អនាគត​លិខិត​ឆ្លង​ដែន​នឹង​មាន​សុពលភាព ១០ ឆ្នាំ

ប្រភព៖ Postkhmer
ភ្នំពេញៈ នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ លិខិត​ឆ្លង​ដែន​ដែល​ចេញ​ឲ្យ​ពលរដ្ឋ​កម្ពុជា​នឹង​មាន​សុពលភាព​រយៈ​ពេល ១០ ឆ្នាំ​ខុស​ពី​លិខិត​ឆ្លង​ដែន​បច្ចុប្បន្ន​ដែល​មាន​សុពលភាព​ត្រឹម​តែ ៣ ឆ្នាំ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្រ្តី​ក្រសួង មហាផ្ទៃ កាល​ពី​ម្សិលមិញ។
ឧត្តម​សេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​អត្ត​សញ្ញាណកម្ម​នៃ​ក្រសួង មហាផ្ទៃ បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ត្រឹម ខែ​កក្កដា នេះ​អគ្គ​នាយកដ្ឋាន​នឹង​ចាប់​ផ្តើម​ចេញ​លិខិត​ឆ្លង​ដែន ដែល​មាន​សុពលភាព​រយៈ​ពេល​យូរ។

លោក​ថ្លែង​បន្ត​ថា៖ «យើង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​បញ្ចប់​គម្រោង​ហើយ​វា​នឹង​រួច​រាល់​នៅ​ខែ​ក្រោយ ឬ​ពីរ​បី​ខែ​ទៀត​ដើម្បី​ឲ្យ​វា​ស្រប​ទៅ​នឹង​ស្តង់ដារ​អន្តរជាតិ»។
បច្ចុប្បន្ន​ពលរដ្ឋ កម្ពុជា អាច​ដាក់​ពាក្យ​សុំ​លិខិត​ឆ្លង​ដែន​បាន​សម្រាប់ ៣ ឆ្នាំ​និង​សុំ​ពន្យារ​បាន​ពីរ​ឆ្នាំ​ចំនួន​ពីរ​លើក។

ក្រសួង មហាផ្ទៃ ថ្មីៗ​នេះ​បាន​យក​ការ​ចេញ​លិខិត​ឆ្លង​ដែន​ធម្មតា​ពី​ក្រសួង ការ​បរទេស ចំណែក​ក្រសួង ការ​បរទេស មាន​សមត្ថកិច្ច​ចេញ​លិខិត​ឆ្លង​ដែន​ផ្លូវ​ការ និង​ការ​ទូត។
លោក អាង គឹមអៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ស្វាគមន៍​ការ​ប្រកាស​នេះ ដោយ​ថ្លែង​ថា ការ​ប្រកាស​នេះ ជា​ការ​លើក​ទឹក​ចិត្ត​ដល់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​អាស៊ាន និង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ចំណេញ​ពេល​វេលា។

លោក​ថ្លែង​បន្ត​ថា៖ «នៅ​ពេល​យើង​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សហគមន៍​អាស៊ាន​ប្រជាជន​មិន​ចាំ​បាច់​ត្រូវ​ការ​លិខិត​ឆ្លង​ដែន​ទេ។ អត្ត​សញ្ញាណប័ណ្ណ​នឹង​ត្រូវ​ប្រើ​សម្រាប់​នៅ​ក្នុង​ស្រុក ហើយ​លិខិត​ឆ្លង​ដែន​នឹង​នៅ​តែ​ប្រើ​សម្រាប់​បរទេស»។
សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជា​ក្រុម​សេដ្ឋកិច្ច​ដែល​គ្រោង​នឹង​បង្កើត​ក្នុង ឆ្នាំ​២០១៥ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ក្នុង​តំបន់។

លោក គឹមអៀង លើក​ពី​ក្តី​បារម្ភ​លើ​តម្លៃ​នៃ​លិខិត​ឆ្លង​ដែន​ថ្មី​និង​រយៈ​ពេល​ដែល​រ​ដ្ឋត្រូវ​ចេញ​ឲ្យ​ដោយ​លោក​ថ្លែង​ថា លិខិត​ឆ្លង​ដែន​កម្ពុជា​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​ក្នុង​តំបន់។
ការិយាល័យ​លិខិត​ឆ្លង​ដែន​បាន​រើ​ពី​ទីតាំង​បច្ចុប្បន្ន​នៅ​ផ្លូវ ម៉ៅ សេទុង ក្នុង ខណ្ឌ​ចំការមន ទៅ សង្កាត់​និរោធ ក្នុង ខណ្ឌ​មាន​ជ័យ ដើម្បី​សម្រួល​ដល់​លំហូរ​នៃ​ចរាចរណ៍​ក្នុង​ក្រុង។
លោក ឡឹប ទូលាស់ មន្រ្តី​លិខិត​ឆ្លង​ដែន​បាន​ថ្លែង​ថា៖ «ទីតាំង​ថ្មី​មាន​ទំហំ​ធំ​ជាង​មុន។ ប្រជា​ពលរដ្ឋ​នឹង​នៅ​តែ​អាច​រក​ឃើញ​កន្លែង​ថ្មី​ដោយ​ងាយ»។

កាល​ខែ​មុន កម្ពុជា បាន​បើក​ការិយាល័យ​លិខិត​ឆ្លង​ដែន​តាម​ព្រំដែន កម្ពុជា‑ថៃ ដើម្បី​កាត់​បន្ថយ​ការ​ចំណាក​ស្រុក​ខុស​ច្បាប់។ ពី ខែ​ធ្នូ ឆ្នាំ​២០១២ ប្រទេស​ថៃ បាន​គំរាម​ដេញ​ពលករ កម្ពុជា ១៦៥ ពាន់​នាក់​ដែល​គ្មាន​លិខិត​ស្នាម​ត្រឹម​ត្រូវ​ចេញ​ពី​ប្រទេស​ខ្លួន៕ PS
លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា។ រូបថត សហការី

Share on Google Plus
    Blogger Comment
    Facebook Comment