហានេះត្រូវបានលើកឡើងក្នុងអំឡុងពេលកិច្ចប្រជុំបិទទ្វារមួយកាលពីថ្ងៃចន្ទរវាងឯកអគ្គរដ្ឋទូត រុស្ស៊ី ថ្មីប្រចាំនៅ កម្ពុជា លោក Dmitry Tsvetkov និងលោក ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួង ការបរទេស កម្ពុជា។
អ្នកវិភាគនយោបាយបានថ្លែងថា ការពិភាក្សាគ្នានេះគឺចំពេលដែល ប្រទេសរុស្ស៊ី ស្វែងរកការគាំទ្រពីបណ្ដាប្រទេសផ្សេងទៀតស្ដីពីវិបត្តិ ប្រទេសអ៊ុយក្រែន បច្ចុប្បន្ន។
ប្រទេសកម្ពុជា បានខ្ចីប្រាក់ប្រហែល ១,៥ ពាន់លានដុល្លារអាមេរិកពី ប្រទេសរុស្ស៊ី តាមរយៈរដ្ឋាភិបាលមុនកាលពីទសវត្សរ៍ ឆ្នាំ១៩៨០។
លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និងសវនកម្មរបស់រដ្ឋសភាធ្លាប់បានលើកឡើងកាលពី ខែធ្នូ ឆ្នាំ២០០៩ ថា ប្រទេសរុស្ស៊ី បានព្រមព្រៀងលុបបំណុល កម្ពុជា ៧០ ភាគរយ។ ប៉ុន្តែរហូតមកដល់ពេលនេះបញ្ហានេះនៅតែមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។ មិនអាចទាក់ទងលោក ជាម យៀប បានទេ កាលពីថ្ងៃចន្ទម្សិលមិញ។
លោក កុយ គួង អ្នកនាំពាក្យក្រសួង ការបរទេសកម្ពុជា បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនេះថា៖ «ទាក់ទងនឹង កម្ពុជា ជំពាក់បំណុលអតីតសហភាពសូវៀតនោះ ភាគីទាំងពីរអះអាងថា នឹងខិតខំដោះស្រាយដោយស្មារតីមិត្តភាព ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ»។
លោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃចន្ទថា បច្ចុប្បន្ន ប្រទេសរុស្ស៊ី ដែលកំពុងប្រឈមជាមួយប្រទេសលោកខាងលិច គេត្រូវការបណ្ដាប្រទេសផ្សេងទៀតដើម្បីគាំទ្រដល់ខ្លួនហើយ នេះខ្លួនបានធ្វើការដាស់តឿន កម្ពុជា អំពីបំណុល។
លោកថ្លែងថា ការណ៍នេះជាជំហានមួយដែល ប្រទេសរុស្ស៊ី ផ្តោតទៅលើដោយសារពួកគេមើលឃើញពីការធ្វើទស្សនកិច្ចក្នុងពេលថ្មីៗរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទៅកាន់ ប្រទេសបេឡារូស។
លោកបន្តថា៖ «ទីមួយ ប្រទេសរុស្ស៊ី ចង់ឲ្យ កម្ពុជា មានគោលនយោបាយការបរទេសសម្រាប់ការគាំទ្រដល់ពួកគេជាមួយនឹងវិបត្តិថ្មីៗនៅក្នុង ប្រទេសអ៊ុយក្រែន។
ពួកគេចង់ដឹងច្បាស់ពីអ្វីគឺជាគោលនយោបាយការបរទេសរបស់ កម្ពុជា សម្រាប់ ប្រទេសរុស្ស៊ី ដោយសារ កម្ពុជា ធ្លាប់ជាដៃគូយុទ្ធសាស្ដ្រមួយក្នុងអំឡុងពេលសង្រ្គាមត្រជាក់។
ទីពីរ ពួកគេច្បាស់ណាស់ចង់ដឹងថា តើកម្ពុជានឹងដោះស្រាយបញ្ហាបំណុលដោយរបៀបណា? តើកម្ពុជាចង់ដោះស្រាយតាមរយៈជំនួយសម្បុរសធម៌ ឬក៏យ៉ាងណា? ទីបី ប្រទេសរុស្ស៊ី នេះ ចង់ដឹងថា កម្ពុជា បង្ហាញពីយុទ្ធសាស្ដ្ររបស់ខ្លួនអំពីរដ្ឋាភិបាលដែលទើបតែបង្កើតថ្មីទាក់ទងនឹងបំណុល»។
ប៉ុន្តែលោកព្រមានថា រដ្ឋាភិបាលមិនគួរសម្ញែងពីជំហររបស់ខ្លួនទន្ទឹមនឹងពេល ដែលខ្លួនកំពុងប្រឈមនឹងបញ្ហាផ្ទៃក្នុងទេ។ លោកបានថ្លែងថា៖ «តាមទស្សនៈរបស់ខ្ញុំ កម្ពុជា គួរតែស្ថិតនៅនឹងនរដោយសារ កម្ពុជា ត្រូវការបណ្ដាប្រទេសមហាអំណាចធំៗទាំងអស់។ ប្រសិនបើយើងបានបង្ហាញថា យើងគាំទ្រដល់នរណាម្នាក់នៅពេលនេះ យើងនឹងមានបញ្ហាមួយចំនួនជាមួយនឹងបស្ចិមប្រទេសជាមិនខាន»។
លោកស្រី Lera Merkulova លេខាទូត រុស្ស៊ី ប្រចាំកម្ពុជាបានឲ្យដឹងថា៖ «ជំនួបនេះគឺជាពិធីការនៃការទស្សនកិច្ចរបស់ឯកឧត្តម Dmitry Tsvetkov ចំពោះឯកឧត្តម ហោ ណាំហុង។
ក្នុងអំឡុងពេលនៃជំនួបរយៈពេល ៣០ នាទីនេះប្រធានបទសំខាន់ៗគឺ ពិភាក្សាពីរបៀបវារៈនៃទំនាក់ទំនងអន្តរជាតិ។ ភាគីទាំងពីរក៏ផ្តោតការយកចិត្តទុកដាក់កាន់តែជិតស្និទ្ធនៃទំនាក់ទំនងទ្វេភាគីខាងពាណិជ្ជកម្ម និងសេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងសហប្រតិបត្តិការមនុស្សជាតិផងដែរ»។
មកដល់ពេលនេះ កម្ពុជា ក៏បានជំពាក់បំណុលអាមេរិកជាង ៤០០ លានដុល្លារដែរ ដែលកម្ពុជា ជំពាក់ក្នុងរបបលោកសេនាប្រមុខ លន់ នល់។
លោក កុយ គួង បានឲ្យដឹងថា លោកឯកអគ្គរដ្ឋទូត រុស្ស៊ី ក៏បានអញ្ជើញរដ្ឋមន្រ្តី ក្រសួងការបរទេស និងរដ្ឋមន្រ្តីផ្សេងៗទៀតរបស់ កម្ពុជា ឲ្យទៅបំពេញទស្សនកិច្ច នៅ ប្រទេសរុស្ស៊ី ផងដែរ ដើម្បីចុះហត្ថលេខាជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឆាប់ៗខាងមុខនេះ មុននឹងដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ រុស្ស៊ី នៅពេលខាងមុខ។
ឯកអគ្គរដ្ឋទូត រុស្ស៊ី បញ្ជាក់ថា មុនពេលលោកមកដល់ កម្ពុជា លោកបានជួបជាមួយក្រុមហ៊ុន រុស្ស៊ី ធំៗជាច្រើនរួចហើយដែលចង់ទស្សនា កម្ពុជា។
លោកថ្លែងថា៖ «ពួកគេនឹងមកធ្វើទស្សនកិច្ចនៅ កម្ពុជា នៅចុង ឆ្នាំ២០១៤ ដើម្បីមើលពីសក្ដានុពលនិងនាំក្រុមហ៊ុន រុស្ស៊ី ធំៗមក កម្ពុជា»។ លោកនិយាយថា ពណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងដល់ ៦០ លានដុល្លារអាមេរិកនៅចុង ឆ្នាំ២០១៣៕ PB
លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ រូបថត ហេង ជីវ័ន
Blogger Comment
Facebook Comment