ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើការរៀបចំប្រារព្ធទិវាបុណ្យវិសាខបូជា នៅ ភ្នំព្រះរាជទ្រព្យឬ ភ្នំឧដុង្គ ដូចរៀងរាល់ឆ្នាំ ប៉ុន្តែព្រះបរមសារីរិកធាតុដែលត្រូវចោរលួចនិងរកឃើញវិញ អាចនឹងមិនទាន់ត្រូវគេដង្ហែយកទៅតម្កល់នៅទីនោះនៅឡើយទេ។
ព្រះតេជគុណ ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ មានដីកាថា នៅគ្រប់វត្តអារាមក្នុងប្រទេស នឹងមានចងទង់សាសនា ដាក់បដានានាដើម្បីផ្សព្វផ្សាយពីបុណ្យវិសាខបូជា ដែលជាបុណ្យអន្តរជាតិ រំឭកដល់ថ្ងៃប្រសូត ត្រាស់ដឹង និងចូលបរិនិព្វានរបស់ព្រះពុទ្ធ។
ព្រះអង្គឲ្យដឹងថា៖ «យើងប្រារព្ធនៅឧដុង្គដូចរាល់ឆ្នាំ តែមិនទាន់ដង្ហែព្រះសារីរិកធាតុនៅឡើយទេ គឺទុកនៅព្រះបរមរាជវាំងសិន មកពីព្រះសក្យមុនីចេតិយនៅមានស្នាមប្រេះ លិចទឹក ត្រូវជួសជុលនៅឡើយ»។ ទោះយ៉ាងណាព្រះមេគណ បន្ថែមថា ការសម្រេចដង្ហែ មិនដង្ហែ គឺស្ថិតលើព្រះបរមរាជវាំង ហើយការធ្វើបុណ្យនេះ បានគោរពថ្វាយទៅដល់វត្ថុតំណាងព្រះពុទ្ធសាសនា មាន ៥ គឺ ដើមពោធិ ព្រះចេតិយ ព្រះសារីរិកធាតុ ព្រះធម៌ ៨៤០០០ ធម្មក្ខន្ធ និងព្រះពុទ្ធរូប។
ព្រះតេជគុណមានដីកាថា៖ «ធ្វើនៅ ភ្នំឧដុង្គ ទោះមិនមានសារីរិកធាតុ ក៏មានវត្ថុតាងបួនផ្សេងទៀតដែរ គ្រាន់តែពុទ្ធសាសនិកជនចាប់អារម្មណ៍ជាងគេគឺព្រះសារីរិកធាតុ»។
លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សាព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ថា ជាការងាររបស់ក្រសួងព្រះបរមរាជវាំងគឺឧបនាយករដ្ឋមន្ត្រី គង់ សំអុល លោកមិនបានដឹងឡើយ។
មកទល់ពេលនេះ មនុស្ស ៧ នាក់ កំពុងត្រូវឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ខេត្តកណ្តាល ទាក់ទិននឹងការលួច និងពាក់ព័ន្ធក្នុងការបាត់សារីរិកធាតុតាំងពី ខែធ្នូ។
លោកចៅក្រម លឹម សុគន្ថា ដែលជាអ្នកអង្កេតរឿងនេះ ឲ្យដឹងថា លោកនៅមិនទាន់បញ្ចប់នីតិវិធីនៃការស៊ើបអង្កេតនៅឡើយទេ ព្រោះត្រូវសាកសួរជនទាំង ៧នាក់ ជាចុងក្រោយទៀតសិន។ លោកមិនអាចប៉ាន់ស្មានថាពេលណានឹងត្រូវបិទសំណុំរឿងដើម្បីបញ្ជូនឲ្យប្រធានតុលាការដាក់ថ្ងៃសវនាការទេ។
លោកនិយាយថា៖ «ខ្ញុំសាកសួរចប់អស់ហើយអ្នកទាំងនោះ ប៉ុន្តែនីតិវិធីបន្តនិងចុងក្រោយរបស់ខ្ញុំ គឺត្រូវធ្វើនីតិវិធីសួរតទល់ឲ្យជនទាំងអស់សួរគ្នាទៅវិញទៅមកថា ស្គាល់គ្នាឬអត់ខ្ញុំនឹងធ្វើវាក្នុងចុងខែ ៥ នេះ។ ករណីនេះស្មុគស្មាញខ្ញុំត្រូវប្រយ័ត្នបន្តិច គឺត្រូវសួរឲ្យច្រើនដង»។
សង្គមស៊ីវិលហៅថា ក្រុមការងារដើម្បីសន្តិភាព ក៏មានគម្រោងរៀបចំបុណ្យវិសាខបូជានេះដែរ នៅថ្ងៃអង្គារ ទី១៣ ខែឧសភា ដោយដង្ហែពីរមណីយដ្ឋានវត្តភ្នំ មកព្រះអង្គ ដងកើ នៅម៉ោង ៧ និង ៣០ នាទីព្រឹក។
លោក ឈាង ឬទ្ធី អ្នកតំណាងក្រុមការងារដើម្បីសន្តិភាពថ្លែងថា៖ «ក្រុមយើងកើតតាំងពី ឆ្នាំ២០០៨ ប៉ុន្តែយើងប្រារព្ធទិវានេះនៅតែតាមព្រំដែន ខ្មែរ ថៃ ប៉ុន្តែឆ្នាំនេះ យើងឃើញមានភាពតានតឹងផ្នែកនយោបាយក្រោយបោះឆ្នោតរហូតមានការប្រើហិង្សាបាញ់មនុស្សសា្លប់ និងរបួសជាបន្តបន្ទាប់ ទើបយើងចង់ផ្សព្វផ្សាយព្រះធម៌អហិង្សា មេត្តាធម៌ឲ្យមានសន្តិភាពក្នុងចិត្តកាយមនុស្សគ្រប់រូប»។
លោកថា លោកនឹងដាក់លិខិតជូនដំណឹងជូនសាលារាជធានីនៅថ្ងៃចន្ទនេះ មិនមែនជាការសុំអនុញ្ញាតឡើយ ព្រោះការហែក្បួនជាសិទ្ធិសេរីភាពបញ្ចេញមតិ ដោយគ្មានប្រើហិង្សានោះឡើយ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញថ្លែងថា៖ «យើងរង់ចាំឯកសារមកដល់សិន ដើម្បីដាក់ជូនអភិបាលជាអ្នកសម្រេច យើងមិនទាន់ហ៊ានប្រាប់ថា យ៉ាងណាទេ»។
បើតាមសេចក្តីថ្លែងការណ៍ក្រុមការងារដើម្បីសន្តិភាពកាលពីថ្ងៃ ទី១១ ឧសភា បុណ្យវិសាខបូជា ត្រូវបានគេចាត់ ជាបុណ្យអន្តរជាតិ ទទួលស្គាល់កាលពី ឆ្នាំ១៩៩៩ ដោយអង្គការសហប្រជាជាតិ។ គេដកស្រង់ប្រសាសន៍លោកបាន គីមូន ថ្លែងក្នុងឱកាសនៃបុណ្យវិសាខបូជាអន្តរជាតិ ២០១៤ ថា៖ «នៅពេលនេះ យើងត្រូវការស្មារតីអហិង្សាជាងអ្វីៗទាំងអស់ដើម្បីលើកកម្ពស់សន្តិភាព និងលុបបំបាត់នូវទំនាស់»៕
![]() |
ព្រះសក្យមុនីចេតិយភ្នំឧដុង្គជាទីតម្កល់ព្រះសារីរិកធាតុ។ រូប ហេង ជីវ័ន |
Blogger Comment
Facebook Comment