កណ្តាលៈ ទូស្សេខ្សែភ្លើង ឆេះតាមបណ្តោយផ្លូវជាតិលេខ៤ ឆាបឆេះទាំងព្រឹក ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង និងនគរបាលចុះទៅជួយពន្លត់ទាន់ពេលវេលា ដោយប្រើរថយន្តពន្លត់ អគ្គិភ័យអស់ចំនួន ១គ្រឿង ទើបរលត់ទៅវិញ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៦និង៣០ នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងក្រសាំង ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ប្រជាពលរដ្ឋដែលរស់ នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានលាន់សូរផស់ចេញពីបង្គោលភ្លើងខាងលើ បន្តិចក្រោយមក ស្រាប់តែឃើញអណ្តាតភ្លើងឆាបឆេះ ចេញមកយ៉ាង សន្ធោរសន្ធៅតែម្តង ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលនៅជិតខាង ជាពិសេសនោះ អ្នក ដែលមានផ្ទះនៅជាប់នឹងបង្គោលភ្លើងកើតហេតុនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចភ្លើងឆេះរាលដាល ដល់ ប៉ុន្តែបន្តិចក្រោយមក នគរបាលមូលដ្ឋានបានចុះទៅដល់ជួយអន្តរាគមន៍ រហូតរលត់ទៅវិញទាំងស្រុង ដោយពុំមានការប៉េះពាល់ ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះទេ ។
នគរបាលបានឲ្យដឹងថា ការឆាបឆេះនេះ គឺដោយសារតែទុស្សេខ្សែភ្លើង ចេញពីបង្គោលភ្លើងកើតហេតុ នេះ បណ្តាលឲ្យខូចខាតខ្សែភ្លើងមួយចំនួនផងដែរ ប៉ុន្តែសំណាងល្អពុំរាលដាលដល់លំនៅដ្ឋាន ប្រជាពល រដ្ឋដែលនៅជាប់នោះទេ ហើយនគរបាលប្រើរថយន្តពន្លត់អគ្គិភ័យ អស់ចំនួនតែ ១គ្រឿងប៉ុណ្ណោះ ក៏រលត់ ទៅវិញជាស្ថានពរ ៕


Blogger Comment
Facebook Comment