ប្រភព ភ្នំពេញថ្មី
រាជធានីភ្នំពេញ៖
មកដល់ពេលនេះកម្ពុជាមិនទាន់មានច្បាប់ហាមមិនឲ្យផ្សាយពាណិជ្ជកម្មស្រា
តាមកញ្ចក់ទូរទស្សន៍នៅឡើយទេប៉ុន្តែក្រសួងពត៌មានគ្រោងនឹងកាត់បន្ថយ
ម៉ោងផ្សាយពាណិជ្ជកម្មស្រាលើកញ្ចក់ទូរទស្សន៍នាពេលខាងមុខ
នេះបើតាមការឲ្យដឹងពីលោករដ្ឋមន្ត្រីក្រសួងពត៌មាន ។
ថ្លែងនៅក្នុងពិធីបិទសិក្ខាសាលាស្តីពីការបញ្ជ្រាបវិធានការនិង
ហានិភ័យក្នុងការសេពគ្រឿងញៀន កាលពីថ្ងៃទី២១ ខែឧសភានេះ លោក ខៀវ
កាញារីទ្ធ
រដ្ឋមន្ត្រីក្រសួងពត៌មាននិងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា
ក្រសួងកំពុងតែពិចារណាកោះហៅគ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងអស់មក
ពិភាក្សាអំពីការកាត់បន្ថយម៉ោងផ្សាយពាណិជ្ជកម្មស្រា
ខណពេលដែលក្រសួងមិនអាចបិទការផ្សាយពាណិជ្ជកម្មស្រាទាំងស្រុងនោះបានទេ
ព្រោះតែកម្ពុជាមិនទាន់មានច្បាប់ដូចជាច្បាប់ហាមមិនឲ្យ
ផ្សាយពាណិជ្ជកម្មបារីជាដើម ។
យ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីបានអះអាងថាសម្រាប់ស្ថានីយ៍ទូរទស្សន៍
និងវិទ្យុរដ្ឋគឺមិនផ្សព្វផ្សាយពាណិជ្ជកម្មស្រានិងបារីនោះទេ ។
ប៉ុន្តែក្រសួងក៏មិនអាចទៅហាមឃាត់គ្រប់ស្ថានីយ៍ទូរទស្សន៍និងវិទ្យុ
ក្នុងស្រុកដែរ ព្រោះតែយើងមិនទាន់មានច្បាប់ហាមឃាត់នៅឡើយ ។
លោក ខៀវ កាញារីទ្ធ
ក៏បានបញ្ជាក់ផងដែរថាការផ្សាយពាណិជ្ជកម្មគឺជាផ្នែកមួយនៃសិទ្ធិ
ទទួលបានពត៌មានឬជាផ្នែកមួយនៃសេរីភាពក្នុងការទទួលបានពត៌មាននិង
ផ្សាយពត៌មានដូច្នេះយើងមិនអាចបិទការផ្សាយទាំងស្រុងនោះបានទេ
លុះត្រាតែមានច្បាប់ត្រឹមត្រូវ ។
តាមប្រសាសន៍លោករដ្ឋមន្ត្រីការបន្ថយម៉ោងផ្សាយពាណិជ្ជកម្មស្រាតាម
កញ្ចក់ទូរទស្សន៍នោះគឺត្រូវតែធ្វើ
ហើយអាចពិភាក្សាគ្នាកាត់បន្ថយក្នុងចន្លោះម៉ោង
៦,០០នាទីដល់ម៉ោង៨,០០នាទីយប់៕
Blogger Comment
Facebook Comment