រាជធានីភ្នំពេញ៖អ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានជនសង្ស័យហៅជិះទៅកន្លែងស្ងាត់រួចយកពូថៅវាយចំកញ្ចឹងកមួយពូថៅនិងក្បាលមួយពូថៅបណ្តាលឲ្យដួលសន្លប់រួចជនសង្ស័យបានយកម៉ូតូ ជិះគេចខ្លួនទៅបាត់ កាលពីវេលាម៉ោង ៨យប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅតាម បណ្តោយផ្លូវបេតុង ជិតវត្តគោកចំបក់ ហៅវត្តអង្គតាមិញ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះជាអ្នករត់ម៉ូតូឌុបឈ្មោះ ខ្មៅ គឹមស្រ៊ុន អាយុ ៣២ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយម៉ូតូដែល ចោរប្លន់យកទៅបាត់នោះ ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១០ ឡើងតែម២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AO-1885 ។ មុនពេលកើតហេតុ ជនរងគ្រោះកំពុងឈប់ម៉ូតូ នៅផ្លូវលេខ២០០៤ ជិតស្ថានីយប្រេងតេលាដើម្បីចាំឌុបម៉ូយ ស្រាប់តែជនសង្ស័យ បានហៅជនរងគ្រោះ ឲ្យឌុបទៅជិតវត្តអង្គតាមិញ ក្នុងតម្លៃ ១៥០០រៀល ។
លុះមកដល់កន្លែងកើតហេតុ ជាកន្លែងស្ងាត់ ជនសង្ស័យបានដកពូថៅ ពីចង្កេះវាយចំកញ្ចឹងក និងក្បាល ២ពូថៅ បណ្តាលឲ្យជនរងគ្រោះ សន្លប់ដេកស្តូកស្តឹង នៅនឹងកន្លែងហេតុ ។ ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ ពាក្យបណ្តឹង នៅប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យសមត្ថកិច្ច ជួយស្រាវជ្រាវរកមុខជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់ ប៉ុន្តែជនសង្ស័យ បានគេចខ្លួនបាត់ស្រមោលទៅហើយ ទម្រាំជនរងគ្រោះងើបពីសន្លប់ មកប្តឹងសមត្ថកិច្ច៕
Blogger Comment
Facebook Comment