នគរបាល ឃាត់ខ្លួន បុរសម្នាក់ ពីបទ ឆបោក

បាត់ដំបងៈ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឃាត់ខ្លួនបុរសម្នាក់ តាម ពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ១៨នាក់ កាលពីរសៀលថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០១៤ នៅចំណុច ភូមិ រំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ពីបទ ឆបោកប្រាក់ពួកគាត់ អស់រាប់ពាន់ដុល្លារ ដោយសន្យាថា រត់ ការទៅធ្វើការ នៅប្រទេសថៃ ប៉ុន្តែបុរសនោះបាននិយាយអះអាងថា ខ្លួនបាននាំពួកគេ ទៅធ្វើការដល់ថៃ ហើយតែពួកគាត់មិនពេញចិត្ត ខ្លួនបាននាំគ្នាត្រឡប់មកខ្មែរវិញ ដោយ ខ្លួនឯង ហើយចោទថា ខ្លួនឆបោក។

មន្ត្រីនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះព្រំ ឆៃឌី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិគំរូឃុំ-ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាបុគ្គលិកសហគ្រាសប៊ី អេស អ អូ បេស(B S R OBest) ។ ចំណែកអ្នករងគ្រោះមានចំនួន ១៨នាក់ ក្នុងនោះ មានបុរស៨នាក់ មកពី ស្រុកថ្មគោល និងបវេលមានអាយុចាប់ពី ២៥ ដល់ ៦៥ ឆ្នាំ ។
តាមសម្តីស្ត្រីម្នាក់ឈ្មោះ ផាន់ ជា អាយុ៦៥ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល បានបំភ្លឺប្រាប់ សមត្ថកិច្ចថា គាត់ជាអ្នកដំបូងគេ ដែលទៅធ្វើប៉ាស័្ពរនៅ ក្រុមហ៊ុនប៊ី អេស អ អូ បេស ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៣ ដើម្បីទិញត្រីងៀតពីស្រុកក្រគរ ខេត្តពោធិ៍សាត់ យកទៅលក់នៅប្រទេសថៃ ដោយគេយកតម្លៃ ក្នុងម្នាក់ ២២០ដុល្លារ ។ 

ក្រោយមកគាត់ក៏បាននាំកូនក្មួយ នៅក្នុងស្រុកថ្មគោល និងស្រុកបវេល ទៅធ្វើ ប៉ាស័្ពរនៅក្រុមហ៊ុននេះដដែល ដោយមានឈ្មោះព្រំ ឆៃឌី ជាអ្នករត់ការ ធ្វើប៉ាស្ព័រតាំងពីខែ១១ រហូតដល់ ខែឧសភានេះ មិនទាន់បានចេញទៅប្រទេសថៃទៀត ដោយម្នាក់ៗចាញ់បោកជននេះ អស់ជាង២០០ ដុល្លារ បើសរុបទាំងជិត ២០នាក់ មានទឹកប្រាក់រាប់ពាន់ដុល្លារ ។

ស្ត្រីរូបនេះ បានបញ្ជាក់ថា ឈ្មោះ ព្រំ ឆៃឌី បានប្រគល់ប័ណ្ណប៉ាតង់មួយសន្លឹក របស់សហគ្រាសប៊ី អេស អ អូ បេស(B S R OBest) ដែលស៊ីញ៉េដោយលោក វ៉ាន់ ពុទ្ធិពល ប្រធាននាយកដ្ឋាន គ្រប់គ្រងអ្នកជាប់ព័ន្ធ ធំ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២ មានទីស្នាក់ការផ្ទះលេខ២៣ បេ ផ្លូវលេខ៣៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំងអស់ បាននិយាយថា ពួកគាត់ភាគច្រើនជាបងប្អូន និងអ្នកស្គាល់គ្នា នៅក្នុងឃុំស្រុក ជាប់ គ្នាពួកគាត់ម្នាក់ៗចាញ់បោកពីឈ្មោះ ព្រំ ឆៃឌី អស់លុយជាង ២០០ដុល្លារ ហើយមិនទាន់ទទួលបាន ប៉ាស្ព័រ និងទៅធ្វើការនៅប្រទេសថៃទៀត ។
ចំណែកជនសង្ស័យបាននិយាយថា រូបគេពិតជាបានទទួលលុយ ពីពួកគាត់ក្នុងម្នាក់ៗជាង ២០០ដុល្លារ ដោយធ្វើប៉ាស័្ពរ ជូនគាត់អស់ហើយ និងបានបញ្ជូនពួក គាត់ទៅធ្វើការ នៅប្រទេសថៃម្តងហើយ ប៉ុន្តែ ដោយ មិនត្រូវតាមចំណង់ចំណូលចិត្តពួកគាត់ ក៏នាំគ្នាត្រឡប់មកស្រុកកំណើតវិញ ហើយប្តឹងសមត្ថកិច្ចថា ខ្លួន ឆបោកលុយពួកគាត់ទៅវិញ មានរឿងអីថា មិនបានទទួលប៉ាស័្ពរ បើមិនបានទទួលមែន ធ្វើម៉េចបានចេញ ប្រទេសថៃបាននោះ នេះជាការចោទប្រកាន់ គ្មានហេតុផលទេ ។

ប្រភពខ្លះបាននិយាយថា ក្រុមហ៊ុនខាងលើនេះ ត្រូវបានតុលាការរាជធានីភ្នំពេញ ចេញដីកាបិទទាំងស្រុង បានរយៈពេលជាង ៥ខែមកហើយ ដោយសារតែក្រុម ហ៊ុនមួយនេះ មិនគោរពតាមលក្ខន្តិកៈ ក្រុមហ៊ុនរបស់ ខ្លួន។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្ត លោកមៀន ឡាយ បានបញ្ជាក់ថា ចំពោះករណីនេះ លោកស្នងការ និងលោកព្រះរាជអាជ្ញា បានបញ្ជាឲ្យសមត្ថ កិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៥ ខែឧសភានេះ ដើម្បីចាត់ការតាមច្បាប់ ៕

Share on Google Plus
    Blogger Comment
    Facebook Comment