ប្រភព ដើមអម្ពិល
បាត់ដំបង ៖ ស៊ីផឹកជ្រុលអត់លុយឲ្យគេ កាលពីម៉ោង ១៩និង៣០នាទីយប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ នៅហាងធីតា ម្លប់ស្បូវ ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បានបោកយកម៉ូតូមិត្តភក្តិ ទៅ បញ្ចាំគេ នៅខេត្តបន្ទាយមានជ័យ ក្រោយពេលស៊ីផឹក ជាមួយគ្នារួច ត្រូវម្ចាស់ម៉ូតូ ប្តឹងនគរបាលឲ្យចាប់ខ្លួន រួចកសាងសំណុំរឿង បញ្ជូនមកស្នងការខេត្ត កាលពីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ដើម្បីចាត់ ការបន្តតាមច្បាប់ ។
លោក ស៊ន កុសល នាយផ្នែកព្រហ្មទណ្ឌ ក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ ខ្លួន មានឈ្មោះ អ៊ឹង សៀងហួត អាយុ ១៩ឆ្នាំ របរសិស្ស មានទីលំនៅ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុង បាត់ដំបង ។ ចំណែកម៉ូតូជនរងគ្រោះ ដែលបាត់បង់ម៉ាក ស្កូបពី ពណ៌ផ្កាឈូក ស៊េរីឆ្នាំ ២០១៣ គ្មានស្លាក លេខ ។ ម្ចាស់មានឈ្មោះ រ៉េត វិបុល អាយុ ១៧ឆ្នាំ មុខរបរ សិស្សមានទីលំនៅ ភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
ម្ចាស់ម៉ូតូបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុម៉ោង ១៩ និង៣០នាទីថ្ងៃទី០៩ ខែឧសភាមានមិត្តភក្តិ ឈ្មោះ អ៊ឹង សៀងហួត ទូរស័ព្ទហៅខ្លួន ទៅជួបនៅហាង ធីតា ម្លប់ស្បូវ ភូមិឡឥដ្ឋ សង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង ។
ពេលទៅដល់ភ្លាមពួកម៉ាក រូបនេះ បាននិយាយថា ខ្ចីម៉ូតូជិះទៅយកប្រាក់ពី គេមួយភ្លែត ហើយក៏យកម៉ូតូទៅបាត់រហូត បិទទូរស័ព្ទ ទូរស័ព្ទមិនចូលទៀត។
ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី០៩ ខែឧសភា ខ្លួនបានអង្គុយផឹកស៊ី នៅហាងធីតាម្លប់ ស្បូវ ភូមិឡឥដ្ឋមានគ្នា ៤នាក់ តាំងពីម៉ោង២រសៀល លុះដល់ផឹកជ្រុលមិត្តភក្តិ ពួកគេគេចខ្លួនអស់ ។ លុះ ម៉ោង ១៩និង៣០នាទីខ្លួន ក៏បានទូរស័ព្ទហៅឈ្មោះ រ៉េត វិបុល មក ហើយខ្ចីម៉ូតូវា ទៅរកប្រាក់ឲ្យម្ចាស់ ហាងដោយរកខ្ចីគេមិនបានក៏ទូរស័ព្ទទៅឈ្មោះ វែង សុជាតិ អាយុ២៦ឆ្នាំ ដែលធ្លាប់រួមផឹកស៊ី ជាមួយ គ្នា ពីរថ្ងៃមុន ។
ពេលនោះ វែង សុជាតិ បានឲ្យខ្លួនជិះម៉ូតូ តាមការណាត់ជាច្រើនដង ពីបាត់ដំបងដល់ខេត្ត បន្ទាយមានជ័យ (ម្តងថា នៅឃុំអូរតាគី ។ ម្តងនៅស្រុកថ្មគោល ។ ម្តងនៅភ្នំតូចខេត្តបន្ទាយ មានជ័យ) ។ នៅទីបំផុត ខ្លួនបានទៅជួបឈ្មោះ វែង សុជាតិ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយឈ្មោះ វែងសុជាតិជាអ្នកយកម៉ូតូទៅបញ្ចាំចំនួន ៨០ ម៉ឺនរៀល ខ្លួនមិនដឹងថា វាយកម៉ូតូនេះទៅបញ្ចាំ នៅផ្ទះអ្នក ណានោះទេ ហើយវាបានគេចខ្លួនបាត់ ។ ពេលខ្លួនត្រឡប់មកផ្ទះវិញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការរដ្ឋាន នគរបាលខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ពីបទ រំលោភលើទំនុកចិត្ត ដើម្បីចាត់ការ តាមច្បាប់រួច ហើយ ៕
Blogger Comment
Facebook Comment