ក្រចេះ ៖ ជនរងគ្រោះចំនួនបីនាក់ ឪពុក ម្តាយនិងកូនស្រី បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្រោយពីជនរងគ្រោះទាំងបីនាក់បានជិះម៉ូតូបត់ត្រឡប់ក្រោយដើម្បីរើសមួក ក៏ត្រូវរថយន្តសាំងយ៉ុងដឹកជន្លង់ម្រេចបុកពីមុខផ្លោងខ្ទាតស្លាប់ទាំងបីនាក់។
នគរបាលចរាចរណ៏ស្រុកស្នួលបានឲ្យដឹងថា ជនរងគ្រោះទាំងបីនាក់ជាមឪពុក ម្តាយនិងកូនស្រី ត្រូវបានគេស្គាល់អត្តសញ្ញាណថា បុរសជាឪពុកឈ្មោះ ពៅ ឆុន អាយុ៤០ឆ្នាំ និងស្ត្រីជាម្តាយឈ្មោះ យ៉ាន មុំ អាយុ៤១ឆ្នាំ និងកូនស្រីអាយុ៩ឆ្នាំ ឈ្មោះ ឆុន ស្រី ណាស់ ជនរងគ្រោះមានទីលំនៅភូមិគរ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នគរបាលស្រុកស្នួលបានបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ឧសភា នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំនុចភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
តាមសាក្សីឃើញហេតុការណ៏ក្នុងករណីគ្រោះថ្នាក់នេះបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុគឺជនរងគ្រោះទាំងបីនាក់ បានជិះម៉ូតូម៉ាកវេវ អាលហ្វាពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីត្បូងទៅជើង ហើយក៏បានបត់ម៉ូតូត្រឡប់ក្រោយដើម្បីរើសមួកក៏ត្រូវរថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ 2U 4749 មានដឹកជន្លង់ម្រេចពេញដែលកំពុងតែបើកក្នុងល្បឿនលឿនបានបុកចំពីមុខពេញទំហឹងបណ្តាលឲ្យជនរង គ្រោះទាំងបីផ្លោងខ្ទាតចេញពីគ្នាស្លាប់ជាបន្តបន្ទាប់ រីឯរថយន្តបានរេចង្កូតធ្លាក់ចិញ្ចើមផ្លូវ ហើយអ្នកបើករថយន្តបានរត់គេចបាត់។
គួរបញ្ជាក់ថា ស្រុកស្នួលជាស្រុកមួយក្នុងចំណោមស្រុកទាំង៥ និងក្រុង១ នៃខេត្តក្រចេះ ដែលមានអត្រានៃគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ។ ហើយប្រភេទនៃអត្រានៃគ្រោះគ្រោះថ្នាក់ចរាចរណ៍ទាំងនេះគឺត្រូវគេរកឃើញថាបណ្តាលមកពីរថយន្តបុកម៉ូតូ និង រថយន្តបុកថ្មើរជើង។ រីឯរថយន្តដែលបង្កភាគច្រើននោះគឺជារថយន្តដឹកបទល្មើសដូចជា ដឹកឈើ និងដឹកជន្លងម្រេច ដែលបានបើកបរក្នុងល្បឿនលឿនៗ ដើម្បីរត់គេចពីការដេញ តាមប្រមាញ់របស់សមត្ថកិច្ចនៅស្រុកស្នួល និងបានបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុជាបន្តបន្ទាប់។
អធិការនគរបាលស្រុកស្នួលលោកវរៈសេនីយ៏ត្រី ចាន់ សុខគីម បានឲ្យដឹងថា ក្រោយពីមានការចុះវាស់វែងដល់កន្លែងកើហេតុរួចមក ទាំងម៉ូតូ និងរថយន្តគឺត្រូវកម្លាំង ជំនាញបាននាំមករក្សាទុកនៅអធិការដ្ឋានស្រុកដើម្បីចាត់វិធានការបន្ត៕

Blogger Comment
Facebook Comment