ភ្នំពេញ ៖ ហាងលក់ទូរស័ព្ទSamsung មួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមផ្លូវព្រះមុនីវង្ស កែងស្ដុបបូកគោ ត្រូវបានជនសង្ស័យម្នាក់ចូលលួចទូរស័ព្ទទាំងកណ្ដាលយប់ប្រមូលអស់ជិត២០០គ្រឿង ដែលគិតជាការខូចខាតផ្នែកថវិកាវិញអស់ប្រមាណ១៧០០០ដុល្លារ ។
បើទោះបីសកម្មភាពចោរចូលលួចទូរស័ព្ទបានកើតឡើងតាំងពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ក៏ដោយនោះ ប៉ុន្ដែការភ្ញាក់ផ្អើល និងដឹងពីព័ត៌មានខាងលើនេះបានកើតឡើង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ នៅពេលដែលម្ចាស់ហាងទូរស័ព្ទបានដាក់ ពាក្យបណ្ដឹងទៅសមត្ថកិច្ច នៅប៉ុស្ដិ៍បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន ដែលបានចុះទៅសួរនាំជនរងគ្រោះជាម្ចាស់ ហាងលក់ទូរស័ព្ទ បាននិយាយថា បើមើលតាមកាម៉េរ៉ាសុវត្ថិភាពដែលបំពាក់នៅខាងក្នុងហាងឃើញជនសង្ស័យម្នាក់បានលួច ចោះពិដានផ្នែកខាងក្រោយហើយចូលទៅ ប្រមូលយកទូរស័ព្ទគ្រប់ប្រភេទ ភាគច្រើន ជាទូរស័ព្ទម៉ាកសាំសុងស៊េរីទំនើបអស់ជិត២០០គ្រឿងដែលគិតជាតម្លៃទឹកប្រាក់អស់ប្រមាណ១៧០០០ដុល្លារ ។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ច បានបន្ដទៀតថា ដូចសព្វមួយដងមានអ្នកយាមដេកចាំនៅក្នុងហាង ប៉ុន្ដែ នៅពេលម៉ោង កើតហេតុនេះ អ្នកយាមនិយាយថាខ្លួនមិនទាន់បានចូលទៅដេកនៅឡើយ។នៅពេលដែល ទទួលបានព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋានអ្នកយកព័ត៌មានបានចុះទៅថតយករូបភាព និងសួរនាំសាច់រឿង ប៉ុន្ដែត្រូវស្ដ្រីម្ចាស់ហាងដែលមិនស្គាល់អត្ដសញ្ញាណបានស្ដីឱ្យនិងរារាំងមិនឱ្យថតដោយអះអាងថា ពុំមាន ការជាប់ពាក់ព័ន្ធនឹងអ្នកកាសែតនោះទេ ។
យ៉ាងណាក៏ដោយសមត្ថកិច្ចមូលដ្ឋាន និង កម្លាំងនគរបាលជំនាញ បាននឹងកំពុងធ្វើ ការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ដើម្បី តាមចាប់ជនសង្ស័យរូបនេះតាមរយៈ ការបង្ហាញរូបភាពនៅក្នុងកាម៉េរ៉ាសុវត្ថិភាព ៕ សុខា

Blogger Comment
Facebook Comment