ភ្នំពេញ: ក្រុមហ៊ុន ខេមបូឌាន តាតៃ ហ៊ីដ្រូផៅវ័រ លីមីធីត បានអះអាងថា វារីអគ្គិសនីស្ទឹងតាតៃ គ្រោងនឹងដាក់ឱ្យដំណើរការ នៅក្នុងខែមិថុនា ខាងមុខនេះ បន្ទាប់ពីការដ្ឋានសំណង់ បានត្រូវបញ្ចប់ កាលពីខែមេសា ឆ្នាំ២០១៤ កន្លងមក។ ការដ្ឋានសំណង់វារីអគ្គិសនីស្ទឹងតាតៃ មានទីតាំងស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ។
លោកអគ្គនាយក ក្រុមហ៊ុនខេមបូឌាន តាតៃ ហ៊ីដ្រូផៅវ័រ លីមីធីត បានឲ្យដឹងថា ក្រុមហ៊ុនសម្រេចបាន លទ្ធផលជោគ ជ័យ និងបានបញ្ចប់ការដ្ឋានសំណង់ វារីអគ្គិសនីស្ទឹងតាតៃ កាលពីខែមេសា ឆ្នាំ២០១៤ កន្លងមកនេះ។ គម្រោងវារីអគ្គិសនីស្ទឹងតាតៃ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១០ បានវិនិយោគ ក្នុងទឹកប្រាក់សរុប ចំនួន ៥៤០ លានដុល្លារ។
លោកបានអះអាងថា វារីអគ្គិសនីស្ទឹងតាតៃ ដែលមានអានុភាពតម្លើង ២៤៦ មេហ្គាវ៉ាត់ (ប្រើទួរម៉ូប៊ីនចំនួន៣) គ្រោងនឹងដាក់ឱ្យដំណើរការ នៅក្នុងខែមិថុនា ខាងមុខនេះ បន្ទាប់ពីក្រុមហ៊ុន បានធ្វើតេស្តសាកល្បង នូវថាមពលអគ្គិសនីនេះ រួចហើយ។
គួរបញ្ជាក់ដែរថា គម្រោងវារីអគ្គិសនីស្ទឹងតាតៃ ជាប្រភេទគម្រោង (BOT) គឺ “សាងសង់អាជីវកម្មផ្ទេរ” មានរយៈពេល ៤២ ឆ្នាំ គឺរយៈពេលសាងសង់ចំនួន ៥ ឆ្នាំ និងការធ្វើអាជីវកម្ម រយៈពេល ៣៧ ឆ្នាំ គិតចាប់ពីពេលចាប់ផ្តើមដំណើរការជាផ្លូវការ។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីនោះ កាលពីពេលថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោកគាត ឈន់ បានចូលរួមអបអរសាទរ ចំពោះសមិទ្ធផល ដែលក្រុមហ៊ុន ខេមបូឌាន តាតៃ ហ៊ីដ្រូផៅវ័រ លីមីធីត សម្រេចបានមុនពេលកំណត់ រយៈពេល ១ ឆ្នាំ ក្នុងក្របខ័ណ្ឌ “សាងសង់ អាជីវកម្ម និងផ្ទេរ” និងតាមស្មារតីនៃកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ កម្ពុជា និង ចិន។
លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងយកចិត្តទុកដាក់ខ្ពស់ និងជំរុញលើកទឹកចិត្ត ការអភិវឌ្ឍវារីអគ្គិសនីនានា ដែលជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិ ភាពចម្បងទាំងបួន ក្នុង ការអភិវឌ្ឍប្រទេស នោះគឺ ផ្លូវ, ទឹក, ភ្លើង និងមនុស្ស។ បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើឱ្យក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់ កិច្ចការការពារបរិស្ថាន ការធានាបាននូវចីរភាព នៃប្រព័ន្ធអេកូសាស្ត្រ និងជីវៈចម្រុះ ដូចជា មច្ឆាផ្សេងៗ ព្រមទាំងត្រូវយកចិត្តទុកដាក់ថែទាំ ឱ្យបានល្អនូវសមិទ្ធផល វារីអគ្គិសនីនេះ ដើម្បីអនុវត្តទៅតាមកិច្ចព្រមព្រៀង BOT ខាងលើនេះ អោយបានរលូន៕V/s
![]() |
| លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ ត្រួតពិនិត្យមើល វារីអគ្គិសនីស្ទឹងតាតៃ |
.jpg)
.jpg)
Blogger Comment
Facebook Comment