រថយន្ត​សាំយ៉ុង​ព្រលះ​ជាមួយ​វីហ្គោ​ស្លាប់​១​របួស​ធ្ងន់​ជាង​១០​នាក់

ប្រភព KPT
ស្ទឹងត្រែង ​៖ ​រថយន្ត​សាំយ៉ុង​បើក​មិន​ប្រកាន់​ស្តាំ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​វី​ហ្គោ​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នក​បើកបរ​រថយន្ត​វី​ហ្គោ​បាន​កៀប​នឹង​កាប៊ីន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ និង​មនុស្ស​ជិះ​ក្នុង​រថយន្ត​សាំ​​យ៉ុង​បាន​រង​របួស​ធ្ងន់​១១​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​រថយន្ត​​សង្គ្រោះ​របស់​អាវុធហត្ថ​ខេត្ត ​ដឹក​យក​មក​​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​បង្អែក​ពេទ្យ​ខេត្ត។

  ករណី​គ្រោះថ្នាក់​ចរាចរ​រថយន្ត​បុក​រថយន្ត​ដ៏​គួរឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៤៥​នាទី​ថ្ងៃទី​២១​ ខែឧសភា ​ឆ្នាំ​២០១៤​ត្រង់ចំណុច​ដុង​កា​ចែម ស្ថិតក្នុង​ភូមិ​គីឡូ​ប្រាំបី សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង។ មន្ត្រី​នគរបាល​ចរាចរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​រថយន្ត​វីហ្គោ​ជិះ​គ្នា​២​នាក់ ដោយ​​អ្នក​បើកបរ​គ្រោះថ្នាក់​ដល់​ស្លាប់​មាន ​ឈ្មោះ​ឡេង ប៊ុនឡុង​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​ការ​ចូ​ត​ ឃុំ​ព្រែកកក់​ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ​និង​អ្នក​រួម​ដំណើរ​ជាមួយ​រង​របួស​ស្រាល​ ឈ្មោះ​បន ម៉ុ​ល​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​ព្រែកកុយ ស្រុក​កងមាស​ខេត្តកំពង់ចាម។

ចំណែក​អ្នកបើកបរ​រថយន្ត​សាំ​​យ៉ុង​មាន​ឈ្មោះ​ផាត​ ឧសភា​ ប្រុស​អាយុ​២០​ឆ្នាំ​របួសធ្ងន់ រីឯ​១០​នាក់​ទៀត​របួសធ្ងន់​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះទេ។ មន្ត្រី​ចរាចរ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ នៅមុន​កើតហេតុ​គេ​បានឃើញ​រថយន្ត​សាំ​យ៉ុង​ពណ៌​ស​ពាក់​ស្លាក​លេខ​ស្ទឹងត្រែង​2A0216​ដឹក​អ្នកដំណើរ​ចេញពី​ស្រុក​សៀម​ប៉ាង​មាន​គ្នា​ជាង​១០​នាក់​ និង​រថយន្ត​វី​ហ្គោ​មកពី​ខេត្តកំពង់ចាម​ជិះ​គ្នា​២​នាក់ ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2M4658​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា។

លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​សាំ​យ៉ុង​មិន​ប្រកាន់​ស្តាំ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​វីហ្គោ​ពេញទំហឹង​ធ្វើឲ្យ​អ្នកបើកបរ​រថយន្ត​វី​ហ្គោ​កៀប​នឹង​កាប៊ីន​រថយន្ត​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​តែម្តង។ ចំណែក​អ្នក​ជិះ​ក្នុង​រថយន្ត​សាំយ៉ុង​១១​នាក់​របស់​ធ្ងន់​ទាំងអស់ ភាគ​ច្រើន​​បែកក្បាល​បែក​មុខ ក្នុង​នោះ​មាន​ម្នាក់​ប្រហែលជា​គ្មាន​សង្ឃឹម​នោះ​ទេ។ សមត្ថកិច្ច​បាន​បន្ត​ថា ​ក្រោយ​កើតហេតុ​រថយន្ត​សង្គ្រោះ​កម្លាំង​អាវុធហត្ថ ​និង​រថយន្ត​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ចុះ​ទៅ​ធ្វើការ​សង្គ្រោះ​ភ្លាមៗ ​ដឹក​ជនរងគ្រោះ​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត។

ចំណែក​រថយន្ត​ទាំង​២​ត្រូវ​បាន​នគរបាល​ចរាចរ​ធ្វើការ​វាស់វែង ដឹក​យក​មក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។ សព​ជនរងគ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី៕
a6

Share on Google Plus
    Blogger Comment
    Facebook Comment