សៀមរាប : នៅវាលាម៉ោងប្រមាណ ៩ និង ៣០នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ដកាម៉ារីឆ្លាម ជាមួយម៉ូតូអូសរ៉ឺម៉ក ដឹកស្រូវ ។
គ្រោះថ្នាក់នេះ បានបណ្ដាលឲ្យអ្នកបើកម៉ូតូអូសរ៉ឺម៉ក បាក់ជើងស្ដាំលើក្បាលជង្គង់ធ្ងន់ធ្ងរ ដែលត្រូវយកទៅ សង្គ្រោះ នៅមន្ទីរពេទ្យខេត្តសៀមរាប ចំណែកឯរថយន្ដដឹក ឈើគ្រញូង ត្រូវឆេះសន្ធោរសន្ធៅ ។
ក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ក្រៅពីម្ចាស់ម៉ូតូអូសរ៉ឺម៉ក បានបាក់ជើង ហើយរថយន្ដបានទៅបុកដើម ឈើ អាកាស្យា មួយដើម ធ្វើឲ្យរថយន្ដឆេះសន្ធោរសន្ធៅជាង៣ម៉ោង បណ្ដាលឲ្យនៅសល់ តែគ្រោងឆ្អឹង ដែករថយន្ដតែប៉ុណ្ណោះ ចំណែកអ្នកបើកបររថយន្ដ បានរត់បាត់ស្រមោល នៅពេលភ្លាមៗនោះផងដែរ ។
ពេលឆេះរថយន្ដទើបអ្នកស្រុក និងសមត្ថកិច្ចដឹងថា រថយន្ដនោះ ជារថយន្ដដឹកឈើគ្រញូង ព្រោះឈើ គ្រញូងទាំងអស់នោះ បានឆេះ ក្លាយជាធ្យូងស្ទើរទាំងស្រុង ។ អ្នកស្រុក និងសមត្ថកិច្ចមូលដ្ឋានបាននិយាយ ថា ឈើគ្រញូងទាំងជាង ២០ដុំនោះ ទំនងដឹកចេញពីតំបន់ព្រៃស្អាក នៃស្រុកអន្ទង់វែង ឬ អាចមកពី តំបន់ព្រំដែន ឬ តំបន់ព្រះវិហារ ព្រោះរថយន្ដនោះ បានធ្វើដំណើរមកពីទិសខាងជើង សំដៅចូលក្រុងសៀម រាប ។
សូមបញ្ជាក់ថា ម្ចាស់ម៉ូតូអូសរ៉ឺម៉ក ដឹកស្រូវ ដែលទទួលរងគ្រោះថ្នាក់នោះ មានឈ្មោះ កែវ វណ្ណៈ មានអាយុ ៤៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដែលជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ ក្រហម បានជិះម៉ូតូអូសរ៉ឺម៉កដឹកស្រូវ ៤-៥បាវ ពីទិសខាងជើង ស្របជាមួយរថយន្ដផងដែរ ។ ចំណែក រថយន្ដដែល បាន ឆេះ នៅសល់តែគ្រោងឆ្អឹងនោះ គឺមានស្លាកលេខ ២៦៣៣ (តែមិនដឹងថា មានស្លាកនៅ ខេត្តណានោះទេ ព្រោះឆេះអស់ទៅហើយ) ។
ហេតុការណ៍គ្រោះថ្នាក់នេះ គឺកើតឡើង នៅលើកំណាត់ផ្លូវ ពីក្រុងសៀមរាប ទៅកាន់ប្រាសាទបន្ទាយស្រី ដែលមានចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៦ នៃក្រុងសៀមរាប ហើយដែលមានចម្ងាយ ប្រមាណជា ៧គីឡូម៉ែត្រ ពីសាលាស្រុកបន្ទាយស្រី គឺគ្រោះថ្នាក់ស្ថិតនៅភូមិខ្នារ ឃុំសណ្ដាយ ស្រុកបន្ទាយ ស្រី ខេត្តសៀម រាប ។
រហូតដល់វេលារសៀលម៉ោងជាង ១ : ០០ សមត្ថកិច្ចបានចុះទៅពិនិត្យ ហើយបាន ដឹកម៉ូតូ និងធ្យូងឈើគ្រញូង ទៅដាក់នៅប៉ុស្តិ៍នគរបាលឃុំស្នាសណ្ដាយ ។ ចំណែករថយន្ដ ដែលឆេះ នៅ សល់តែគ្រោងឆ្អឹងដែកនោះ បានទុកនៅនឹងចិញ្ចើមផ្លូវនៅឡើយ ។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ ពីសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធណាថា តើនរណាជាម្ចាស់រថយន្ដ និង នរណាជាអ្នកនៅពីក្រោយ នៃការដឹកជញ្ជូនគ្រញូងនោះនៅឡើយទេ ។
ហើយបើតាមការពិនិត្យជាក់ស្ដែង នៅកន្លែងកើតហេតុ រថយន្ដមួយគ្រឿងដែលឆេះនេះ ត្រូវបានអ្នកស្រុក និងសមត្ថ កិច្ចអះអាងថា ជាប្រភេទរថយន្ដដែលគេរៀបចំកែច្នៃ សម្រាប់តែដឹកជញ្ជូនឈើគ្រញូង ហើយក៏ មិនមែនទើបតែដឹកបានមួយជើងនេះដែរ ៕









Blogger Comment
Facebook Comment