![]() |
យោធាថៃល្បាតទីតាំងសំខាន់ៗក្នុងក្រុងបាងកក និងចូលកាន់កាប់ស្ថានីយទូរទស្សន៍ |
ឧត្ដមសេនីយ៍ប្រាយុទ្ធ ចានអូចា បានប្រាប់អ្នកកាសែតថា "យើងបានស្នើឱ្យ គ្រប់ភាគីចូលមកពិភាក្សាគ្នា ដើម្បីរក ផ្លូវចេញសម្រាប់ប្រទេស"។ លោកបន្ដថា យោធាបានចាត់ការដូច្នេះ ដើម្បីស្ដារ សណ្ដាប់ធ្នាប់ និងស្ថាបនាជំនឿចិត្ដ វិនិយោគក្រោយពីចលាចលនយោបាយ អស់៦ខែ ដែលនាំឱ្យសេដ្ឋកិច្ចដាំក្បាល ចុះ។
មុននេះ ប្រធានទីប្រឹក្សាសន្ដិសុខ របស់នាយករដ្ឋមន្ដ្រីចាំផ្ទះ នីវ៉ាតទុមរ៉ុង ប៊ូនសុងផៃសាន បាននិយាយថា រដ្ឋាភិបាលមិនត្រូវបានយោធាប្រឹក្សាយោបល់ អំពីការប្រកាសប្រើច្បាប់អាជ្ញាសឹកទេ តែទោះជាយ៉ាងណាខ្លួននៅតែស្ថិតនៅ ក្នុងអំណាច។
លោកប៉ារ៉ាដន ប៉ាតតាណាតាប៊ុត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន អាអេហ្វប៉េ ថា "រដ្ឋាភិបាលចាំផ្ទះនៅ តែមានលោកនីវ៉ាត ទុរ៉ុង ជានាយក រដ្ឋមន្ដ្រីចាំផ្ទះ។ គ្រប់យ៉ាងធម្មតាលើក លែង តែយោធាទទួលខុសត្រូវបញ្ហា សន្ដិសុខទាំងអស់"។
ក្នុងពេលជាមួយគ្នា រដ្ឋមន្ដ្រី យុត្ដិធម៌ស្ដីទី ឆៃកាសេម នីតទីស៊ិរិ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ថា "វាជាការល្អដែលយោធាមើលការ ខុសត្រូវសន្ដិសុខរបស់ប្រទេស ។ តែ រដ្ឋាភិបាលនៅមានអំណាចពេញក្នុង ការគ្រប់គ្រងប្រទេស"។
មជ្ឈមណ្ឌលបញ្ជាការរក្សា សន្ដិភាព ដែលត្រូវបង្កើតឡើង ក្រោមច្បាប់អាជ្ញាសឹកកាលពីថ្ងៃអង្គារ បានចេញបញ្ជាលេខ ០៣ ដែលតម្រូវ ឱ្យគ្រប់ស្ថានីយវិទ្យុទូរទស្សន៍បញ្ឈប់ កម្មវិធីជាទៀងទាត់ និងភ្ជាប់ទៅវិទ្យុទូរទស្សន៍ដែលគ្រប់គ្រងដោយកងទ័ព ដើម្បីផ្សាយសេចក្ដីថ្លែងការណ៍និង បទបញ្ជាទៅកាន់ប្រជាជននៅ "ពេល ត្រូវបានស្នើឱ្យធ្វើដូច្នេះ"។
បទបញ្ជានេះ គ្របដណ្ដប់គ្រប់ ស្ថានីយវិទ្យុ និងទូរទស្សន៍ ព្រមទាំង ផ្កាយរណប និងស្ថានីយទូរទស្សន៍ ខ្សែកាប្លិ៍ ទាំងគ្រប់គ្រងដោយរដ្ឋ និង ឯកជន។
ថៃ បានប្រកាសប្រើច្បាប់ អាជ្ញាសឹកកាលពីម៉ោង៣ជិតភ្លឺថ្ងៃអង្គារ ដើម្បីស្ដារសណ្ដាប់ធ្នាប់ក្រោយពីការ តវ៉ាប្រឆាំងរដ្ឋាភិបាលអស់៦ខែ ដែល នាំឱ្យប្រទេសគ្មានរដ្ឋាភិបាលដំណើរ តាមត្រឹមត្រូវមួយ តែចំណាត់ការនេះ មិនមានន័យស្មើនឹងរដ្ឋប្រហារទេ នេះ បើតាមការបញ្ជាក់ពីពួកនាយក ទាហាន។
អ្នកនាំពាក្យយោធាលោក វរសេនីយ៍ វីនថៃ ស៊ូវ៉ារី ក៏បានខិតខំ បញ្ជាក់ថា រដ្ឋាភិបាលចាំផ្ទះនៅតែស្ថិត ក្នុងអំណាចក្រោយការប្រកាសដ៏ភ្ញាក់ផ្អើលតាមទូរទស្សន៍កាលពីម៉ោង៣ ជិត ភ្លឺ។
វីនថៃ បានប្រាប់ទីភ្នាក់ងារ សារព័ទ៌មានរ៉យទ័រថា "ច្បាប់អាជ្ញាសឹក នេះ ពុំមានការពាក់ព័ន្ធនឹងរដ្ឋាភិបាល ទេ ។ រដ្ឋាភិបាលនៅដំណើរការតាម ធម្មតា"។
ថៃជាប់ក្នុងភាពជាប់គាំង នយោបាយចាប់តាំងពីនាយករដ្ឋមន្ដ្រី យីងឡាក់ ស៊ីណាវ៉ាត និងសមាជិក គណៈរដ្ឋមន្ដ្រី៩រូបទៀត ត្រូវតុលាការ បណ្ដេញចេញពីតំណែងកាលពីថ្ងៃ ៧ខែឧសភា ដោយសារការរំលោភ អំណាច។
នាយករដ្ឋមន្ដ្រីស្ដីទីម្នាក់ចាប់ តាំងពីពេលនោះបានចូលដឹកនាំប្រទេស ជំនួស។ វិបត្ដិដែលជាការតស៊ូអំណាច រវាងក្រុមរបស់អតីតនាយករដ្ឋមន្ដ្រី ថាក់ស៊ីន ស៊ីណាវ៉ាត និងស្ថាប័នរាជានិយមថៃ បានទាញប្រទេសឱ្យខិតទៅ ជិតឱនភាពសេដ្ឋកិច្ច។
យោធាថៃ ដែលបានបង្ក្រាប ចលនាតវ៉ាប្រឆាំងមួយនៅឆ្នាំ២០១០ បានធ្វើរដ្ឋប្រហារមួយចំនួនចាប់តាំង ពីថៃបានក្លាយជារបបរាជានិយម អាស្រ័យធម្មនុញ្ញនៅឆ្នាំ១៩៣២ និងរដ្ឋ ប្រហារចុងក្រោយនៅឆ្នាំ២០០៦ នៅ ពេលយោធាបណ្ដេញលោក ថាក់ស៊ីន ចេញពីអំណាច។
មន្ដ្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយកាលពីសប្ដាហ៍មុនថា អាមេរិកមានជំនឿដោយសមហេតុ ដែលថា យោធាថៃនឹងធ្វើការអត់ធ្មត់ និងមិនចូលធ្វើអន្ដរាគមន៍ក្នុងវិបត្ដិនេះ។
ក្នុងពេលជាមួយគ្នា ឧត្ដម សេនីយ៍ម្នាក់បាននិយាយថា ទាហាន កំពុងល្បាតនៅក្រុងបាងកក និងចូល គ្រប់គ្រងបណ្ដាស្ថានីយទូរទស្សន៍។ "យើងបានប្រកាសស្ថានភាពគ្រាអាសន្ន វាមិនមែនជារដ្ឋប្រហារទេ។ ពីព្រោះ សភាពការណ៍មិននឹងនរ ពួកគេសម្លាប់ គ្នារាល់ថ្ងៃ"។
ប្រតិកម្មនឹងច្បាប់អាជ្ញាសឹក នេះដែរ អតីតនាយករដ្ឋមន្ដ្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត បាន និយាយថា ការដាក់ច្បាប់អាជ្ញាសឹកនេះ មិនត្រូវ បំផ្លាញលទ្ធិប្រជាធិបតេយ្យនោះទេ”។
ចំណែកនាយករដ្ឋមន្ដ្រី នីវ៉ាតទុមរ៉ុងបានទទូចឱ្យយោធាធ្វើអ្វី ក្នុងរង្វង់រដ្ឋធម្មនុញ្ញនិងថា "ចំណាត់ការ ណាមួយត្រូវដើរតាមផ្លូវអហិង្សាគ្មាន អំពើហិង្សាមិនរើងអើង និងស្មើភាព ផ្អែកលើច្បាប់" ៕ វាសនា
"ប្រមុខយោធាថៃៈឧត្ដម សេនីយ៍និយមសង្គ្រាមដែលចេះថ្លឹង ថ្លែងសភាពការណ៍
ប្រជាជនថៃ កាលពីព្រឹកថ្ងៃ អង្គារ ទី២០ខែឧសភា បានភ្ញាក់ឡើង ជាមួយនឹងរូបភាព ដែលពួកគេស្គាល់ ច្បាស់ គឺមេទ័ពរបស់គេអានសេចក្ដី ប្រកាសមួយ។
យោធាថៃ បានធ្វើរដ្ឋប្រហារ ចំនួន១៨ដង ចាប់តាំងពីប្រទេសប្រែពី របបរាជានិយមផ្ដាច់ការ មកកាន់ រាជានិយមអាស្រ័យធម្មនុញ្ញនៅឆ្នាំ ១៩៣២។ តែទោះជាយ៉ាងណាពេល នេះ វាមិនមែនជារដ្ឋប្រហារទេ គ្រាន់តែ ជាការប្រកាសប្រើច្បាប់អាជ្ញាសឹកនៅ ទូទាំងប្រទេស។
មេទ័ព ឧត្ដមសេនីយ៍ ប្រាយុទ្ធ ចានអូចា នៅតែមិនព្រមសារភាពថា លោកចាប់យកអំណាចដើម្បីបំបែក ភាពទាល់ច្រកនយោបាយចំណាស់៦ ខែមកនេះ។
លោកបាននិយាយថា ច្បាប់ អាជ្ញាសឹកជាវិធានការបង្ការជាមុនមួយ ដើម្បីបញ្ចៀសកុំឱ្យមានអំពើហិង្សា ថែមទៀតដែលចាប់តាំងពីខែធ្នូឆ្នាំ មុនមក មនុស្សជាង ២០នាក់ត្រូវបាន សម្លាប់និងរាប់រយនាក់បានរងរបួស នៅពេលជម្លោះអូសបន្លាយពេលនេះ។
ឧត្ដមសេនីយ៍ប្រាយុទ្ធ ចានអូចា នៅសល់ពេលតែ៤ខែទៀតប៉ុណ្ណោះមុន នឹងលោកចូលនិវត្ដន៍ ។ បុរសសម្ដីម៉ាត់ៗ វ័យ៦០ឆ្នាំរូបនេះ ដែលល្បីខាង ច្រឡោតខឹងនៅពេលអ្នកកាសែតសួរ បានស្ថិតក្នុងតំណែងបញ្ជាការចាប់តាំង ពីខែតុលាឆ្នាំ២០១០មក។
ជាផ្នែកនៃកង ពុរាផហា ភហាយាក សម្រាំង ឬ "ក្រុមខ្លាខាងកើត" លោកត្រូវបានគេមើលឃើញថា ស្និទ្ធនឹង មហាក្សត្រី ស៊ីរិគិត និងក៏ជាមិត្ដរបស់ មេប៉ូលិសជាតិ ឧត្ដមសេនីយ៍ អាប់ឌុល ស៊ែងស៊ីងកែវ។
ការដំឡើងឋានៈលោក ជា អគ្គមេបញ្ជាការកងទ័ព ត្រូវបានគេ មើលឃើញថា ជាការរៀបចំកម្លាំង ការពារស្ថាប័នកំពូលទល់នឹងចលនា អាវក្រហម ដែលប្រជែងនឹងការកាន់ កាប់អំណាចជាប្រពៃណីរបស់ពួក ឥស្សរជន និងប្រឆាំងនឹងលទ្ធផលឆ្នោត ដែលចាប់តាំងពីឆ្នាំ២០០១ បានទៅ គណបក្សណា ដែលមានសម្ព័ន្ធភាព នឹងអតីតនាយករដ្ឋមន្ដ្រីថាក់ស៊ីន ស៊ីណាវ៉ាត។
មហាសេដ្ឋីថាក់ស៊ីន ដែល រស់នៅបរទេសចាប់តាំងពីឆ្នាំ២០០៨ ដើម្បីគេចពីការចាប់ដាក់គុក២ ឆ្នាំ ចំពោះទោសរំលោភអំណាច ត្រូវគេ មើលឃើញថាជាមនុស្សមានទំនោរ សាធារណរដ្ឋដោយប្រើគោលនយោបាយ ប្រជានិយមនិងម៉ាស៊ីនបោះឆ្នោតដ៏ មានប្រសិទ្ធភាពដើម្បីឈ្នះបានអំណាច និងទោះជាត្រូវប្រជែងនឹងឋានៈនៃ ព្រះមហាក្សត្រនៅចុងកំពូលនៃសង្គម ថៃ។
អស់ពេលជិត៧០ឆ្នាំមកនេះ ស្ដេចថៃ ជាមេដឹកនាំតំណាងការ បង្រួបបង្រួមសម្រាប់ប្រជាជនថៃ តែ ព្រះអង្គឥឡូវមានព្រះជន្ម៨៦វស្សា និង ខ្សត់ខ្សោយខ្លាំងណាស់ទៅហើយ។ ប្រជាជនថៃ ព្រួយបារម្ភថា បើគ្មាន អំណាចសីលធម៌ដែលគ្មានគូជែង របស់ព្រះអង្គទេ មហាគ្រឹះនៃឯកភាព ថៃអាចនឹងដួលរលំ។
វាជាគោលការណ៍ទៅហើយ នៃនយោបាយថៃ ដែលមិនមាន រដ្ឋាភិបាលណាអាចស្ថិតនៅក្នុងអំណាច ដោយគ្មានការយល់ព្រមពីយោធា។ ជាងនេះទៅទៀត សម្បថរបស់នាយ ទាហានថៃ គឺថាត្រូវស្មោះស្ម័គ្រនឹង ស្ដេច។ ឧត្ដមសេនីយ៍ ប្រាយុទ្ធ តំណាង ប្រពៃណីនេះ តែពួកអ្នកវិភាគបាន សរសើរការប្រព្រឹត្ដរបស់លោកចំពោះ វិបត្ដិបច្ចុប្បន្ន ដែលលោកអត់ធ្មត់មិនឱ្យ យោធាចូលអន្ដរាគមន៍នេះក៏ដោយសារ តែលោកដឹងថា ប្រសិនបើយោធាហ៊ាន តែដណ្ដើមអំណាចជាថ្មីទៀតនោះ ខ្លួន នឹងជួបប្រតិកម្មធ្ងន់ធ្ងរជាងមុននៅក្នុង ប្រទេសថៃថ្មីមួយដែលមហាជនយល់ ដឹងអំពីនយោបាយកាន់តែច្រើន និង ក្រុមជម្លោះទាំង២ ពួករាជានិយម និង ថាក់ស៊ីននិយម សុទ្ធតែមានសមាសភាព ប្រដាប់អាវុធដូចគ្នា។
តែលោកឧត្ដមសេនីយ៍ចេះ ថ្លឹងថ្លែងដោយយកច្បាប់អាជ្ញាសឹកមក ប្រើ។ លោកឈរខាងរដ្ឋាភិបាល តែត្រូវតែនៅស្វែងរកផ្លូវចេញមួយ សម្រាប់ភាពជាប់គាំងនយោបាយ ដែលអាចទទួលយកបានពីគ្រប់ភាគី៕ វាសនា
Blogger Comment
Facebook Comment